លោក ថម ម៉ាលីណូស្គី Tom Malinowski ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ កាលពីល្ងាចថ្ងៃអង្គារ ទី១៩នេះ បានអំពាវនាវឲ្យមានការផ្តល់សេរីភាពពេញលេញដល់ក្រុមសហជីព និងសមាគមនៅកម្ពុជា ដែលគ្របដណ្តប់ដោយច្បាប់សហជីព។
លោកឲ្យដឹងថា ការអនុវត្តច្បាប់សហជីព ដែលមានស្តង់ដារខ្ពស់ អាចជួយទាក់ទាញវិនិយោគិនកាន់តែច្រើនមកកម្ពុជា ដោយសារតែក្រុមហ៊ុននានាចង់វិនិយោគក្នុងប្រទេសដែលសិទ្ធិសហជីពត្រូវបានការពារដោយច្បាប់។ ហើយការអនុវត្តច្បាប់សហជីព ដែលមានស្តង់ដារស្របតាមច្បាប់ពលកម្មអន្តរជាតិក៏នឹងជួយឲ្យប្រទេសមួយក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ផងដែរ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានបូកសរុបដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា លោកឧបការីរដ្ឋមន្រ្តីការបរទេសរូបនេះក៏បានបង្ហាញក្តីបារម្ភអំពីស្តង់ដារនៃច្បាប់សហជីពនៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់កាលពីខែឧសភាកន្លងទៅផងដែរ។
លោកថា៖ «ពាក់ព័ន្ធនឹងច្បាប់សហជីព យើងអាចនិយាយថា ច្បាប់សហជីពគួរតែមានលក្ខណៈស្របនឹងស្តង់ដាររបស់អង្គការពលកម្មអន្តរជាតិ (ILO)។ យើងធ្លាប់មានការព្រួយបារម្ភថា តើច្បាប់សហជីពនៅកម្ពុជាបានបំពេញ ជាពិសេសទៅតាមលក្ខខណ្ឌតម្រូវការសេរីភាពនៃការប្រមូលផ្តុំឬនៅ? យើងគិតថា វាជាប្រយោជន៍មួយសម្រាប់កម្ពុជានៅក្នុងការបង្ហាញថា ខ្លួនបានបំពេញទៅតាមស្តង់ដារនោះ»។
ច្បាប់ស្តីពីសហជីព ដែលមាន១៧ជំពូក និង១០០មាត្រានេះ ត្រូវបានរដ្ឋសភាជាតិកម្ពុជាអនុម័ត ដោយគ្មានការកែប្រែតាំងពីខែមេសាកន្លងទៅ បើទោះជាក្នុងពេលពិភាក្សាច្បាប់នេះមានការតវ៉ាពីសំណាក់កម្មករ និងសហជីពធំៗមួយចំនួនក៏ដោយ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បញ្ជាក់ប្រាប់ VOA ថា កន្លងមកមានភាគីពាក់ព័ន្ធជាច្រើនរួមទាំងអង្គការពលកម្មអន្តរជាតិ ILO ផងនោះ ធ្លាប់បានផ្តល់យោបល់ និងស្នើសុំជាបន្តបន្ទាប់ ឲ្យមានការកែប្រែចំណុចខ្លះដែលគេយល់ថា រឹតត្បិតសិទ្ធិសេរីភាពរបស់សហជីព និងភាគីកម្មករនិយោជិត។ ក៏ប៉ុន្តែពុំមានចំណុចណាមួយត្រូវបានកែប្រែនោះទេ។
«ទី១ស្នើឲ្យរដ្ឋាភិបាលត្រូវធានាថា ការអនុវត្តច្បាប់មិនមានលម្អៀង និងទី២ ចំណុចមួយចំនួនដែលអង្គការពាក់ព័ន្ធបានផ្តល់យោបល់ហ្នឹង សហជីពក៏សង្ឃឹមថា រដ្ឋាភិបាល និងសភា នឹងធ្វើវិសោធនកម្មចំណុចដែលជាឧបសគ្គដល់សហជីព។ ចំណុចខ្លះរឹតបណ្តឹងសេរីភាពសហជីពរហូតដល់ភាគីពាក់ព័ន្ធក៏អាចសុំរំលាយអង្គភាពសហជីពចោលបានដែរ»។
ថ្លែងនៅក្នុងសន្និសីទថ្នាក់ជាតិមួយ កាលពីសប្តាហ៍កន្លងទៅ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឲ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តច្បាប់សហជីពថ្មីនេះ ហើយលោករំពឹងថា វត្តមាននៃច្បាប់សហជីពអាចធ្វើឲ្យចំនួនសហជីពមូលដ្ឋានមានការកើនឡើង ព្រមទាំងមានការថយចុះនូវចំនួនបាតុកម្ម និងកូដកម្មខុសច្បាប់។
លោក ថម ម៉ាលីណូស្គី ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក(ស.រ.អា.) បានចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃជាលើកដំបូងនៅកម្ពុជា ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្ស សម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា។ លោកឧបការីរដ្ឋមន្ត្រី ថម ម៉ាលីណូស្គី គឺជាអតីតប្រធានរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch នៅទីក្រុងវ៉ាស៊ីនតោន ដែលជាអង្គការមួយក្នុងចំណោមអង្គការអន្តរជាតិឯករាជ្យនាំមុខគេ ដែលធ្វើការដើម្បីការពារសិទ្ធិមនុស្ស៕