ថ្លែងទៅកាន់ក្រុមនិស្សិតប្រមាណ១០០នាក់ មកពីសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដាកន្លងទៅនេះ លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ថម ម៉ាលីណូស្គី (Tom Malinowski) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការងារ បានបង្ហាញឲ្យដឹង អំពីសារៈ សំខាន់នៃប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកដោយលោកបានអះអាងថា ទោះជាប្រជាធិបតេយ្យសហរដ្ឋអាមេរិកកើតមានចំណាស់ជាង២០០ឆ្នាំក្តី តែសហរដ្ឋអាមេរិកនៅតែបន្តពង្រឹងជានិច្ច។
«ពួកយើងសុទ្ធតែដឹងថា ដើម្បីក្លាយជាប្រទេសប្រជាធិបតេយ្យ វាមិនគ្រប់គ្រាន់ទេ ដែលយើងគ្រាន់តែមានការបោះឆ្នោតនោះ វាមានលក្ខណៈស្មុគស្មាញជាងនេះឆ្ងាយណាស់។ យើងត្រូវមាននូវសេរីភាពក្នុងការបញ្ចេញមតិ ស្ថាប័ន តុលាការឯករាជ្យ ស្ថាប័នរដ្ឋឯករាជ្យ ប្រព័ន្ធត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ហើយកត្តាទាំងនេះមានលក្ខណៈផុយស្រួយណាស់ ហើយអាចប្រេះស្រាំគ្រប់ពេលវេលា»។
លោក ថម ម៉ាលីណូស្គី គិតថា ទោះបីជាប្រទេសអាមេរិកបានអនុវត្តលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជាង២៤០ឆ្នាំក្តី តែរឿងនេះត្រូវធ្វើការអភិវឌ្ឍឡើងវិញរហូតដោយសារសង្គមមិនឋិតឋេរដដែល សង្គមត្រូវដើរលើគោលការណ៍ធំៗមួយចំនួន ដូចជាការបោះឆ្នោតទៀងទាត់ សង្គមត្រូវការសេរីភាពក្នុងការបញ្ចេញមតិ ត្រូវការស្ថាប័នរដ្ឋឯករាជ្យ ត្រូវមាននីតិរដ្ឋ និងអ្នកដឹកនាំដែលត្រូវមានអណត្តិកំណត់។
«យើងគិតថា វាគឺជាការប្រតិបត្តិដែលមានលក្ខណៈប្រជាធិបតេយ្យល្អ ក្នុងការដាក់ឱ្យមានអណត្តិចំពោះអ្នកធ្វើការនៅក្នុងតំណែងធំមួយ ទោះពួកគេមានភាពល្បីល្បាញក្តី ទោះពួកគេធ្វើការបានល្អក្តី»។
នាង ជា វិជាន និស្សិតផ្នែកភាសាអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមក្នុងកម្មវិធីព្រឹកនេះ បានថ្លែងថា វាជាឱកាសល្អសម្រាប់ឱ្យយុវជនកម្ពុជាយល់ដឹងឱ្យកាន់តែច្បាស់ពីដំណើរការបោះឆ្នោតប្រជាធិបតេយ្យ គំនិតល្អៗ និងវិធីសាស្ត្រក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការដោះស្រាយឧបសគ្គផ្សេងៗផងដែរ។
«គាត់និយាយត្រូវត្រង់ពេលដែលយុវជនមានភាពសកម្មក្នុងការដឹងយល់ និងប្រឡូកនៅក្នុងនយោបាយ ប្រទេសជាតិយើងនឹងមានអនាគតភ្លឺស្វាងជាងមុន។ ហើយកម្មវិធីនេះជួយឱ្យខ្ញុំមានភាពក្លាហានជាងមុនក្នុងការសួរសំណួរនយោបាយទៅថ្នាក់ដឹកនាំធំៗជាងមុនទៀតផង»។
ថ្លែងប្រាប់ VOA លោក ណៃ ម៉ាណេត និស្សិតផ្នែកសិក្សាអន្តរជាតិនៃវិទ្យាស្ថាន ភាសាបរទេស ក៏មានទស្សនៈប្រហាក់ប្រហែលនេះដែរ ហើយយល់ស្របថា ប្រទេសអាមេរិកដែលជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ ក៏អាចមានចំណុចខ្វះខាត ដើម្បីកែតម្រូវ ហើយអ្នកដឹកនាំត្រូវហ៊ានទទួលស្គាល់នូវភាពខ្វះខាតទាំងនេះ។
«ប្រទេសកម្ពុជាក៏ត្រូវមានការផ្លាស់ប្តូរក្នុងរូបភាពណាមួយដែរ»។
លោកយល់ឃើញថា សម្រាប់បរិបទប្រទេសកម្ពុជា គឺយុវជនជាកាតាលីករ និងជាអ្នកផ្លាស់ប្តូររបស់ប្រទេសជាតិ ដោយសារពួកគេគឺជាបុគ្គលដែលមានភាពសកម្មជាងគេនៅក្នុងសង្គម។
សហរដ្ឋអាមេរិកត្រូវគេដឹងថា ពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំ ប្រធានាធិបតី អាចកាន់កាប់អំណាចបានតែពីរអាណត្តិ ដែលក្នុងមួយអណត្តិមានរយៈពេលតែបួនឆ្នាំ។ សហរដ្ឋអាមេរិកមានប្រព័ន្ធយុត្តិធម៌ឯករាជ្យ មានអំណាចនីតិប្បញ្ញត្តិខ្លាំង អាចស្តីបន្ទោសរដ្ឋាភិបាល និងកោះហៅមន្ត្រីរដ្ឋាភិបាលមកស្តីបន្ទោស ឬសួរនាំបញ្ហានានាដែលប៉ះពាល់ដល់សង្គម។ រឿងទាំងអស់នេះហើយត្រូវគេដឹងថា ស្ថិតក្នុងចំណោមកត្តានានា ដែលធ្វើ ឲ្យតម្លៃនៃប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកមានសារៈសំខាន់។
លោក ថម ម៉ាលីណូស្គី បានបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅថ្ងៃអង្គារ ទី១២ ខែកក្កដាកន្លងទៅនេះ ក្រោយពីបានជួបជាមួយមន្ត្រីរដ្ឋាភិបាល មន្ត្រីគណបក្សជំទាស់ មន្ត្រីសង្គមស៊ីវិល ចូលរួមបុណ្យសព លោក កែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា។ លោកបានទទូចឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដោះលែង និងទម្លាក់បទចោទប្រឆាំងនឹងក្រុមអ្នករិះគន់ រដ្ឋាភិបាលដើម្បីបង្កឲ្យមានបរិយាកាសល្អសម្រាប់ការបោះឆ្នោត ដែលអាចនាំទៅដល់ការទទួលស្គាល់ជាអន្តរជាតិអំពីភាពស្របច្បាប់ ហើយគណបក្សនយោបាយធំៗទាំងពីរគួរវិលទៅរកតុចរចាគ្នាវិញ។
លោកឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថម ម៉ាលីណូស្គី បានចូលកាន់តំណែងនេះ តាំងពីខែមេសា ឆ្នាំ២០១៤មកម្ល៉េះ ហើយមុននោះលោកធ្លាប់មានតំណែងជានាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំទីក្រុងវ៉ាស៊ីនតោន ដែលជាអង្គការអន្តរជាតិដ៏ធំមួយក្នុងការគាំពារសិទ្ធិមនុស្ស៕