ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ជួយ​សង្គ្រោះ​ខិតខំ​ផ្តល់​ទីកន្លែង​ស្នាក់​នៅ​ដល់​មនុស្ស​ដែល​ផ្ទះសម្បែង​របស់​ខ្លួន​លិច​ទឹក​ដោយ​សារ​ទឹកជំនន់​នៅ​រដ្ឋ​តិចសាស


ស្ត្រី​ម្នាក់​អង្គុយ​នៅ​លើ​ទូក​មួយ​ដែល​អណ្តែត​ក្បែរ​ផ្ទះ​មិត្តភក្តិ​របស់​គាត់ បន្ទាប់​ពី​មាន​ព្យុះ Harvey ក្នុង​ក្រុង Orange រដ្ឋ Texas កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។
ស្ត្រី​ម្នាក់​អង្គុយ​នៅ​លើ​ទូក​មួយ​ដែល​អណ្តែត​ក្បែរ​ផ្ទះ​មិត្តភក្តិ​របស់​គាត់ បន្ទាប់​ពី​មាន​ព្យុះ Harvey ក្នុង​ក្រុង Orange រដ្ឋ Texas កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។

ទីភ្នាក់​ងារជួយ​សង្គ្រោះ​នៅ​ក្នុង​ទីក្រុង Houston កំពុង​ខិត​ខំ​ស្វែងរក​តង់​ស្នាក់​នៅ​សម្រាប់​ពលរដ្ឋ​តិចសាស​រាប់​ម៉ឺននាក់​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​បន្ទាប់​ពី​ព្យុះ​សង្ឃរា ​Harvey ​និង​បន្ទាប់​ពីការ​ធ្លាក់​ភ្លៀង​យ៉ាង​ច្រើន​​ដែល​មិន​ធ្លាប់​កាលពី​ពេល​មុន។ មនុស្ស​ប្រហែល​៣ម៉ឺន​នាក់​បាន​រស់​នៅ​​ក្នុងទី​ជម្រក​បណ្តោះ​អាសន្ន​រហូត​មក​ទល់​ពេល​នេះ ​ក៏ប៉ុន្តែ​ គេ​ត្រូវការ​តង់​ស្នាក់​នៅថែម​ទៀត ​នៅ​ពេល​ដែល​ភ្លៀង​បន្ត​ធ្លាក់។ ពួក​មន្ត្រី​និយាយ​ថា ដំណើរ​ការ​ស្តារ​ឡើង​វិញ​នឹង​មាន​រយៈ​ពេល​យូរ​ និង​ចំណាយ​លុយ​ថ្លៃ​បំផុត។

ពួក​អ្នក​ស្រុក​ខ្លះសង្ឃឹម​ថា​ អាច​ទ្រាំទ្រ​នឹង​ព្យុះ​សង្ឃរា​ Harvey ​នៅពេល​ដែលព្យុះ​នេះ​បាន​បោក​បក់​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​រដ្ឋ​តិចសាស​កាលពី​យប់​ថ្ងៃ​សុក្រ។ ​ក៏ប៉ុន្តែ ​បន្ទាប់​ពីធ្លាក់​ភ្លៀង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ​ពួកគេត្រូវ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​ស្វែង​រក​ម្ហូបអាហារ។ អ្នក​ក្រុង Houston ម្នាក់​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដែល​នឹកស្រមៃ​ថា វា​នឹង​ក្លាយ​ជា​មហន្តរាយ​បែបនេះ​ទេ។ នេះ​ជា​ការ​រន្ធត់​បំផុត‍»។

មនុស្ស​៣ពាន់​៥រយនាក់​បាន​ត្រូវ​គេ​ជួយ​សង្គ្រោះ​ពី​ទឹក​ជំនន់​ដែល​កំពុង​ឡើង។ប៉ូលិស ​អ្នក​ពន្លត់​អគ្គិភ័យ​ និង​ឆ្មាំ​ការពារ​ជាតិ​កាលពី​ថ្ងៃ​អង្គារ​បាន​បន្ត​ព្យាយាម​ស្វែងរក​មនុស្ស​ដែល​នៅ​ជាប់​ក្នុងគ្រោះ​ទឹកជំនន់។ ពលរដ្ឋ​កំពុង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក Billy Goffney ជា​អ្នកក្រុង Houston និយាយ​ថា៖ «លោក​ អ្នក​មិន​អាច​នឹក​ថា ​មាន​មហន្តរាយ​ច្រើន​អញ្ចឹង​ទេ។ លោក​ អ្នក ​ដឹងថា ពិបាកបំផុត។ លោក អ្នក​ដឹង​ទេ​ថា ​វាធ្វើ​ឲ្យ​មាន​ការ​ពិបាក​ចិត្ត​បំផុត។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​សម្រាប់​អ្នក​ជិត​ខាង​របស់​ខ្ញុំ? ​អ្វីៗ​បាន​រលាយ​បាត់​អស់។ លោក​ អ្នក​ដឹងទេ​ថា ​យើង​ត្រូវតែ​ជួយ​អ្នក​ជិត​ខាង»។

