ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី ចិន ​ប៉ាគីស្ថាន​នឹង​ជួប​​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការគំរាម​កំហែង​ពី​ក្រុម​រដ្ឋឥស្លាម​នៅ​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ ប៉ូលិស​អាហ្វហ្គានីស្ថាន​ដើរ​កាត់​ទង់​ជាតិ​របស់​ពួក​ទាហាន​រដ្ឋ​ឥស្លាម​នៅ​ស្រុក Kot ខេត្ត Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន។
រូបឯកសារ៖ ប៉ូលិស​អាហ្វហ្គានីស្ថាន​ដើរ​កាត់​ទង់​ជាតិ​របស់​ពួក​ទាហាន​រដ្ឋ​ឥស្លាម​នៅ​ស្រុក Kot ខេត្ត Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន។

មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន ​ប៉ាគីស្ថាន​ និង​រុស្ស៊ី ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​មូស្គូ នៅ​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​ពិនិត្យ​វាយ​តម្លៃ​លើ​អ្វី​ដែល​ពួកគេ​យល់​ថា ​ជា​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ទៅ​លើ​ព្រំដែន​របស់​ខ្លួន​ពី​សំណាក់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

ក្រុម​មន្ត្រី​ប្រទេស​ទាំង​៣បាន​ឲ្យ​ដឹង​ថា ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ចាត់​វិធានការ​រួម​ដោយសារ​តែ​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ក្រុម​ភេរវករ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​ពួកគេ​អាច​នឹង​រួម​បញ្ចូល​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​កិច្ចប្រជុំ​នា​ពេល​អនាគត។

ប្រទេស​ចិន​ និង​ប៉ាគីស្ថាន​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​ផ្ទាល់ ខណៈ​ដែល​រុស្ស៊ី​បារម្ភ​ថា ​ក្រុម​ជ្រុលនិយម​អាច​នឹង​ពង្រីក​ព្រំដែន​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​កណ្តាល ដូចជា​ប្រទេស​តាហ្ស៊ីគីស្ថាន​ និង​ប្រទេស អ៊ូសបេគីស្ថាន​ ជា​ដើម។​

លោក​ប្រធានាធិបតី ​Ashraf Ghani​ នៃ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នឹង​មិន​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​នោះ​ទេ ហើយ​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​តែ​ចោទ​ជា​សំណួរ​ទៅ​លើ​គោល​បំណង​នៃ​កិច្ចប្រជុំ​នេះ។ ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​និង​សហរដ្ឋ​អាមេរិក ដែល​គាំទ្រ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​តាលីបង់ ក៏​ជំទាស់​ទៅ​នឹង​ការទាក់ទង​ដោយ​បើក​ចំហរ​រវាង​ប្រទេស​ទាំង​៣​ជាមួយ​នឹង​ក្រុម​នេះ ដែល​ស្វះ​ស្វែង​ចង់​ទម្លាក់​រដ្ឋាភិបាល​លោក​ Karzai ផង​ដែរ។

ប្រទេស​រុស្ស៊ី​ និង​ប៉ាគីស្ថាន​និយាយ​ថា ​ពួកគេ​គ្រាន់​តែ​ចង់​សម្រប​សម្រួល​ដល់​កិច្ចប្រជុំ​សន្តិភាព​រវាង​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ និង​ក្រុម​តាលីបង់​តែ​ប៉ុណ្ណោះ ហើយ​ប្រតិបត្តិការ​យោធា​របស់​អាហ្វហ្គានីស្ថាន​គឺ​បាន​ត្រឹមតែ​បង្កើត​តំបន់​ដែល​គ្មាន​ការ​គ្រប់គ្រង ដែល​ក្រុម​ភេរវកម្ម​ដូចជា​ក្រុមរដ្ឋឥស្លាម ​អាច​បង្កើត​ជំហរ​មួយ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ឧត្ដមសេនីយ៍​អាមេរិក ​លោក John Nicholson ​មេបញ្ជាការ​កងកម្លាំង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា ការទាក់ទង​ដោយ​បើក​ចំហរ​នេះ​គឺ​គ្រាន់​តែ​បង្ហាញ​ពី​ការ​មិន​ឲ្យ​តម្លៃ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​និង​ជួយ​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG