នៅថ្ងៃអង្គារនេះ ក្រសួងការពារប្រទេសរុស្សីបាននិយាយថាពួកអ្នករាវរកបានរកឃើញប្រដាប់ថតទិន្នន័យនៃការហោះហើរពីយន្តហោះយោធាមួយគ្រឿងដែលបានធ្លាក់កាលពីសប្តាហ៍មុននៅក្នុងសមុទ្រខ្មៅ។
ទីភ្នាក់ងារព័ត៌មានរុស្សីបាននិយាយថាប្រដាប់ថតទិន្នន័យនេះនឹងត្រូវបញ្ជូនទៅកាន់ក្រុងម៉ូស្គូដើម្បីវិភាគ នៅពេលដែលពួកអ្នកស៊ើបអង្កេតខិតខំព្យយាមរកឱ្យឃើញអ្វីដែលបានបណ្តាលឱ្យយន្តហោះនេះធ្លាក់។
ក្រុមមន្រ្តីបាននិយាយថាគេមិនបានបដិសេធថាភេរវកម្មថាជាបុព្វហេតុនៃការធ្លាក់យន្តហោះនេះកាលពីថ្ងៃអាទិត្យទេ ក៏ប៉ុន្តែថាវាមិនជាទំនងទេ។
មនុស្សទាំងអស់៩២នាក់ដែលបានជិះក្នុងយន្តហោះនេះបានស្លាប់ទាំងអស់គ្នា។
ក្រសួងការពារប្រទេសបាននិយាយថារហូតដល់ព្រឹកថ្ងៃអង្គារពួកអ្នករាវរកបានរកឃើញសាកសពមនុស្ស១២នាក់និងផ្នែកច្រើនទៀតនៃសាកសពមនុស្ស។
កាលពីថ្ងៃចន្ទ ក្រសួងទទួលបន្ទុកស្ថានការណ៍អាសន្នបានរាយការណ៍ថានាវា៤៥គ្រឿងនិងអ្នកមុជទឹក១៣៥នាក់មកពីទូទាំងប្រទេសរុស្សីបានរកឃើញបំណែកនៃយន្តហោះប្រតិកម្មនេះនៅចម្ងាយប្រមាណ១.៥គ.ម.ពីឆ្នេរសមុទ្រនិងក្នុងសមុទ្រជម្រៅ២៥ម៉ែត្រ។
របាយការណ៍នៃបណ្តាញផ្សាយព័ត៌មានរុស្សីបាននិយាយស្មានៗអំពីបុព្វហេតុនៃគ្រោះថ្នាក់នេះដូចជាបញ្ហាបច្ចេកទេស កំហុសរបស់មនុស្សឬថាយន្តហោះនេះផ្ទុកហួសកម្រិត៕