ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​អាមេរិក​ថា ​ជំនួយ​ចិន​​ដល់​កម្ពុជា​មិន​​អាច​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​យុត្តិធម៌​ទេ


លោក​ ​Tom Malinowski​ ​ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​ ​អាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិប​តេយ្យ​និង​សិទ្ធិការងារ​​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន នា ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​ នាថ្ងៃ​ទី១៩ ខែ​កក្កដា ​ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

នៅ​ក្នុង​ថ្ងៃ​ទីពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នេះ​ លោក​ ថម ម៉ាលីណូស្គី បាន​បញ្ជាក់​សារ​ជាថ្មី​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថា​ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មួយ​ដែល​អាច​ធ្វើ​ពិភពលោក​​ជឿ​ទៅ​លើ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

លោក​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក ថម ម៉ាលីណូស្គី (Tom Malinowski) ​បាន​បញ្ចប់​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​លោក​ធ្វើការ​បញ្ជាក់​ជា​ច្រើន​អំពី​ការ​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនង​របស់​គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នៅ​ក្នុង​ថ្ងៃ​ទីពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នេះ​ លោក​បាន​បញ្ជាក់​សារ​ជាថ្មី​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថា​ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មួយ​ដែល​អាច​ធ្វើ​ពិភពលោកជឿ​ទៅ​លើ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​

នៅ​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​ លោក​ ថម ម៉ាលីណូស្គី​ (Tom Malinowski) ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ​បាន​ថ្លែង​ចំអក​ឲ្យ​ប្រទេស​ចិន​ ដោយ​ថ្លែង​ថា​ ជំនួយ​ចិន​នឹង​មិន​អាច​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ប្រជាធិបតេយ្យ​ និង​ត្រឹម​ត្រូវ​នោះ​ទេ​ បើទោះ​បីចិន​បាន​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញ​ប្បទាន​ដ៏​ច្រើន​មក​ដល់​កម្ពុជា​ក្តី។​

លោក​ Tom Malinowski ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ នៅ​ក្រោយ​ពេល​ដែល​ប្រទេស​ចិនត្រូវ​គេ​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ បាន​សន្យា​ផ្តល់​ជំនួយ​ឥត​សំណងចំនួន៦០០​លាន​ដុល្លារ​សម្រាប់​គាំទ្រ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ជាច្រើន​នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​គឺ​គិត​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨។​

ការ​សន្យា​នេះក៏​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិនៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់​បាន​ចេញ​សាលដីកា​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះក្តី​លើ​ប្រទេសចិន​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ពាក់​ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដណ្តើម​កម្មសិទិ្ធ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង។​

រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ (ឆ្វេង) ពិភាក្សា​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន (កណ្តាល) ខណៈ​ដែល​លោក​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុងពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ទី​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (Damir Sagolj/Pool Photo via AP)
រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ (ឆ្វេង) ពិភាក្សា​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន (កណ្តាល) ខណៈ​ដែល​លោក​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុងពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ទី​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (Damir Sagolj/Pool Photo via AP)

តុលាការ​បាន​ចាត់​ទុក​ថា​ ចិន​គ្មាន​សិទ្ធិ​ស្រប​ច្បាប់​ចំពោះ​អំណះ​អំណាង​ទាក់​ទង​នឹង​ភស្តុតាង​ប្រវត្តិ​សាស្ត្រ​ដែល​បញ្ជាក់​ថា​ ខ្លួន​ជា​ម្ចាស់​នៃ​ដែន​ដី​ដែល​កំពុង​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូងនោះ​ទេ។​ យ៉ាង​ណាក៏ដោយ​ ចិន​បាន​បង្ហាញ​ជំហរ​មិន​ទទួល​ស្គាល់​សាលដីការ​របស់​តុលាការ​ ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន ក៏ប្រកាស​មិន​ទទួល​ស្គាល់ ​ដូច​ជំហរ​ចិន​នោះ​ដែរ។​

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ ដែលរៀប​ចំ​ឡើង​កាលពី​រសៀល​ថ្ងៃ​អង្គារ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ ​លោក​ Tom Malinowski ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​ក្នុង​សមាគម​អាស៊ានត្រូវ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ​ដោយសារ​តែ​ការ​ពង្រឹង​ទំនាក់​ទំនង​នេះ​មិន​បាន​បង្ក​ជាក្តី​បារម្ភ​ដល់​សន្តិ​សុខ​នៅ​ក្នុង​តំបន់​នោះ​ទេ។​

