ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សហភាព​អាហ្វ្រិក​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ប្រធានាធិបតី និង​មេដឹកនាំ​ផ្សេង​ទៀត​របស់​ប្រទេស​ម៉ាលី


រូបឯកសារ៖ ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa ដែល​បាន​ថ្លែង​ក្នុង​នាម​ជា​ប្រធាន​សហភាព​អាហ្វ្រិក ថ្លែងនៅក្នុងជំនួបតាមវីដេអូមួយអំពីជំងឺកូវីដ១៩ នៅក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។
រូបឯកសារ៖ ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa ដែល​បាន​ថ្លែង​ក្នុង​នាម​ជា​ប្រធាន​សហភាព​អាហ្វ្រិក ថ្លែងនៅក្នុងជំនួបតាមវីដេអូមួយអំពីជំងឺកូវីដ១៩ នៅក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។

ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa ដែល​បាន​ថ្លែង​ក្នុង​នាម​ជា​ប្រធាន​សហភាព​អាហ្វ្រិក បាន​ថ្កោលទោស​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​ម៉ាលី។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ លោក Ramaphosa បាន​អំពាវនាវ​ដល់​ពួក​ទាហាន​បះបោរ​នៅក្នុង​ប្រទេស​ម៉ាលី​ឲ្យ​ដោះលែង​លោក​ប្រធានាធិបតី Boubacar Keita លោក​នាយក​រដ្ឋមន្រ្តី Boubou Cisse និង​មន្រ្តី​រដ្ឋាភិបាល​កំពូលៗ​ផ្សេង​ទៀត។

ក្នុង​អំឡុងពេល​នៃ​ការ​ថ្លែង​សុន្ទរកថា​លាចេញ​ពី​តំណែង​របស់​លោក លោកប្រធានាធិបតី Keita ដែល​ត្រូវ​បាន​ឃុំឃាំង​នៅក្នុង​បន្ទាយ​យោធា​នៅជិត​រដ្ឋធានី​បាម៉ាកូ បាន​ប្រកាស​ពី​ការ​រំលាយ​រដ្ឋសភា និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី Boubou Cisse។

ពួកទាហាន​ដែល​ហៅ​ខ្លួនឯង​ថា គណៈកម្មាធិការ​ជាតិ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ តែ​ឃុំ​ខ្លួន​លោក​ប្រធានាធិបតី Keita កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ រហូត​មកទល់​ពេល​នេះ ក្រុម​ទាហាន​នោះ គ្រាន់តែ​បាន​និយាយ​ថា ពួកគេ​នឹង​ធ្វើការ​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត។

ពលរដ្ឋ​ខ្លះបាន​ស្រែក​អបអរសាទរ​នៅ​តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​បាម៉ាកូ បន្ទាប់ពី​ទាហាន​បាន​ដណ្ដើម​កាន់កាប់​រដ្ឋាភិបាល និង​បង្ខំ​ឲ្យ​ប្រធានាធិបតី Keita ចុះចេញ​ពីដំណែង។

ក្នុង​ខណៈ​នោះដែរ លោក​ប្រធានាធិបតី Ramaphosa នៃប្រទេស​អាហ្វ្រិក​ខាង​ត្បូង កំពុង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ប្រទេស​ម៉ាលី​វិលត្រឡប់​ទៅ​រក​ការ​គ្រប់គ្រង​តាម​បែប​ស៊ីវិល និង​ប្រជាធិបតេយ្យ​វិញ។

គណៈកម្មការ​សហភាព​អាហ្វ្រិក​បាន​ផ្អាក​ប្រទេស​ម៉ាលី​ជាបណ្តោះ​អាសន្ន​ពី​សមាជិក ភាព​ក្នុង​សហភាព​អាហ្វ្រិក រហូត​ទាល់តែ​មាន​ការ​ស្ដារ​ឡើងវិញ​នូវ​របៀបរៀបរយ​តាម​រដ្ឋធម្មនុញ្ញ និង​ការ​ដោះលែង​ថ្នាក់​មេដឹកនាំ​រដ្ឋាភិបាល៕

XS
SM
MD
LG