ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​របប​យោធា​ប្រទេស​​ម៉ាលី បន្ត​កិច្ច​ប្រជុំ​កំពូល​រយៈ​ពេល​៣ថ្ងៃ​ស្តី​ពី​គម្រោង​បង្កើត​រដ្ឋាភិបាល​អន្តរកាល


រូបឯកសារ៖ វរសេនីយឯក ​Assimi Goita ប្រធាន​​នៃ​របប​យោធា​​អម​ដោយ​​​អ្នក​នាំ​ពាក្យ​ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​។
រូបឯកសារ៖ វរសេនីយឯក ​Assimi Goita ប្រធាន​​នៃ​របប​យោធា​​អម​ដោយ​​​អ្នក​នាំ​ពាក្យ​ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​។

មេដឹកនាំ​របប​យោធា​ក្នុង​ប្រទេស​ម៉ាលី​ នឹង​បន្តការ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិរយៈ​ពេល​បី​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សាពីតំណាក់​កាល​អន្តរកាលមួយឆ្ពោះ​ទៅ​រក​រដ្ឋាភិបាលស៊ីវិល​មួយ ​គឺ​រយៈ​ពេល​មួយ​ខែ​បន្ទាប់​ពី​ទម្លាក់​លោក​ប្រធានាធិបតី ​Ibrahim Boubacar Keita ​ចេញ​ពី​តំណែង។ ​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ វរសេនីយឯក ​Assimi Goita ​ដែល​ជា​ប្រធាននៃ​របប​យោធា​នោះ ​បាន​ប្រាប់​ទៅ​គណបក្ស​នយោបាយ និង​ក្រុម​សង្គមស៊ីវិល​ដែល​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​រដ្ឋ​ធានី​បាម៉ាកូ​ ថា គ្រប់ៗ​គ្នា​ត្រូវ​ទុក​មួយ​ឡែក​សិន​នូវ​ជម្លោះ​ដែលមិន​ត្រូវ​គ្នា​ ដើម្បី​បង្កើត​នូវ​ប្រទេស​ម៉ាលី​មួយ​ដែល​មាន​ការ​កែ​ទម្រង់ ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​ប្រសើរ​ និង​សង្គមមួយ​ដែល​មាន​ភាព​យុត្តិធម៌​និង​ត្រឹម​ត្រូវ។

វរសេនីយឯក ​Assimi Goita ​និងក្រុ​ម​ទាហាន​ បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មួយ​ ដែល​នាំ​ទៅ​ដល់​ការ​ចុះ​ចេញ​ពី​តំណែង​របស់​លោក​ប្រធានាធិបតី ​Keita កា​លពី​ថ្ងៃទី​១៨​ ខែ​សីហា​ ឆ្នាំ​២០២០​នេះ។​

របប​យោធា​លើក​ឡើង​ថា​ ខ្លួន​ចង់ឲ្យ​ប្រទេស​នេះ​ វិល​ទៅ​រក​ការ​ដឹក​នាំដោយជន​ស៊ីវិល​ឡើង​វិញ ប៉ុន្តែ​ការ​ពិភាក្សា​គ្នាជាច្រើន​លើក​ជាមួយ​មេដឹក​នាំ​ក្នុង​តំបន់​ នៅ​មិន​ទាន់​ទទួល​បាន​ផ្លែ​ផ្កា​និង​កិច្ច​ព្រម​ព្រៀង​ណាមួយនៅ​ឡើយ​ទេ​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រកផ្លូវ​ដ៏​ច្បាស់​មួយ​សម្រាប់​តំណាក់​កាល​អន្តរកាល​នៃ​មេដឹកនាំ​ស៊ីវិល​នោះ។

ក្រុម​ប្រទេស​តំបន់​អាហ្វ្រិក​ខាង​លិច​ ឬហៅ​កាត់​ថា ​ECOWAS បាន​ទទូច​ឲ្យ​របប​យោធា​ ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ «គណៈកម្មការ​ជាតិ​សង្គ្រោះប្រជា​ពលរដ្ឋ»​នោះ​ បង្កើតឲ្យ​មាន​អ្ន​កដឹក​នាំ​អន្តរកាល​ជា​ជន​ស៊ីវិល​ត្រឹម​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ហើយ​ធ្វើការ​បោះ​ឆ្នោតក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​និង​នាយករដ្ឋ​មន្រ្តី៕

XS
SM
MD
LG