«យើង​ពិត​ជា​គិត​ថា​ វា​ជារឿង​ល្អ​មួយ​ ដែលប្រទេស​ទាំងឡាយ​នៅ​ក្នុង​តំបន់​នេះ ​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ចិន​ មិន​ថា​ ប្រទេស​វៀតណាម​ ឬ​កម្ពុជា​ ឬ​ក៏​ភូមា​នោះ​ទេ​ នរណា​ក៏​ដោយ។​ ដូច្នេះ​ វា​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​ទាល់​តែ​សោះ​ នៅ​ពេល​ខ្ញុំ​ឃើញ​ប្រទេស​ទាំង​ឡាយ​ជួប​គ្នា​ និង​កំពុង​មាន​ទំនាក់​ទំនង​ល្អ​នោះ»។​

ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដឹង​រួចទៅ​ហើយ​អំពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជូន​ និង​អ្វី​ទៅ​ដែល​ប្រទេស​ចិន​ មិន​អាច​ផ្តល់​ជូន​ រួមមាន​ការ​ទទួល​ស្គាល់​អំពី​កិច្ច​ដំណើរ​ការ​បោះឆ្នោត​ដែល​ប្រទេស​ចិន​មិន​អាច​ធ្វើ​បាន​នោះ។​

«ខ្ញុំ​គិត​ថា​ មាន​អ្វីៗ​ជា​ច្រើន​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ឲ្យ​ ហើយ​ដែល​ប្រទេស​ចិន​មិន​អាច​ផ្តល់​ឲ្យ។​ ខ្ញុំ​គិត​ថា​ រាជ​រដ្ឋាភិបាល​ដឹង​អំពី​រឿង​នេះ។​ ហើយ​ប្រាកដ​ជាង​នេះនោះ​គឺ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ចង់ឲ្យ​ពិភព​លោក​មើល​ឃើញ​ថា​ ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ ​និង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០១៨​គួរ​ឲ្យ​ជឿជាក់​នោះ​ នោះ​គឺ​ជា​អ្វីមួយ​ដែល​ចិន​មិន​អាច​ផ្តល់​ឲ្យ​នោះ​ទេ»។​

ជំនួយ​ចំនួន​៦០០​លាន​ដុល្លារ​ដែល​ចិន​សន្យា​ថា​ ផ្តល់​ឲ្យកម្ពុជានោះ​ក៏​នឹង​ត្រូវ​ផ្តល់សម្រាប់​វិស័យ​បោះឆ្នោត​នៅ​កម្ពុជាផង​ដែរ។​ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​អះអាង​ថា ​បញ្ហា​សំខាន់​នោះ​គឺ​ការ​ធានា​ការ​បោះឆ្នោត​ឲ្យ​មាន​ភាព​សេរី​ និង​យុត្តិធម៌ ​ត្រឹមត្រូវ​ គ្មាន​អំពើ​ហិង្សា​ ការ​ចាប់ចង​ ការ​ចោទ​ប្រកាន់​ក្រុម​អ្នក​ជំទាស់ ​មន្ត្រី​គ.ជ.ប. ​និង​ការ​បំបាត់​បរិយាកាស​ភ័យខ្លាច​ដោយ​សារ​តែ​ការ​សម្លាប់​អ្នក​វិភាគ​សង្គម​គឺ​លោក​បណ្ឌិត​ កែម ឡី​ ​ដែល​ទើប​កើត​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​នេះ។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ និង​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។​ ក្នុង​ការ​បោះឆ្នោត​ ដែល​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៣​ គណបក្ស​ប្រឆាំង​ទទួល​បាន​៥៥​អាសនៈ​នៅ​ក្នុង​សភា​ ខណៈដែល​គណបក្ស​គ្រប់​ប្រទេស​ដែល​ស្និទ្ធ​នឹង​ប្រទេស​ចិន​បាន​ទទួល​៦៨​អាសនៈ។​ ក្រុម​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​នេះ​អះអាង​ថា​ ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣​នោះ​មាន​ការ​គៃបន្លំ​ ហើយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​អ្នក​បោះ​ឆ្នោត​នោះ​ឡើយ៕

XS
SM
MD
LG