ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ម៉ិកស៊ិក​បាន​សម្លាប់​មនុស្ស​៥​នាក់


មនុស្ស​ម្នា​នាំ​គ្នា​មក​ឈរ​លើ​ដង​ផ្លូវ​បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​​ដី​​មួយ​ដែល​បាន​វាយ​ប្រហារ​ទីក្រុង​ Mexico City ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃទី​៧ ខែ​កញ្ញា។
មនុស្ស​ម្នា​នាំ​គ្នា​មក​ឈរ​លើ​ដង​ផ្លូវ​បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​​ដី​​មួយ​ដែល​បាន​វាយ​ប្រហារ​ទីក្រុង​ Mexico City ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃទី​៧ ខែ​កញ្ញា។

ប្រធានាធិបតី​នៃ​ប្រទេស​ម៉ិកស៊ិក​បាននិយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​រង្គើ​ផែនដី​ដែល​បាន​ធ្វើ​ឱ្យ​ផ្ទះ​រលំ​នៅ​ក្នុង​រដ្ឋ​ Chiapas ​នា​ផ្នែក​ខាង​ត្បូង​ប្រទេស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​និង​បាន​ធ្វើ​ឱ្យ​មនុស្ស៥​នាក់​ស្លាប់ ដែល​នេះ​ជា​ការ​រង្គើ​ផែន​ដី​ខ្លាំង​បំផុត​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ប្រទេស​នេះ​ក្នុង​រយៈ​ពេល​១០០ឆ្នាំ។​

លោក​បាន​ថ្លែង​ថា ​វា​ខ្លាំង​ជាង​ការ​រង្គើ​ផែន​ដី​មួយ​កាល​ពី​ឆ្នាំ​១៩៨៥​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់​បង់​ជីវិត។​

លោក ​Enrique Pena Nieto ​បាន​មាន​ប្រសាសន៍​ថា​ ការ​រញ្ជួ​ផែន​ដី​នេះ​មាន​កម្លាំង​៨,២​រិចទ័រ​ ដោយ​ខ្ពស់​បន្តិច​ជាង​កម្លាំង​៨,១​ដែល​បាន​ត្រូវ​កំណត់​ដោយ​មន្ទីរ ភូគម្ភសាស្ត្រ​ស.រ.អា. ​(U.S. Geological Survey)។​

លោក​ប្រធានាធិបតី​នៃប្រទេស​ម៉ិកស៊ិក ​បាន​និយាយ​ថា «វា​ជា​ការ​រង្គើ​ផែនដី​ខ្លាំង​មួយ។ ​វា​មាន​កម្លាំង​ខ្លាំង​ជាង​ការ​រង្គើ​ផែន​ដី​មួយ​ដែល​ប្រជារាស្ត្រ​ម៉ិកស៊ិក​ បាន​ជួប​ប្រទះ​កាល​ពី​ឆ្នាំ​១៩៨៥។"

បើ​តាម​មជ្ឈមណ្ឌល​ដែល​ប្រាប់​ឲ្យ​ដឹងអំពី​មហា​រលក​ស៊ូណាមី​ ក្នុង​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក​ បាន​ឲ្យ​ដឹង​ថា​ ការ​រង្គើ​ផែន​ដី​នេះ​បាន​បណ្តាល​ឱ្យ​មានរលក​ស៊ូណាមី​ មួយ​មាន​រលក​សមុទ្រ​កម្ពស់​១ម៉ែត្រ។ ​គ្មាន​ការ​អះ​អាង​ជា​បន្ទាន់​អំពី​ការ​ខូច​ខាត​បណ្តាល​មក​ពី​រលក់​យក្ស​នេះ​ទេ។

លោក​ Rodrigo Soberanes ដែល​រស់​នៅ​ជិត​តំបន់​ San Cristobal de las Casas ក្នុង​រដ្ឋ​ Chiapas​ បាន​និយាយ​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន ​Associated Press ថា​ផ្ទះ​លោក​រង្គើ​ដូច​ស្ករ​កៅស៊ូ។

លោក ​Manuel Velasco ​អភិបាល​រដ្ឋ​ Chiapas ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​តាម​ទូរទស្សន៍​ថា​ «ផ្ទះ​ សាលា​រៀន​និង​មន្ទីរ​ពេទ្យ​មាន​ផល​ប៉ះ​ពាល់​«ដោយសារ​ការ​រង្គើ​ផែន​ដី​នេះ។​

ពួក​អ្នក​ស្រុក​ក្នុង​ក្រុង​ Mexico City និង​ក្រុង​ Guatemala City ​បាន​ដឹង​អំពី​ការ​រង្គើ​ផែន​ដី​នេះ។ ក្រុម​ប្រជារាស្ត្រ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ម៉ិកស៊ិក ​បាន​រត់​ចេញ​ពីផ្ទះ​ទៅ​កាន់​ថ្នល់ ​ហើយ​ជា​ច្រើន​នាក់​ឋិត​ក្នុង​សម្លៀក​បំពាក់​រាត្រី​ ដោយ​ភ័យ​ខ្លាច​ថា​អាគារ​រលំ៕

XS
SM
MD
LG