ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​កំពូល​មេគង្គ​ផ្តោត​លើ​«ភាព​អាសន្ន»​នៃ​វិបត្តិ​អាកាសធាតុ និង​សេដ្ឋកិច្ច ក្រោយ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គមើលពីលើអាកាស មើលពីស្រុកប៉ាកជុម ខេត្តឡូអ៊ី ប្រទេសថៃ ដែលកំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ។
រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គមើលពីលើអាកាស មើលពីស្រុកប៉ាកជុម ខេត្តឡូអ៊ី ប្រទេសថៃ ដែលកំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ។

ផែនការ​សំខាន់ៗនៃ​បណ្ដា​ប្រទេស​មេគង្គ​ដើម្បី​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ១៩ និងការ​ត​ភ្ជាប់​សេដ្ឋ​កិច្ច​ឈាន​ឆ្ពោះទៅ​ឆ្នាំ​២០៣០ ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជាមួយ​នឹង​ការ​ព្រមាន​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពី​«ភាពអាសន្ន​នៃ​អាកាស​ធាតុ»​ទៅ​ថ្ងៃ​អនាគត។​

ជំនួប​កំពូល​នៃ​បណ្ដា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ដែល​មានការ​ជ្រោម​ជ្រែង​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (Asia Development Bank) ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ចិន ឡាវ វៀតណាម ថៃ និង​ប្រមុខរបប​សឹក​ភូមា។

ឯកសារ​ពីរ​ដែល​ត្រូវ​បាន​អនុម័ត​នោះ​រួម​មាន«ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​មហា​អនុ​តំបន់មេគង្គ​ឆ្នាំ​២០៣០» និង​«ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ​១៩​និង​ផែនការ​ស្ដារ​ឡើង​វិញ​ឆ្នាំ​២០២១-២០២៣»។​

ក្នុង​ជំនួប​កំពូល​ដែល​ប្រព្រឹត្ត​ឡើង​រៀង​រាល់​បី​ឆ្នាំ​ម្ដង​នេះ លោក ហ៊ុន សែន ដែល​ជា​ប្រធានអង្គប្រជុំ​អនឡាញ​បាន​លើក​ឡើង​ថា៖​ «លើស​ពី​នេះ ខណៈ​ពេល​ដែល​ក្របខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​នៃ​មហា​អនុ​តំបន់​មេគង្គ​ឆ្នាំ​២០៣០ បាន​គូស​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ហើយ​ក្ដី ឥឡូវ​នេះ​នៅ​មាន​និន្នាការ​រយៈពេល​វែង​និង​ទូលាយ​ជាងនេះ ជាក់ស្តែង​កំពុង​ស្ដែង​ឡើង​ដែលនឹង​គំរាម​កំហែង​ដល់​ពិភពលោក​ទាំង​មូល។ យើង​កំពុង​ត្រូវ​បាន​ព្រមាន​អំពី​«ភាព​អាសន្ន​នៃ​អាកាស​ធាតុ»​ដោយ​យើង​កំពុង​ទទួល​រង​ផល​ប៉ះពាល់ជាក់ស្ដែង​ពីគ្រោះ​មហន្តរាយ​ធម្មជាតិ​ផង​ដែរ»។

លោក ហ៊ុន សែន ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់មេគង្គ (GMS) លើកទី៧​ តាម​អនឡាញ​កាល​ពី​ ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២១ ពី​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ចិន ឡាវ វៀតណាម ថៃ និង​ប្រមុខរបប​សឹក​ភូមា។ (ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)
លោក ហ៊ុន សែន ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់មេគង្គ (GMS) លើកទី៧​ តាម​អនឡាញ​កាល​ពី​ ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២១ ពី​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ចិន ឡាវ វៀតណាម ថៃ និង​ប្រមុខរបប​សឹក​ភូមា។ (ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)

តំបន់​អាង​ទន្លេមេគង្គ​បាន​ស្គាល់​នូវ​ការ​កើតឡើង​ជា​ញឹកញយ​នៃ​បាតុភូត​កម្រិតទឹក​ទាប​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​អំឡុ​ង​រដូវ​វស្សា ដែល​ក្រុម​អ្នក​ការពារ​បរិស្ថានបាន​លើក​ឡើង​ថា​បណ្ដាល​ម​ក​ពីគ្រោះ​រាំង​ស្ងួត និង​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​កាត់​ផ្ទៃ​ទន្លេ។

