ឥណ្ឌូនេស៊ីកំពុងតែស្វះស្វែងរកការបកស្រាយពីសហរដ្ឋអាមេរិក អំពីហេតុអ្វីបានជាមេយោធារបស់ខ្លួនត្រូវបានគេបដិសេធមិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមរដ្ឋាភិបាលក្រុង ហ្សាការតា ដែលបានឲ្យដឹងកាលពីថ្ងៃអាទិត្យ។
ភារៈធារីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រចាំទីក្រុង ហ្សាការតា ត្រូវបានកោះហៅឲ្យពន្យល់អំពីស្ថានភាពនេះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីឥណ្ឌូនេស៊ី។
លោក Gatot Nurmantyo អគ្គមេបញ្ជាការកងកម្លាំងឥណ្ឌូនេស៊ី បានត្រៀមខ្លួនចេញដំណើរមកកាន់សហរដ្ឋអាមេរិកជាមួយនឹងភរិយារបស់លោកកាលពីថ្ងៃសៅរ៍ នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ដល់លោកថា កាំកុងត្រូលព្រំដែនរបស់អាមេរិក បានបដិសេធមិនឲ្យលោកចូលមកកាន់សហរដ្ឋអាមេរិកនោះទេ។
លោក Nurmantyo ត្រូវបានអញ្ជើញឲ្យមកចូលរួមក្នុងសន្និសីទមួយនៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ស្តីពីក្រុមជ្រុលនិយម ដែលរៀបចំឡើងដោយលោក Joseph Dunford អគ្គសេនាធិការរបស់អាមេរិក។
សេចក្តីថ្លែងការណ៍មួយមកពីស្ថានទូតអាមេរិកប្រចាំនៅទីក្រុង ហ្សាការតា គ្រាន់តែនិយាយថា លោកអគ្គមេបញ្ជាការមិនអាចធ្វើដំណើរតាមការគ្រោងទុកនោះទេ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ពីការប្តេជ្ញាក្នុងការដោះស្រាយបញ្ហានេះដែរ ហើយថាឯកអគ្គរដ្ឋទូតអាមេរិកបានសុំអភ័យទោសដល់លោក Nurmantyo៕