ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កម្មវិធី​ឯកជនភាវូបនីយកម្ម​ទៅលើ​ប្រព័ន្ធ​ផ្គត់ផ្គង់ទឹក​យ៉ាង​ធំធេង​នឹង​ត្រូវ​បញ្ចប់​នៅ​ទីក្រុង​ហ្សាការតា ​បន្ទាប់​ពី​១៨ឆ្នាំ


រូបឯកសារ៖ អ្នក​លក់​​ទឹក​ម្នាក់​កំពុង​កាន់​ទឹក​សុទ្ធ​នៅ​ពេល​នាង​ដើរ​នៅ​ជិត​​ក្រុម​មនុស្ស​ប្រមូល​ផ្តុំ​ដើម្បី​ប្រារព​ទិវា​«១ឧសភា» នៅ​មុខ​លំនៅដ្ឋាន​របស់​ប្រធានាធិបតី​ ក្នុង​ទីក្រុង​​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។
រូបឯកសារ៖ អ្នក​លក់​​ទឹក​ម្នាក់​កំពុង​កាន់​ទឹក​សុទ្ធ​នៅ​ពេល​នាង​ដើរ​នៅ​ជិត​​ក្រុម​មនុស្ស​ប្រមូល​ផ្តុំ​ដើម្បី​ប្រារព​ទិវា​«១ឧសភា» នៅ​មុខ​លំនៅដ្ឋាន​របស់​ប្រធានាធិបតី​ ក្នុង​ទីក្រុង​​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។

កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ​ តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចេញ​សេចក្តី​សម្រេច​ បញ្ជា​ឲ្យ​រដ្ឋា​ភិបាល​ក្រុង​ហ្សាការតា​បញ្ចប់​គម្រោង​ឯកជនភាវូ​បនីយកម្ម​ទៅ​លើ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក​ ហើយ​រដ្ឋា​ភិបាល​ក្រុង​ហ្សាការតា​នេះ​ កំពុង​ព្យាយាម​គ្រប់​គ្រង​ទៅ​លើ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​របស់​ខ្លួន​ឡើង​វិញ។

កាល​ពី​ពាក់​កណ្តាល​ខែតុលា​កន្លង​ទៅនេះ​ តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​សម្រេច​ថា​ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​របស់​ឯកជន​ចំនួន​២ មិន​បាន​ផ្គត់​ផ្គង់​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​ប្រជាជន​នៅ​ក្នុង​ទី​ក្រុង​ហ្សាការតា​ ដែល​ជា​ទី​ក្រុង​ធំ​ជាង​គេ​ទី២​នៅលើ​ពិភព​លោក​នោះ​ឡើយ។

ការ​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​តាំង​ពី​២០​ឆ្នាំមុន​ នៅ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ​របប​ផ្តាច់​ការ​យោធា​របស់​លោក​ Suharto ​ដែល​នៅ​ពេល​នោះ​លោក​ Suharto​ បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​ចម្រុះ​ពីរ​ ដែល​ក្នុងនោះ​ក្រុមហ៊ុន​មួយ​មាន​ក្រុម​ហ៊ុន​កូន​ប្រុសរបស់​លោក​នៅ​ក្នុង​នោះ​ផង​ដែរ។

ក្រុម​សកម្មជន​ សហជីព​ពាណិជ្ជកម្ម​ និង​ ប្រជា​ពលរដ្ឋ​ក្នុង​ទី​ក្រុង​ហ្សាការតា​ បាន​ដាក់​ពាក្យ​បណ្តឹង​រួម​គ្នា​នៅ​ឆ្នាំ​២០១២​ ដោយ​ប្តឹង​ថា​ក្រុមហ៊ុន​ទាំង​នេះ​មិន​បាន​ផ្តល់​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​កំណត់​តម្លៃ​តាម​ចិត្ត​របស់​ខ្លួន​ ដែល​យកពន្ធ​មិនស្មើគ្នា​ចំពោះ​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​ដើម្បី​ឲ្យ​ខ្លួន​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​។

ក្រុម​នេះ​បាន​ឈ្នះ​ក្តី​នេះ​នៅ​ក្នុងតុលាការ​មួយ​ក្នុង​ទីក្រុង​ហ្សាការតា​កាល​ពី​ឆ្នាំ២០១៥​ ក៏​ប៉ុន្តែ​ វា​ត្រូវ​ការ​រយៈ​ពេល​២ឆ្នាំ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​តុលាការ​កំពូល​តម្កល់​សាល​ក្រម​នេះ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។

ចុងចោទ​ទាំង​នោះ​បាន​បញ្ចាក់​ថា​កិច្ចព្រម​ព្រៀង​សហ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ឯក​ជន​ទាំង​នោះ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ពិតប្រាកដ​ និង​ធំធេង​ទៅ​ដល់​សង្គម ​នេះ​បើ​យោង​តាម​ការ​សម្រេច​របស់​តុលាការ​កំពូល។ «ការ​ប៉ះ​ពាល់​នោះ​រួមមាន៖ ទី១​ ​ប្រជាជន​ឥណ្ឌូនេស៊ី​ ប្រមាណ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​ដែល​អាច​ប្រើ​ប្រាស់​សេ​វា​ផ្គត់​ផ្គង់​ទឹក​របស់​ក្រុម​ហ៊ុន​ទាំង​នេះ​បាន​ ទី២​ ប្រជាជន​ត្រូវ​បង់​ថវិកា​ដើម្បី​ប្រើ​ប្រាស់​ទឹក​ស្អាត​នៅ​ក្នុង​តម្លៃ​ថ្លៃ​ តែ​អ្វី​ដែល​ពួក​គេ​ទទួល​បាន​គឺ​ទឹក​ប្រើប្រាស់​មាន​គុណភាព​មិន​ល្អ​និង​មាន​ចំនួន​កំណត់»។

ការ​សម្រេច​នេះ​គឺ​ស៊ី​សង្វាក់​ជា​មួយ​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល​កាល​ពី​ឆ្នាំ​២០០៤​ អំពី​ឯកជន​ភាវូ​បនីយកម្ម​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ ដែល​បាន​សម្រេច​ថា​ «ធន​ធាន​ទឹក​ត្រូវ​តែ​គ្រប់គ្រង​ និង​ ចែក​ចាយ​ដើម្បី​ប្រយោជន៍​សាធារណៈ​ ដូច្នេះ​ ក្រុមហ៊ុន​ឯកជន​មិន​អាច​គ្រប់​គ្រង​ផ្តាច់​មុខ​ទៅ​លើ​ធន​ធាន​ទឹក​ទាំង​នោះ​ឡើយ»។

គោល​នយោបាយ​សម្រាប់​រដ្ឋាភិបាល​ថ្មី

ការ​ស្តារ​ឡើង​វិញ​នូវ​សេវាកម្ម​ផ្គត់​ផ្គង់​ទឹក​ដល់​ប្រជាជន​ក្នុង​ទី​ក្រុង​ហ្សាការតា​ គឺជា​កាតព្វកិច្ច​មួយ​ទៀត​របស់​លោក​ Anies Baswedan​ ដែល​ជា​អភិបាល​ថ្មី​របស់​ទី​ក្រុង​ហ្សាការតា​នេះ។​ លោក​ Baswedan​ និង​ អភិបាល​រង​លោក ​Sandiaga Uno​ បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​ខ្លាំងខ្លា​នៅ​សហគមន៍​ក្រីក្រ​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​ហ្សាការតា​ ដែល​ជា​សហគមន៍​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយ​សារ​បញ្ហា​អសន្តិសុខ​ទឹក​ ហើយ​ជាង​នេះ​ទៀត​ ពួក​គេ​ក៏​កំពុង​រង​គ្រោះ​ពី​គម្រោង​បណ្តេញ​ចេញ​របស់​អតី​ត​អភិបាល​ក្រុង​ហ្សាការតា​ផង​ដែរ។​

លោក​ Martin Lenggu ដែល​ជា​មេធាវី​ដឹក​នាំ​ការ​ដាក់​ពាក្យ​បណ្តឹង​រួម​គ្នា​នេះ​ប្រឆាំង​នឹងក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ឯកជន​ទាំង​ពីរ​បាន​និយាយ​ថា៖ «ខ្ញុំ​ឮ​លោក​ Anies​ និង​ លោក​ Sandi​ សន្យា​ជា​ច្រើន​អំ​ពី​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​កន្លង​មក។ ក៏​ប៉ុន្តែ​ តើ​គម្រោង​របស់​ពួក​លោក​ទាំង២​ស្រប​ទៅ​តាម​គោល​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិដែរឬ​ទេ? យើង​មិន​ទាន់​ដឹង​ច្បាស់នៅ​ឡើយ​ទេ។​ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​នៅ​ពេល​នេះ​គឺ​ កិច្ច​សន្យា​របស់​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​នឹង​ត្រូវ​បញ្ចប់»។

លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់​នឹង​ក្លាយ​ទៅ​ជា​បញ្ហា​សុខភាព​សាធារណៈ​ចំបង​មួយ​ ប្រ​សិន​បើ​បញ្ហា​នេះ​មិន​ត្រូវ​បានដោះស្រាយ​ភ្លាមៗ​នោះ​ទេ។ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ក្រុង​ហ្សាការតា​បាន​រៀបរាប់​អំ​ពី​មូល​ហេតុ​ដែល​ពួកគេ​ទទួល​បាន​ទឹក​ប្រើ​ប្រាស់​មិន​ទៀង​ទាត់​ ជា​ពិសេស​គឺ​ពេល​ល្ងាច។ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​ ពួក​គាត់​ត្រូវ​បង្ខំ​ចិត្ត​ទិញ​ទឹក​បរិភោគ​ក្នុង​តម្លៃថ្លៃ​ពីអ្នក​លក់ដូរ​នៅ​តាម​ដង​ផ្លូវ​ ហើយ​និងត្រូវ​ងូតទឹក​អណ្តូង​សាធារណៈ​ដែល​មាន​លក្ខណៈ​កខ្វក់។

ស្ត្រី​ម្នាក់​បី​កូន​ដើរ​តាមមាត់ស្ទឹង​ដែល​មាន​សំរាម​ក្នុង​តំបន់​អនាធិបតេយ្យក្នុង​ទីក្រុង​ហ្សាការតា កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។
ស្ត្រី​ម្នាក់​បី​កូន​ដើរ​តាមមាត់ស្ទឹង​ដែល​មាន​សំរាម​ក្នុង​តំបន់​អនាធិបតេយ្យក្នុង​ទីក្រុង​ហ្សាការតា កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។

ប្រជាជន​ដែល​មាន​ជីវភាព​រាង​ធូរធារ​បាន​ជីក​អណ្តូង​ផ្ទាល់​ខ្លួនជា​យូរណាស់​មក​ហើយ​ដោយសារ​តែ​គុណភាព​មិន​ល្អ​របស់​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​ទីក្រុង។​ ការ​កើន​ឡើង​នៃ​ការ​ជីក​អណ្តូង​ផ្ទាល់ខ្លួន​ទាំង​នេះ​ គឺ​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើឲ្យ​ទីក្រុង​ហ្សាការតា​ក្លាយ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ផ្សេង​ទៀត​នៅ​ក្នុង​ពិភព​លោក​ដែល​លិច​លឿន​ជាង​គេ​បំផុត​។​

