បុរសម្នាក់ដែលប៉ូលិសបានរកចាប់ខ្លួនក្នុងការទាក់ទិនជាមួយការដាក់គ្រាប់បែកឱ្យផ្ទុះនៅញូវយ៉ក និង New Jersey កាលពីថ្ងៃសៅរ៍កំពុងឋិតក្នុងការឃុំឃាំងនៅក្រោយពេលមានការបាញ់តគ្នាជាមួយពួកប៉ូលិស។
ពួកមន្ត្រីផ្នែកពង្រឹងច្បាប់បាននិយាយថា ឈ្មោះ Ahmad Rahami អាយុ២៨ឆ្នាំត្រូវបានចាប់ខ្លួនហើយជាប់ឃុំឃាំងនៅក្នុងក្រុង Linden រដ្ឋ New Jersey កាលពីព្រឹកថ្ងៃចន្ទ។
បណ្តាញទូរទស្សន៍ CNN បានបង្ហាញវីដេអូនៃបុរសម្នាក់ដែលទូរទស្សន៍នេះនិយាយថាជាឈ្មោះ Rahami ដែលនៅដឹងខ្លួនប៉ុន្តែស្ថិតនៅលើស្នែងសែងអ្នកជំងឺមួយ ហើយស្មាខាងស្តាំរបស់គាត់ហាក់ដូចជាមានចេញឈាម រួចត្រូវបានដាក់បញ្ចូលក្នុងឡានពេទ្យមួយគ្រឿង។
អាជ្ញាធរក្នុងមូលដ្ឋានបាននិយាយថា ប៉ូលិសពីរនាក់ និងឈ្មោះ Rahami ផងមានរបួស តែរបួសនោះមិនគំរាមកំហែងអាយុជីវិតទេ នៅក្នុងការបាញ់តគ្នានោះ។
ពួកប៉ូលិសកំពុងស្វែងរកពួកជនជាប់សង្ស័យដែលមានទាក់ទិនជាមួយឧប្បត្តិហេតុនៃគ្រឿងផ្ទុះបួនគ្រាប់កាលពីបីថ្ងៃមុននេះ ដោយមានរួមបញ្ចូលទាំងការផ្ទុះមួយកាលពីថ្ងៃសៅរ៍ដែលបានបណ្តាលឱ្យមនុស្ស២៩នាក់ត្រូវរបួសនៅក្នុងសង្កាត់ Chelsea នៃតំបន់ Manhattan នៃបូរីញូវយ៉ក។
ពួកប៉ូលិសក្នុងមូលដ្ឋាន និងពួកប៉ូលិសសហព័ន្ធបានប្រកាសអំពីការស្វែងរកឈ្មោះ Rahami កាលពីព្រឹកថ្ងៃចន្ទ។ ប៉ូលិសនិយាយថា Rahami ដែលជាពលរដ្ឋ
ស.រ.អា.មានដើមកំណើតអាហ្វហ្គានីស្ថាន ត្រូវគេដឹងថាបានទៅរស់នៅកាលពីពេលថ្មីៗបំផុតនេះក្នុងក្រុង Elizabeth រដ្ឋ New Jersey នៅចម្ងាយប្រមាណ៦គ.ម.ពីកន្លែងដែលគាត់បានត្រូវចាប់ខ្លួននៅ Linden។ បណ្តាញផ្សាយព័ត៌មានក្នុងមូលដ្ឋានបានរាយការណ៍ថា គ្រួសារគាត់បានបើកភោជនីយដ្ឋានមួយនៅជាន់ទីមួយនៃផ្ទះរបស់ពួកគេ៕