សមាជិកព្រឹទ្ធសភានាំមុខគេម្នាក់របស់អាមេរិកបានប្រាប់ដល់បណ្តាប្រមុខរដ្ឋនៃតំបន់ បាល់ទិក ថា ពួកគេអាចពឹងផ្អែកលើការបន្តគាំទ្ររបស់អាមេរិកពីរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ បាន ក្នុងករណីដែលរុស្ស៊ីបញ្ចេញសកម្មភាពគឃ្លើនណាមួយ។
លោកសមាជិកព្រឹទ្ធសភាលោក John McCain ដែលជាសមាជិកគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតីជាប់ឆ្នោត ត្រាំ ដែរនោះ បានថ្លែងកាលពីថ្ងៃអង្គារក្នុងរដ្ឋធានីតាលិននៃប្រទេសអេស្តូនី ថា លោកមិនគិតថា នឹងមានការបន្ធូរបន្ថយទណ្ឌកម្មដែលបានដាក់លើប្រទេសរុស្ស៊ី ក្រោយពីរុស្ស៊ីបានយកតំបន់ Crimea ជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤នោះទេ។
សមាជិកព្រឹទ្ធសភារដ្ឋ Arizona រូបនេះ ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសទាំង៣ក្នុងតំបន់បាល់ទិក ក្នុងសប្តាហ៍នេះ ជាមួយនឹងសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ លោកស្រី Lindsey Graham បាននិយាយថា៖ «ខ្ញុំគិតថា វត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអេស្តូនីនេះ គឺជាសញ្ញាបង្ហាញថា យើងជឿទៅលើអ្វីដែលលោកអតីតប្រធានាធិបតីអាមេរិក Ronald Reagan ជឿ នោះគឺជាសន្តិភាពតាមរយៈភាពរឹងមាំ»។
លោកបានបន្ថែមទៀតថា៖ «មធ្យោបាយល្អបំផុតក្នុងការទប់ស្កាត់អាកប្បកិរិយាមិនល្អរបស់រុស្ស៊ីគឺត្រូវមានយោធាដ៏ល្អនិងរឹងមាំមួយ ហើយការមានសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អូតង់ដូចជាប្រទេសអេស្តូនីគឺជាផ្នែកមួយដ៏សំខាន់»។
អង្គការអូតង់បានប្រកាសអំពីផែនការរបស់ខ្លួនក្នុងឆ្នាំនេះ ក្នុងការពង្រាយកងកម្លាំង៤.០០០ពាន់នាក់ក្នុងតំបន់បាល់ទិក និងអឺរ៉ុបខាងកើត៕