កាល​ពី​ខែមិថុនា គណៈកម្មការ​ទន្លេមេគង្គ MRC (Mekong River Commission) ដែល​មាន​ប្រទេស​៤​ជា​សមាជិក រួម​មាន​ថៃ ឡាវ កម្ពុជា និង​វៀតណាម បាន​ព្រមាន​អំពី​កង្វះ​ការ​ចែកចាយ​ព័ត៌មានទិន្នន័យ​ជលសាស្ត្រ​ទូលំ​ទូលាយរវាង​បណ្ដា​ប្រទេស​ក្នុង​អាង​ទន្លេមេគង្គ ហើយ​បាន​ស្នើ​ឱ្យ​មានការ​គ្រប់គ្រង​ប្រសើរ​ជាង​នេះ​នូវ​ធនធាន​ទឹក​ឆ្លង​ព្រំដែន។

យ៉ាងណាក៏​ដោយ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ជំនួប​កំពូល​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ដែល​ផ្ដោតលើ​ការ​តភ្ជាប់​ក្នុង​តំបន់ ការ​កសាង​សហគមន៍ និងការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​នោះ គេមិន​បាន​ឃើញ​មាន​ការ​ជជែក​ចំៗ​ឡើយ​អំពី​បញ្ហា​គ្រោះ​អាសន្ន​នៃ​កម្រិត​ទឹក​ទាប​នៅ​ទន្លេ​មេគង្គ និង​ក៏​ដូច​ជា​អស្ថិរភាព​ក្នុង​ប្រទេស​សមាជិក​ដូចជា​មីយ៉ាន់ម៉ា​ជាដើម ដែល​កំពុង​រង​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​យោធា​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ។

លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh បាន​ស្នើ​ឱ្យ​ពិ​ចារណា​លើ​ការ​ធ្វើ​អន្តរ​កាល​ឈាន​ទៅ​ប្រើប្រាស់​ថាមពល​មាន​ចំហាយ​កាបូន​ទាប និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធធ្វើ​ការ​ដោះដូរ​បញ្ជូន​ថាម​ពល​អគ្គិសនី​ឱ្យ​កាន់​តែ​ខ្វែង​ខ្វាត់។

ប្រមុខ​រដ្ឋាភិបាល​វៀតណាម​ដែល​ទើប​ចូល​កាន់​តំណែង​រូប​នេះ ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​អភិវឌ្ឍសេដ្ឋកិច្ច​បៃតង ប្រកប​ដោយ​សុវត្ថិភាព និង​ចីរភាព ដែល​ផ្ដោត​ជា​សំខាន់​លើ​ការ​ទប់ទល់​ដោះ​ស្រាយ​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ​អម​នឹង​ការ​កសាងអភិវឌ្ឍ​សេដ្ឋកិច្ច​ផង​ដែរ។

ដី​សណ្ដ​ទន្លេមេគង្គ ដែល​ជា​មណ្ឌលសេដ្ឋកិច្ច កសិកម្ម និង​ពាណិជ្ជកម្ម ដ៏​សំខាន់​នៅ​ភាគ​ខាង​ត្បូងវៀតណាម បន្តិច​ម្ដងៗ កំពុង​ក្លាយ​ជា​ចំណុច​ងាយ​រងគ្រោះ​ពី​បម្រែ​បម្រួល​អាកាស​ធាតុ និង​ទន្ទ្រាន​ពី​ទឹក​ប្រៃ​បណ្ដាល​ពី​ការ​ហូរ​ធ្លាក់​ខ្សោយ​ពី​ទន្លេមេគង្គ​ផ្នែក​ខាងលើ។ នេះ​បើ​យោង​តាម​ផ្សាយ​ស្រប​គ្នា​នា​ពេលថ្មីៗ​នេះ ពី​សំណាក់​រដ្ឋការ​វៀតណាម និង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នានា។

កិច្ចសហប្រតិបត្តិ​ការ​មហា​អនុ​តំបន់​មេគង្គ GMS (Greater Mekong Subregion) ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៩២ ជា​ក្រប​ខណ្ឌអន្តរជាតិមួយ​ក្នុង​ចំណោម​ក្របខណ្ឌ​អន្តរ​ជាតិ​ផ្សេង​ទៀត ដែល​បណ្ដា​ប្រទេស​មេគង្គកំពុង​ធ្វើ​ជាមួយ​ដៃគូ​ធំៗ។

រដ្ឋាភិបាល​កម្ពុជា​បាន​ឱ្យ​ដឹង​ថា តាំង​ពី​ពេល​បង្កើត​មក GMS ​បាន​ជួយកៀរគរ​ជំនួយបាន​២៧,៧​ប៊ីលាន​(ពាន់លាន)ដុល្លារ លើ​គម្រោង​ចំនួន​១០៩ និង​ជំនួយ​បច្ចេកទេស​ចំនួន ២៣០គម្រោង៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG