ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​ផ្តល់​ថ្នាំ​វ៉ាក់​ស៊ាំង​ការពារ​ជំងឺ​អាសន្នរោគ​ទ្រង់​ទ្រាយ​ធំ​បាន​ចាប់​ផ្តើម​នៅ​ប្រទេស​ម៉ូសំប៊ិក


ស្ត្រី​និង​កុមារ​រង់​ចាំ​ដោយ​តម្រង់​ជួរ​ដើម្បី​ទទួល​បាន​វ៉ាក់ស៊ាំង​ការពារ​ជំងឺ​អាសន្នរោគ​នៅ​ជំរំ​ជន​បាត់​បង់​ទីជម្រក​ ដោយ​សារ​ព្យុះ Idai ក្នុង​ទីក្រុង Beira ប្រទេស​ម៉ូសំប៊ិក កាល​ពី​ថ្ងៃទី​៣ មេសា​ ២០១៩។
ស្ត្រី​និង​កុមារ​រង់​ចាំ​ដោយ​តម្រង់​ជួរ​ដើម្បី​ទទួល​បាន​វ៉ាក់ស៊ាំង​ការពារ​ជំងឺ​អាសន្នរោគ​នៅ​ជំរំ​ជន​បាត់​បង់​ទីជម្រក​ ដោយ​សារ​ព្យុះ Idai ក្នុង​ទីក្រុង Beira ប្រទេស​ម៉ូសំប៊ិក កាល​ពី​ថ្ងៃទី​៣ មេសា​ ២០១៩។

យុទ្ធនាការ​ផ្តល់​ថ្នាំ​វ៉ាក់ស៊ាំង​ការពារ​ជំងឺ​អាសន្ន​រោគ​ទ្រង់​ទ្រាយ​ធំ​មួយ​បាន​ចាប់​ផ្តើម​នៅ​ប្រទេស​​ម៉ូសំប៊ិក ​​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ជំងឺ​កាច​សាហាវ​សម្លាប់​មនុស្ស​នេះ​ ផ្ទុះ​រាល​ដាល​ពាស​ពេញ​ប្រទេស។

ក្រសួង​សុខាភិបាល​ប្រទេសម៉ូសំប៊ិក​អះ​អាង​ថា​ មាន​ករណី​ឆ្លង​ជំងឺ​អាសន្ន​នេះ​ ១៤០០ ​ករណី ​និង​មាន​អ្នក​សា្លប់​ពីរ​នាក់​ ដែល​ភាគ​ច្រើន​កើត​នៅ​ទីក្រុង Beira​ ប្រទេសម៉ូសំប៊ិក​ ដែល​ជា​ទីក្រុង​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​ដោយ​សារ​ខ្យល់​ព្យុះ​ស៊ីក្លូន Idai។

យុទ្ធនាការ​ផ្តល់​ថ្នាំ​វ៉ាក់ស៊ាំង​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គការ​សុខភាព​ពិភព​លោក ​WHO ​និង​មូល​និធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា​ UNICEF។ នៅ​អំឡុង​ពេល​យុទ្ធនាការ​ដែល​មាន​រយៈ​ពេល​ ៥​ ថ្ងៃ ​ទីភ្នាក់ងារ​ទាំង​ពីរ​ និង​អង្គការ​ជា​ដៃគូ​មាន​គម្រោង​ផ្តល់​ថ្នាំ​វ៉ាក់ស៊ាំង​ឲ្យ​មនុស្ស​ជិត ​៩ ​សែន​នាក់​នៅ​ទីក្រុង​ Beira​ និង​នៅ​តាម​តំបន់​បី​ទៀត​នៅ​ជុំវិញ​ទីក្រុង។

ថ្នាំ​គ្រាប់​វ៉ាក់​ស៊ាំង​ការពារ​ជំងឺ​អាសន្នរោគ​ជា​ធម្មតា​ត្រូវ​លេប​ឲ្យ​បាន​ពីរ​ដូស​ក្នុង​រវាង​ ៧​ ថ្ងៃ។ ប៉ុន្តែ​អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភពលោក​ លោក ​Christian Lindemeier និយាយ​ថា​ ថ្នាំ​វ៉ាក់ស៊ាំង​មាន​ចំនួន​គ្រប់គ្រាន់​សម្រាប់​តែ​មួយ​ដូស​ក្នុង​ម្នាក់​តែ​ប៉ុណ្ណោះ។

លោក ​Lindemeier​ បាន​និយាយ​ថា៖ «យើង​សង្ឃឹម​ថា ​ការ​ផ្តល់​ថ្នាំ​វ៉ាក់ស៊ាំង​ដូស​ទី​មួយ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការឆ្លង​រាលដាល​បាន​មួយ​រយៈ ​ហើយ​បន្ទាប់​មក​យើង​នឹង​ចែក​ដូស​ទីពីរ​ដើម្បី​ការពារ។ ឥឡូវ​នេះ​ការ​ការពារ​បន្ទាន់​អាច​មាន​ប្រសិទ្ធភាព​បាន​យ៉ាង​ហោច​ណាស់​ ៦ ​ខែ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចង់​ផ្តល់​វ៉ាក់ស៊ាំង​ដូស​ទី​ពីរ​ក្នុង​រយៈ​ពេល ​៦​ ខែ​ ដើម្បី​អាច​ការពារ​បាន​យូរ​អង្វែង។​ យើង​ត្រូវ​តែ​ចាំ​តំបន់​នៅ​ប្រទេសម៉ូសំប៊ិក​ដែល​មាន​ការឆ្លង​រាល​ដាល​ជំងឺ​អាសន្នរោគ​នេះ»។

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​បាន​គូស​បញ្ជាក់​ថា​ យុទ្ធនាការ​ចែក​ចាយ​ថ្នាំ​វ៉ាក់ស៊ាំង​ថ្នាក់​ជាតិ​នេះ​គឺ​ជា​វិធានការណ៍​តែ​មួយ​គត់​ក្នុង​ចំណោម​វិធានការណ៍​មួយ​ចំនួន​ដែល​ត្រូវ​បាន​អនុវត្ត ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​អាសន្នរោគ​នេះ។ អ្នក​នាំពាក្យ​អង្គការ UNICEF​ លោក ​Christophe Boulierac​ បាន​និយាយ​ថា​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​អ្វី​ដែល​ជា​បញ្ហា​សំខាន់​ដូច​គ្នា​នឹង​ថ្នាំ​វ៉ាក់ស៊ាំង​ គឺ​ការផ្តល់​ទឹកស្អាត​ដល់​ប្រជាពល​រដ្ឋ​នៅ​ទូទាំង​តំបន់​គ្រោះ​ថ្នាក់។

លោក​ Boulierac​ បាន​ថ្លែង​ថា៖ «យើង​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​និង​អង្គការដៃគូ​របស់​យើង​គឺ​អង្គការ ​DFID ​យើង​បាន​ជួយ​ស្ថារប្រព័ន្ធ​ទឹក​នៅ​ក្នុង​ទីក្រុង​ Beira ​សម្រាប់​មនុស្ស​ ៥ ​សែន​នាក់​ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ហើយ​យើង​គិត​ថា​ យើង​នឹង​អាច​ជួយ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ដែល​រស់​នៅ​ក្នុង​ទីក្រុង​នេះ​ ពីព្រោះ​ថា​ទឹកស្អាត​នឹង​ជួយ​ការពារ​ការឆ្លង​រាល​ដាល​ជំងឺ​នេះ»។

ជំងឺ​អាសន្នរោគ​បង្ក​ឲ្យ​មាន​ជំងឺ​រាគរូស ​ដែល​អាច​សម្លាប់​មនុស្ស​ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ប្រសិន​មិន​បាន​ព្យាបាល​ទាន់ពេល។ ជំងឺ​អាសន្នរោគ​បង្ក​ឡើង​ដោយ​សារ​ការ​បរិភោគ​ម្ហូបអាហារ​និង​ទឹក​គ្មាន​អនាម័យ។ កូន​ក្មេង​និង​មនុស្ស​ចាស់​គឺ​ជា​អ្នកដែល​ងាយ​រងគ្រោះ​បំផុត។

កុមារ​តូច​គឺ​ជា​អ្នក​ដែល​ងាយ​រងគ្រោះ​ខ្លាំង​បំផុត។ មន្រ្តី​សុខាភិបាល​បាន​ព្រមាន​ថា​ កុមារ​ដែល​កើត​ជំងឺ​អាសន្នរោគ​នៅ​ពេល​ព្រឹក​អាច​ស្លាប់​បាត់បង់ជីវិត​នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​តែមួយ​ ប្រសិន​បើ​មិន​ព្យាបាល​ភ្លាមៗ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG