ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ម៉ាលី​លាចេញ​ពី​តំណែង​ បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ពួកទាហាន​ឧទ្ទាម


កងទាហានប្រមូលផ្តុំនៅទីលានឯករាជ្យក្នុងក្រុងបាម៉ាកូ ប្រទេសម៉ាលី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
កងទាហានប្រមូលផ្តុំនៅទីលានឯករាជ្យក្នុងក្រុងបាម៉ាកូ ប្រទេសម៉ាលី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតី​ប្រទេស​ម៉ាលី​លោក Boubacar Keita បាន​លាចេញ​ពី​តំណែង​កាលពី​យប់​ថ្ងៃ​អង្គារ ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ពួក​ទាហាន​បះបោរ​ ក្រោយ​ពី​មាន​ភាព​ចលាចល​នយោបាយ​អស់​រយៈពេល​ជាច្រើន​ខែ​នៅ​ក្នុង​ប្រទេស​មក។

លោក Keita ដែល​ពាក់​ម៉ាស់​ការពារ​វីរុស​កូរ៉ូណា​និង​ហាក់ដូចជា​គ្មាន​កម្លាំង​ បាន​បង្ហាញ​ខ្លួន​នៅ​ទូរទស្សន៍​រដ្ឋ ដោយ​ប្រកាស​ថា លោក​បាន​ចុះចេញ​ពី​តំណែង​ដើម្បី​បញ្ចៀស​ការ​បង្ហូរឈាម។

ប្រធានាធិបតីម៉ាលីលោក Boubacar Keita ថ្លែងលាលែងពីតំណែងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
ប្រធានាធិបតីម៉ាលីលោក Boubacar Keita ថ្លែងលាលែងពីតំណែងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

មេដឹកនាំ​អាយុ ៧៥ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា ប្រសិនបើ «ពួក​យោធា​ខ្លះ» ចង់​បញ្ចប់​តំណែង​ប្រធានាធិបតី​របស់​លោក «ដោយ​ការ​ធ្វើ​អន្តរាគមន៍​របស់​ពួកគេ» គឺ​លោក «គ្មាន​ជម្រើស​ទេ»។ លោក Keita ក៏​បាន​ប្រកាស​ផងដែរ​ថា រដ្ឋាភិបាល​របស់​លោក​និង​រដ្ឋសភា​នឹង​ត្រូវ​រំលាយ។

សុន្ទរកថា​លាចេញ​ពី​តំណែង​របស់​លោក Keita បាន​បញ្ចប់​ភាព​ចលាចល​រយៈពេល​មួយ​ថ្ងៃ​នៅ​ពេល​ដែល​ពួក​ទាហាន​បាន​រឹបអូស​យក​កាំភ្លើង​ពី​បន្ទាយ​យោធា​នៅ​ក្នុង​ទីក្រុង Kati ហើយ​បាន​សម្រុក​ចូល​រដ្ឋធានី​បាម៉ាកូ។

អ្នក​យកព័ត៌មាន​ម្នាក់​នៅ​ក្នុង​ប្រទេស​ម៉ាលី​បាន​ប្រាប់​សេវា​ផ្សាយ​ជា​ភាសាបារាំង​របស់ VOA ថា ពួក​ទាហាន «បាន​សម្រុក​ទាំង​កម្រោល​ទៅ​ឃ្លាំង​អាវុធ យក​កាំភ្លើង ហើយ​បាន​ចាប់ផ្តើម​បាញ់​ទៅលើ​អាកាស និង​ចេញ​មក​ក្រៅ ហើយ​កាត់ផ្តាច់​ការ​ចេញ​ចូល​ក្នុង​បន្ទាយ​ទាហាន​នោះ»។

ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​កណ្តាល​រដ្ឋធានី​បាម៉ាកូ​ស្រែក​ហ៊ោ​អបអរ​ពួក​ទាហាន នៅពេល​ដែល​ពួកគេ​ដើរចូល​ផ្ទះ​លោក Keita ដើម្បី​ចាប់ខ្លួន​លោក។

ពួក​ទាហាន​បាន​ចាប់​ខ្លួន​លោក​ប្រធានាធិបតី Keita និង​លោក​នាយករដ្ឋមន្ត្រី Boubou Cisse នៅឯ​គេហដ្ឋាន​របស់​លោក Keita ហើយ​បាន​បញ្ជូន​ពួកគេ​ទៅកាន់​ទីក្រុង Kati ជា​កន្លែង​ដូច​គ្នា​ដែល​នៅ​ទីនោះ រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី Tomani Toure កាល​ពី​ឆ្នាំ ២០១២ បាន​ចាប់ផ្តើម៕

XS
SM
MD
LG