ការ​បរាជ័យ​នៃ​ឯកជនភាវូបនីយកម្ម

នៅ​ពេល​ដែល​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ទីក្រុង​ Jakarta​ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ឯក​ជន​នៅ​ក្នុង​ឆ្នាំ​១៩៩៧​ គឺ​មាន​ទាំង​កត្តាក្នុង​ប្រទេស ​និង​កត្តា​សកល​លោក​ដែល​រួម​ចំណែក​ក្នុង​រឿង​នេះ។​ កត្តាដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ភ្លាមៗ​នោះ​គឺ​លោក​អតីត​ប្រធានាធិបតី​ Suharto​ ផ្ទាល់​តែ​ម្តង។​ អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា​ ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​សាធារណៈ​ពហុជាតិ​ចំនួន​២​ គឺ​ក្រុម​ហ៊ុន​ Thames Water​ និង​ ក្រុម​ហ៊ុន​ Suez Lyonnaise des Eaux​ ទទួល​បាន​ផល​ប្រយោជន៍​ពី​របបមូលធន​បក្ស​ពួក​និយមរបស់​រដ្ឋាភិបាល​លោក​ Suharto ​ដោយ​ទទួល​បាន​ការ​ផ្តល់កិច្ច​សន្យា​ពី​រដ្ឋាភិបាល​ដែល​មិន​បាន​ដាក់​អោយ​ដេញថ្លៃ។​

ក្រុមហ៊ុន​ Thames Water​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កូន​របស់​លោក​ Suharto។​ ក៏ប៉ុន្តែ​ នៅ​ពេល​ដែល​របប​របស់​លោក​ Suharto​ បាន​ដួលរលំ​នៅ​ឆ្នាំ​១៩៩៨​ មេ​ដឹក​នាំ​ភាគ​ច្រើន​នៃ​ក្រុមហ៊ុន​ទាំង​នោះ​បាន​រត់​ចេញ​ពី​ប្រទេស​ ដែល​បណ្តាល​ឲ្យ​មិន​មាន​ការ​បញ្ជា​ច្បាស់​លាស់​ពី​ថ្នាក់​លើ​ដែល​ធ្វើ​ឲ្យ​មាន​ការ​គ្រប់​គ្រង​មិនល្អ​ដូច​ស្ថានភាព​សព្វ​ថ្ងៃ​នេះ។

លោក ​Andreas Harsono​ អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ផ្តោត​លើ​ប្រទេស​ឥណ្ឌូនេស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា៖ ​«លោក​ Suharto ​គឺ​ជា​មេដឹកនាំ​ផ្តាច់ការ​ម្នាក់​ដែល​កូនៗ​និង​បក្សពួក​របស់​លោក​ត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​លួច​យក​ថវិកា​ចំនួន​ប្រមាណ​១៥​ពាន់​លាន​ដុល្លា​អាមេរិក​ នៅ​ពេល​លោក​ចុះ​ចេញ​ពី​ដំណែង​នៅ​ឆ្នាំ​១៩៩៨។​ ក្រុមហ៊ុន​របស់​ពួកគេ​មាន​តាំងពី​ ធនាគារ​ សេវាកម្ម​ផ្គត់​ផ្គង់​ទឹក​ ម្ហូប​អាហារ និង​ អចលនទ្រព្យ។​ រយៈពេល​២០ឆ្នាំ​កន្លង​ទៅ​ហើយ​ យើង​នៅ​តែ​មិន​ដឹង​អំ​ពី​សេច​ក្តី​លំអិត​ពី​ការ​លួច​ជាតិ​របស់​ពួកគេ​នោះ​ទេ» ។

ក៏ប៉ុន្តែ​លោក​ Suharto​ មិនបាន​ផ្តល់​កិច្ចសន្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​តែឯង​នោះ​ទេ។​ ធនាគារ​ពិភពលោក​ (World Bank)​ បាន​ជំរុញ​រដ្ឋាភិបាល​យ៉ាង​ខ្លាំង​ក្លា​ឲ្យ​ធ្វើ​ការ​ផ្គត់​ផ្គង់​សេវា​សាធារណៈ​ទៅ​ជា​លក្ខណៈ​ឯកជន ​នៅ​ពេល​នោះ​។

