សមាជិកម្នាក់នៃក្រុមយុវជនខ្មែរថាវរៈ បានចាត់ទុកការឃាត់ខ្លួនសមាជិករបស់ខ្លួនថា ជាការបំភិតបំភ័យពលរដ្ឋ កុំឲ្យហ៊ានសួរនាំឬតវ៉ាទាមទារឲ្យអាជ្ញាធររកដំណោះស្រាយចំពោះវិបត្តិកូវីដ១៩ ទៅលើជីវភាពរស់នៅរបស់ពួកគេ។
លោក ហ៊ុន វណ្ណៈ សមាជិកនៃក្រុមយុវជនស្ម័គ្រចិត្តនេះ បានថ្លែងប្រាប់វីអូអេនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃច័ន្ទទី១១ខែឧសភានេះ យ៉ាងដូច្នេះថា៖
«រដ្ឋាភិបាលដូចជាមិនគាំទ្រឲ្យមានអ្នកណានិយាយពីរឿងហ្នឹង ឬក៏បង្ហាញគំរូឲ្យគេហ៊ាននិយាយ ហ៊ានតវ៉ាអារឿងវិបត្តិបង់លុយធនាគារហ្នឹងទេ»។
សមាជិក៦នាក់នៃក្រុមយុវជននេះរួមទាំងលោក ហ៊ុន វណ្ណៈ ដែលជាអតីតសកម្មជនម្នាក់នៃអង្គការមាតាធម្មជាតិ (Mother Nature, Cambodia) ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនមួយរយៈពេលខ្លីនិងក្រោយមកបានដោះលែងវិញ បន្ទាប់ពីពួកគេ រួមជាមួយព្រះសង្ឃខ្មែរចំនួន៥អង្គផង បាននាំគ្នាតវ៉ាតាមដងផ្លូវសាធារណៈនិងនៅមុខអគារធនាគារនិងមីក្រូហិរញ្ញវត្ថុមួយចំនួនក្នុងក្រុងបាត់ដំបងកាលពីថ្ងៃសៅរ៍ទី៨ ខែឧសភា។
ក្រុមយុវជននេះបានធ្វើការតវ៉ា ទាមទារដោយអហិង្សា សុំឲ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្អាកការបង់សងប្រាក់កម្ចីដល់ធនាគារឬមីក្រូហិរញ្ញវត្ថុក្នុងអំឡុងពេលមានវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ នេះបើយោងតាមអង្គការលីកាដូ ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សក្នុងស្រុក។
លោក ហ៊ុន វណ្ណៈ ប្រាប់វីអូអេថា៖
«ដូចដែលខ្ញុំគិត គឺទំនងភាគរយច្រើនណាស់ដែលរដ្ឋាភិបាលចង់បំភិតបំភ័យពលរដ្ឋទាំងអស់ដែលរងគ្រោះថា អត់អីហូបក៏អត់ទៅ ទ្រាំទៅ មិនបាច់ហ៊ានតវ៉ា មិនបាច់អីទេ»។
ប៉ុន្តែ អាជ្ញាធរបានអះអាងថា ក្រុមយុវជននេះបានធ្វើសកម្មភាពតវ៉ារបស់ពួកគេដោយគ្មានការអនុញ្ញាតជាមុន៕