ចាប់តាំង​ពី​ថ្ងៃ​សុក្រ​មក ​ព្យុះ​សង្ឃរា​បានបោកបក់​នៅ​លើ​ដី​គោក ​ធ្វើ​ឲ្យ​លិច​លង់​ តំបន់​ដ៏​ធំ​ល្វីងល្វើយ​ដោយ​មានការ​ធ្លាក់​ភ្លៀង​ពី​កម្ពស់​៤០​ទៅ​៨០​សង់ទីម៉ែត្រ។​នៅពេល​ដែល​អ្នក​រួច​ជីវិតត្រូវ​ការការ​ជួយ​សង្គ្រោះ នៅ​មាន​មនុស្ស​ផ្សេង​ទៀត​កំពុង​រង់ចាំ​ការ​ជួយ​សង្គ្រោះ​ជីវិត​នៅ​ឡើយ។

ឆ្មាំ​ការពារ​ជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​មាន​ឧទ្ធម្ភាគចក្រចំនួន​៣០​គ្រឿង​ដើម្បី​ជួយ​កិច្ច​ខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នេះ ក៏ប៉ុន្តែ ​ឆ្មាំ​ការពារជាតិ​រហូត​ដល់​១០០នាក់​ប្រហែល​ត្រូវ​ដាក់​ពង្រាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​សម្រាប់​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ចីរភាព។ រហូត​មក​ទល់​ពេល​នេះ ​អ្នកនាំ​ពាក្យ​សម្រាប់​អង្គភាព​កិច្ចប្រតិបត្តិការ​ក្នុង​តំបន់ បាន​និយាយថា ​ឆ្មាំការពាររហូត​ដល់​៣ម៉ឺននាក់​និង​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក អាច​ត្រូវ​កោះ​ហៅ​ឲ្យ​ជួយ​នៅ​ក្នុងការ​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​នេះ។ លោក​ឧត្តម​សេនីយ៍​ទោ James C. Witham នៃ​ការិយាល័យ​ឆ្មាំការពារ​ជាតិ​បាន​និយាយ​ថា៖ «សម្ភារៈ​យោធា​ដែល​អាច​ជួយ​អាជ្ញាធរ​ស៊ីវិល​របស់​យើងក្នុងការ​ឆ្លើយតប​និង​ស្តារ​ការខូចខាត​ពី​ព្យុះ​សង្ឃរា ​Harvey​ បាន​ប្រុង ប្រៀប​រៀប​ចំ​ហើយ‍»។

​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយ​កំពុង​ផ្តល់​ម្ហូបអាហារ សម្លៀក​បំពាក់​និង​របស់​របរ​សំខាន់ៗ​ដល់​អ្នក​ដែល​ត្រូវ​បាន​សង្គ្រោះពី​ផ្ទះរបស់​ពួកគេ​ដែល​លិច​ទឹក។

ការផ្តល់​ជំនួយ​កំពុង​ចាប់​ផ្តើម​មកពី​ទូទាំង​ប្រទេស​ និងមកពី​បរទេស។ ក្រុម​កីឡា Major League Baseball ​របស់​ក្រុង Houston និយាយ​ថា ខ្លួន​នឹង​បរិច្ចាគ​ប្រាក់​៤​លាន​ដុល្លារ។

កីឡាBaseballដែល​មាន​គម្រោង​លេង​នៅ​ក្រុង Houston នឹង​ត្រូវ​រើ​ទៅ​លេង​នៅ​ពហុកីឡាដ្ឋាន​នៅក្នុង​ទីក្រុង​ផ្សេងៗ​ទៀត។ លោកGeorge Springerជា​កីឡាករ​ក្រុម Astrosនិយាយ​ថា ក្រុម​កីឡានេះ​កំពុង​ប្រកាន់​ជំហរ​រឹងមាំ។ លោកGeorge Springerកីឡាករ Baseball ​របស់​ក្រុម Houston Astrosនិយាយ​ថា៖ «លោក អ្នក​ដឹង​ទេ​ថា ​វា​ជា​ការពិបាក​មួយ។ ទីនេះ​ជាផ្ទះ​របស់​យើង។ កីឡាករ​របស់​យើង​មាន​ក្រុម​គ្រួសារ​នៅ​ទីនេះ​ដែរ។ ពួកគេ​មាន​ផ្ទះ ហើយបញ្ហា​ទាំងអស់​នេះ​បាន​ប៉ះពាល់​ពួកគេ ក៏ប៉ុន្តែ យើង​ក៏​យល់ដែរ​ថា វា​ជា​កាតព្វកិច្ច​របស់​យើង​ទៅ​ប្រកួតហើយ​ខំ​ឲ្យ​អស់​ពី​សមត្ថភាព‍»។

ឥស្សរជន​ល្បីៗ​មួយ​ចំនួន​ក៏បាន​សន្យា​ផ្តល់​អំណោយ​ដល់​មូលនិធិ​ជួយ​សង្គ្រោះ​ដែរ។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា ការ​ស្តារ​ឡើងវិញ​ពី​ព្យុះ​សង្ឃរា Harvey ​នឹង​ចំណាយ​ពេល​យូរ​ និង​ចុះ​សោហ៊ុយ​ជាង​ការ​ស្តារ​ពី​ព្យុះ​សង្ឃរា​មុនៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG