ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីទូរសព្ទ Lenali ជួយ​ដោះស្រាយ​ភាព​មិន​ចេះ​អក្សរ និង​បង្កើន​អាជីវកម្ម​ក្នុង​ស្រុក​នៅ​ប្រទេស​ម៉ាលី


កម្មវិធី​ទូរសព្ទដៃដោះស្រាយ​បញ្ហា​អនក្ខរកម្ម​ក្នុង​ប្រទេស​ម៉ាលី និង​ជួយ​ជំរុញ​អាជីវកម្មក្នុង​ស្រុក
កម្មវិធី​ទូរសព្ទដៃដោះស្រាយ​បញ្ហា​អនក្ខរកម្ម​ក្នុង​ប្រទេស​ម៉ាលី និង​ជួយ​ជំរុញ​អាជីវកម្មក្នុង​ស្រុក

អ្នកស្រី Ada Tembeli ស្ថិត​ក្នុង​ចំណោម​សហគ្រិន​មួយ​ចំនួន ដែល​មិន​បាន​រៀន​សូត្រ​ក្នុង​សាលា ប៉ុន្តែ​បាន​រក​ឃើញ​វិធី​ថ្មី និង​ងាយ​ស្រួល​ជាង​មុន​មួយ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ដោយ​ប្រើ​កម្មវិធីលើ​ទូរសព្ទ​ដៃ។

អ្នកស្រី Tembeli ដែល​ជា​អ្នក​លក់​ផ្លែឈើ​តាម​ផ្លូវ​សាធារណៈ បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ផ្លែឈើ​ដ៏​គួរ​ឲ្យ​ចង់​ញ៉ាំ។ ខ្ញុំ​មាន​លក់​ក្រូច ប៉ោម ចេក ម្នាស់។ ថ្ងៃ​នេះ ខ្ញុំ​មាន​លក់​ផ្លែឈើ​ស្ទើរតែ​គ្រប់​មុខ​ទាំង​អស់​ដែល​អ្នក​ត្រូវការ។ ដើម្បី​រក​កន្លែង​ខ្ញុំ​លក់ សូម​ធ្វើ​ដំណើរ​ទៅ​ដល់​ស្ពាន​ទី ៣ អ្នក​នឹង​ឃើញ​ខ្ញុំ​ហើយ»។

អ្នកស្រី​បាន​ប្រើ​ទូរសព្ទ smart phone ដើម្បី​ទាក់ទាញ​អតិថិជន ដោយ​បាន​ផ្ញើ​សារ​ជា​សំឡេង​ជា​ភាសា Bambara បញ្ជាក់​ប្រាប់​អំពី​ទីតាំង​នៃ​កន្លែង​លក់​ដូរ​របស់​អ្នកស្រី ក៏​ដូចជា​រូបថត​នៃ​ផ្លែឈើ​ដែល​អ្នកស្រី​មាន​លក់។

អ្នកស្រី​ថា កម្មវិធីទូសព្ទLenali នេះ គឺ​ងាយស្រួល​ប្រើ​សម្រាប់​អ្នក​ប្រើប្រាស់​ដូចជា​អ្នកស្រី​ជា​ដើម ដែល​មិន​ចេះ​ភាសា​បារាំង ដែល​ជា​ភាសា​ដែល​គេ​ប្រើ​នៅ​ក្នុង​ការ​ទំនាក់ទំនង​អាជីវកម្ម​នៅ​តំបន់​និយាយ​ភាសា​បារាំង​នៃ​ទ្វីប​អាហ្វ្រិក។

អ្នកស្រី Tembeli បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ដំឡើង​កម្មវិធី នេះ​ដោយ​ខ្លួន​ឯង ដោយសារតែ​វា​មាន​ជា​ភាសា Bambara ភាសា Soninke និង​ស្ទើរតែ​គ្រប់​ភាសា​ទាំង​អស់»។

លោក Mamadou Gouro Sidibe ដែល​ជា​អ្នក​បង្កើត​កម្មវិធី app នេះ​ឡើង គឺ​ជា​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​មក​ពី​ប្រទេស​ម៉ាលី។ លោក​និយាយ​ថា លោក​ជួយ​អ្នក​ដែល​មិន​ចេះ​អាន ឬ​ក៏​មិន​ចេះ​សរសេរ​អក្សរ ក៏​ដូចជា​ចង់​ជួយ​អ្នក​ដែល​ចង់​ចែក​រំលែក​ព័ត៌មាន​ជា​ភាសា​បារាំង ប៉ុន្តែ​មិន​ចេះ​ភាសា​បារាំង​ផង​ដែរ។

លោក Sidibe លើក​ឡើង​ដូច្នេះ​ថា៖ «មនុស្ស​ជា​ច្រើន​ឲ្យ​គេ​ដំឡើង​កម្មវិធី​នានា​ឲ្យ ដោយសារតែ​ពួកគេ​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន។ ដោយសារ​តែ​បញ្ហា​នេះ​ហើយ បាន​ជា​យើង​បង្កើត​ការណែនាំ​ជា​សំឡេង​ជា​ភាសា​ក្នុង​ស្រុក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​យល់​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ»។

លោក Sidibe និយាយ​ថា រឿង​សាមញ្ញៗ​មួយ​ចំនួន​ដូចជា​ការ​បង្កើត​ទំព័រ​អំពី​ប្រវត្តិ​ត្រួសៗ​ជា​ដើម អាច​ជា​ការ​ប្រឈម​សម្រាប់​មនុស្ស​មួយ​ចំនួន។

លោក Sidibe ថ្លែង​ដូច្នេះ​ថា៖ «ប្រសិនបើ​អ្នក​ចេះ​សរសេរ​អក្សរ អ្នក​អាច​សរសេរ​បាន ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចេះ​វិញ អ្នក​អាច​និយាយ​ថត​សំឡេង​ដាក់​កម្មវិធីនេះ​បាន។ បន្ទាប់​មក អ្នក​អាច​បង្ហោះ​សំឡេង​នោះ​លើ​គណនី​របស់​អ្នក​នៃ​កម្មវិធីនេះ និង​អាច​បញ្ចេញ​មតិ​ជា​សំឡេង​បាន​ផង​ដែរ។ អ្នក​អាច​ធ្វើ​អ្វីៗ​បាន​ច្រើន​តាម​កម្មវិធីនេះ ដោយ​មិន​ចាំបាច់​ត្រូវ​សរសេរ​អក្សរ​នោះ​ទេ»។

មុន​ពេល​មាន​កម្មវិធីនេះ ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ម៉ាលី​ពឹងផ្អែក​លើ​មិត្តភក្ដិ ក្រុម​គ្រួសារ និង​ការ​និយាយ​តៗ​គ្នា ដើម្បី​អាច​បន្ត​អាជីវកម្ម​ទៅ​មុខ​បាន។

សម្រាប់​លោក Boubacar Sidiki Koita ដែល​ជា​ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ទីក្រុង Bamako កម្មវិធីនេះ​បាន​ជួយ​លោក​ច្រើន។

លោក Koita បញ្ជាក់​ដូច្នេះ​ថា៖ «តាំង​ពី​ពេល​ដែល​ខ្ញុំ​ប្រើ​កម្មវិធី Lenali នេះ​មក អតិថិជន​បាន​កើន​ឡើង។ ឥឡូវ​នេះ ខ្ញុំ​អាច​លក់​ម៉ូតូ​បាន ២០ គ្រឿង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​កាល​ពី​មុន ខ្ញុំ​អាច​លក់​បាន​តែ ៥ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ»។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ម៉ាលី​តែ​មួយ​ភាគ​បី​ប៉ុណ្ណោះ​ដែល​ចេះ​អក្សរ។ លោក Sidibe ថា កម្មវិធី ដែល​មិន​គិត​លុយ​នេះ មាន​តាំង​ពី​ខែ​មករា ឆ្នាំ ២០១៧ មក។ កម្មវិធី នេះ​មាន​អ្នក​ប្រើប្រាស់​ជាង ៧ ម៉ឺន ៣ ពាន់​នាក់ និង​ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​រក​ចំណូល​បាន នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​កើន​ដល់ ២ សែន​នាក់៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG