តំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា អះអាងថា ពួកគេមិនអាចផ្តល់ទ្រព្យបញ្ចាំដីធ្លី ឬអចលនទ្រព្យទៅឲ្យប្រជាពលរដ្ឋដែលជាប់បំណុល និងកំពុងប្រឈមជីវភាព ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណានោះទេ។
នេះជាការឆ្លើយតបនឹងការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិលជាង១៣០ ដែលទាមទារឲ្យប្រគល់ទ្រព្យបញ្ចាំជាដីធ្លីរបស់អ្នកខ្ចីបា្រក់ទៅឲ្យប្រជាពលរដ្ឋដើម្បីពួកគេអាចយកទៅប្រកបរបរផ្សេងៗ ក្នុងពេលប្រឈមនឹងជំងឺកូវីដ១៩។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់សមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចេញផ្សាយកាលពីថ្ងៃអង្គារសមាគមទាំងពីរបានជំទាស់នឹងការស្នើឲ្យប្រគល់ជូនវិញនូវទ្រព្យបញ្ចាំដែលជាដីធ្លីផ្ទះសម្បែងរបស់កូនបំណុល។
សមាគមលើកឡើងថា ការចេញផ្សាយនូវរបាយការណ៍របស់អង្គការសង្គមស៊ីវិល អំពីផលប៉ះពាល់ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩មិនឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង និង«បណ្តាលឲ្យមានផលប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទាំងមូល»។
សមាគមបញ្ជាក់ថា៖ «អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតែអាចប្រើប្រាស់ដីធ្លីឬអចលនទ្រព្យ ដែលខ្លួនដាក់ធានា(ទ្រព្យបញ្ចាំ)បានជាធម្មតា។ វាពិតជាមិនត្រឹមត្រូវនោះទេ ដែលថា អតិថិជនត្រូវការប្លង់បញ្ចាំដើម្បីអាចឲ្យពួកគេប្រកបមុខរបររបស់ខ្លួននោះ។ ការនិយាយនេះជាការខុសឆ្គងនិងមានបំណងធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ និងយល់ខុសធ្ងន់ធ្ងរ»។
កាលពីថ្ងៃច័ន្ទ ក្រុមអង្គការសង្គមស៊ីវិលចំនួន១៣៤បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានរៀប រាប់ពីវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩។សេចក្តីថ្លែងការណ៍រួមគ្នានេះត្រូវបានផ្សព្វផ្សាយតាមគេហទំព័ររបស់អង្គការលីកាដូ។
ក្រុមអង្គការសង្គមស៊ីវិលដែលក្នុងនោះមានអង្គការសិទ្ធិមនុស្សជាច្រើន ដូចជាអង្គការលីកាដូ សមាគម និងសហគមន៍ដីធ្លីជាច្រើនទៀត បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនបារម្ភអំពីបញ្ហាអាហារបរិភោគ ឬលទ្ធភាពក្នុងការទទួលបានតម្រូវការចាំបាច់ជាមូលដ្ឋានពីមួយសប្តាហ៍ទៅមួយសប្តាហ៍ និងពីមួយខែទៅមួយខែ។ ពួកគេបន្តថា អ្នកទាំងនោះមិនគួរត្រូវបារម្ភអំពីការសងប្រាក់ប្រចាំខែទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេជាពិសេសក្នុងករណីដែលមិនបានសងប្រាក់អាចត្រូវប្រឈមនឹងការបាត់បង់ដីធ្លី។
ក្រុមអង្គការសង្គមស៊ីវិល ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការដែលអាចនឹងបើកផ្លូវឲ្យមានការផ្អាកការសងប្រាក់កម្ចី និងការប្រាក់ទាំងអស់យ៉ាងតិចណាស់ចំនួន៣ខែ។ពួកគេក៏បានជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុប្រគល់ឲ្យម្ចាស់ទ្រព្យវិញនូវបណ្ណកម្មសិទ្ធិដីធ្លីរាប់លានប្លង់ ដែលបច្ចុប្បន្នត្រូវបានដាក់ជាទ្រព្យធានាក្នុងកម្ចីខ្នាតតូច។
លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលគ្រាន់តែជាសំណូមពរប៉ុណ្ណោះ។
«ដូចខ្ញុំនិយាយអ៊ីចឹងថាអាហ្នឹងវាមិនមែនជាការចាប់បង្ខំទេ គ្រាន់តែជាសំណូមពរបន្ថែមទេ។ បើធ្វើបាន បាន! ធ្វើមិនបាន អាហ្នឹងជារឿងរបស់មីក្រូហិរញ្ញវត្ថុ និងរបស់រដ្ឋាភិបាលទេណ៎ា!វាគ្មានអ្នកណាទៅចាប់បង្ខំទេបាទ»។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថាប្រសិនបើប្រគល់ប្លង់ទៅឲ្យអតិថិជនវិញ នោះពួកគេអាចយកប្លង់ទៅរកកម្ចីឯកជនផ្សេងទៀតដែលលោកថាអត្រាការប្រាក់ខ្ពស់ ហើយមិនមានយន្តការការពារត្រឹមត្រូវ។
«យើងដឹងស្រាប់ហើយថាអ្នករកស៊ី ផ្តល់ប្រាក់កម្ចីវិស័យឯកជន ឬក៏អ្នកចងការតាមភូមិអីហ្នឹង អត្រាការប្រាក់គាត់ថ្លៃ ហើយគាត់មិនបានសិក្សាលម្អិតថា តើលុយកម្ចីដែលអតិថិជន លោកគាត់យកទៅប្រើប្រាស់ហ្នឹងក្នុងគោលដៅអី ហើយគាត់មិនមានច្បាប់ទម្លាប់ ហើយគាត់មិនមានrecord [កំណត់ត្រា] នៅក្នុងប្រព័ន្ធទិន្នន័យកម្ចីរបស់ស៊ីប៊ីស៊ី ឬក៏Credit Bureau Cambodia [ការិយាល័យឥណទានកម្ពុជា]ហ្នឹងទេអ៊ីចឹងវារឹតតែប្រឈមមុខ ហានិភ័យទៅដល់អតិថិជនហ្នឹងទាំងអស់ទៅទៀត»។
លោកបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ ប្រជាពលរដ្ឋខែ្មរជាង២,២លាននាក់បានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ ហើយប្រមាណ៤៥ភាគរយនៃអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុជាង២លាននាក់នោះគឺជាកម្ចីក្រុម ដែលលោកថា មិនមានការប្រើប្រាស់ប្លង់ផ្ទះដីធ្លីនោះទេ។
លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារកម្ពុជា ប្រាប់VOAនៅថ្ងៃពុធនេះថា ធនាគារមិនទាន់មានគោលការណ៍ដកទុកបណ្ណកម្មសិទិ្ធដីធ្លីរបស់អតិថិជនរូបណាដែលប្រឈមការលំបាកខ្លាំងផ្នែកហិរញ្ញវត្ថុនោះទេ តែលោកថាការប្រគល់ជូនទ្រព្យបញ្ចាំជាដីធ្លីទៅឲ្យអតិថិជនវិញនោះនឹងមិនអាចធ្វើទៅរួចទេ ដោយសារការដាក់បញ្ចាំទ្រព្យដីធ្លីនោះបានធ្វើឡើងទៅតាមគោលការណ៍ណែនាំដែលមានជាធរមាន។
«អ៊ីចឹងក្នុងករណីថា អ្នកមិនមានលទ្ធភាពដល់កម្រិតណាមួយត្រូវប្រគល់បណ្ណធនាគារតម្កល់កម្ចីប្រាក់ហ្នឹង គឺយើងមិនទាន់មានជាគោលការណ៍អីឲ្យយើងធ្វើការងារហ្នឹងទេ។ ហើយអ្វីដែលជាការតម្កល់ឯកសារកម្ចី ជាមួយនឹងការខ្ចីរបស់អតិថិជនហ្នឹង ក៏យើងធ្វើតាមត្រឹមត្រូវ តាមគោលការណ៍ណែនាំដែលមានស្រាប់ហ្នឹងដែរ»។
លោកបន្ថែមថាភាគីធនាគារនឹងធ្វើតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងការសម្រួលដល់អតិថិជន ដែលប្រឈមបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។
កាលពីសប្តាហ៍មុនធនាគារជាតិនៃកម្ពុជាបានស្នើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ លើកលែងការសងបំណុល ដែលប្រជាពលរដ្ឋជំពាក់រហូតដល់ចុងឆ្នាំ២០២០ ប្រសិនបើពួកគេពុំមានលទ្ធភាពបង់។ធនាគារជាតិស្នើសុំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងនោះ«សហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់»។
កម្មកររោងចក្ររាប់ម៉ឺននាក់ត្រូវបានព្យួរ និងបញ្ឈប់ពីការងារ ដោយសាររោងចក្របិទ និងកាត់បន្ថយផលិតកម្ម ដោយសារមិនមានការបញ្ជាទិញ។ ចំណែកពលករខ្មែរជិត ៩ម៉ឺននាក់ក៏បានវិលត្រឡប់ពីប្រទេសថៃ ហើយពួកគេភាគច្រើនក៏ជំពាក់បំណុលគេដែរ។
ក្រុមអង្គការសង្គមស៊ីវិលក៏បានលើកឡើងថាប្រជាពលរដ្ឋកំពុងរងគ្រោះពីកម្ចីឥណទានជាង១០ពាន់លានដុល្លាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន។ ពួកគេថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា ច្រើនជាង២លាន៥សែននាក់មានជាប់ជំពាក់កម្ចីខ្នាតតូចដែលមានអត្រាកម្ចីជាមធ្យម៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក៕