ទោះ​បី​ជា​ ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ទៅ​លើ​ការ​ផ្គត់ផ្គង់​ទឹក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ទទួល​បាន​ជោគជ័យនៅ​ក្នុង​ទីក្រុងនា​នា​នៃប្រទេស​អេក្វាទ័រ​ រូម៉ានី​ កូឡុំប៊ី​ ម៉ារ៉ុក​ និង​ សេណេហ្គាល់​ក៏​ដោយ​ អ្នក​ប្រឆាំង​នៅ​តែ​បកស្រាយ​ថា​ គម្រោង​បែបនេះ​គឺជា​ការ​បរាជ័យ​ទូទាំង​ពិភព​លោក។ ​នៅ​ក្នុង​ទីក្រុង​ធំៗ​ជាច្រើន​ តាំង​ពី​ទីក្រុង​ Johannesburg​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ រហូត​ដល់​ ទីក្រុង Buenos Aires​ ប្រទេស​អាហ្សង់ទីន​ សេវាកម្ម​ផ្គត់​ផ្គង់​ទឹក​ត្រូវ​បាន​ផ្គត់​ផ្គង់​ឡើង​វិញ​ដោយ​រដ្ឋ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​កន្លង​មក​នេះ។​ នេះ​បើយោង​តាម​របាយការណ៍​ពីឆ្នាំ​២០១៤​ របស់​អង្គ​ការ Transnational Institute​ អង្គការ​ Public Services International Research Unit និង​អង្គការ​ Multinational Observatory។

របាយការណ៍​នេះ​បាន​ស្នើ​ឡើង​ថា​ តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៧០​មក វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​នា​នា​ ដូចជា​ធនាគារ​ពិភពលោក​ និង​ រដ្ឋាភិបាល​ជា​ច្រើន​ទៀត​បាន​ជំរុញ​ឲ្យ​មាន​ស្ថាប័ន​ឯកជន​ និង​ ភាព​ជា​ដៃ​គូ​រវាង​ស្ថាប័ន​រដ្ឋ និង​ឯកជន​ ដើម្បី​ជា​ដំណោះ​ស្រាយ​មួយ​សម្រាប់​ការ​ផ្គត់ផ្គង់​សេវា​សាធារណៈ​ដូច​ជា​ការ​ផ្គត់​ផ្គង់​ទឹកជា​ដើម។ ក៏ប៉ុន្តែ​ នៅ​ទូ​ទាំង​ពិភព​លោក​ ទីក្រុង​ទាំងឡាយបន្ត​ជួប​នឹង​បញ្ហា​ដូចៗ​គ្នា ដូចជា​យុទ្ធសាស្ត្រ​កំណត់​តម្លៃ​លក់ ​ការវិនិយោគ​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​មិន​គ្រប់​គ្រាន់​ និង​ ហានិភ័យ​ចំពោះ​បរិស្ថាន។

ការ​ដក​ពិសោធន៍​របស់​ទីក្រុងហ្សាកាតារ​ជាមួយ​នឹង​ការធ្វើ​ឯកជន​ភាវូបនីយកម្ម​លើ​សេវា​កម្ម​ផ្គត់ផ្គង់​ទឹក​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​និន្នាការ​ពិភពលោក​នៅ​ពេល​នោះ​ នៅ​ក្នុង​អំឡុង​ពេល​ដែល​ជា​កាលៈទេស​ពិសេស​ដែល​ត្រូវ​បាន​ជំរុញ​ទៅ​មុខ​បាន​លឿន​ដោយ​សារ​អំពើ​ពុករលួយ​នៅ​សម័យ​ដឹក​នាំ​របស់​លោក Suharto។ នា​ពេល​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​ក្រុង​ហ្សាការតា កំពុង​តែ​ដើរ​តាម​និន្នាការ​ពិភព​លោក​សារជា​ថ្មី​ម្តង​ទៀត​ តែ​ម្តង​នេះ​គឺ​មិន​មែន ​ឯកជនភាវូបនីយកម្ម​ ទៀត​ឡើយ៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG