ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​បង្រ្កាប​ក្រុម​អ្នក​រិះគន់


រូប​ឯកសារ៖ អ្នក​កាសែត​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​កន្លែង​ដាក់​សព​នៃ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង Seremban ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ជា​ច្រើន​ និង​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​ទៅ​លើ​អ្នក​រិះគន់​រដ្ឋាភិបាលម៉ាឡេស៊ី​​​ថ្មី​ដែល​កំពុង​តែ​ត្រៀម​ខ្លួន​ប្រឆាំង​នឹង​អ្នក​រិះគន់​​បាន​ធ្វើ​ឱ្យ​ក្រុម​សិទ្ធិ​មនុស្ស​ មាន​ការ​ព្រួយ​បារម្ភ​​ថា ការ​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​​ប្រទេស​នេះ​កំពុង​តែ​ធ្លាក់​ចុះ។

ក្រុម​សិទ្ធិ​មនុស្សបាន​លើក​ឡើង​ថា​ ចាប់​តាំង​ពី​ថ្ងៃទី៦​ ខែ​ឧសភា​មក ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៨នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ ឬ​ត្រូវ​បាន​កោះ​ហៅ​ទៅសួរ​នាំចំពោះ​សារ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ ស្ថាប័ន​ប៉ូលិស​ ឬ​ទៅ​លើ​រាជវង្ស​ដែល​ពួក​គេ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ដែល​ក្នុង​នោះអ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ រួម​មាន​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ អ្នក​សារព័ត៌មាន​ និង​ប្រធាន​អង្គការ​ឃ្លាំមើលអំពើ​ពុករលួយ​ក្នុង​រដ្ឋាភិបាលផង​ដែរ។ ​

លោក​ Thomas Fann ប្រធាន​អង្គការគាំទ្រ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មួយ​ឈ្មោះ ​Bersih បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​កំពុង​ចាប់​ផ្តើម​មើល​ឃើញការ​ត្រឡប់​ទៅ​រក​ទម្លាប់​របស់រដ្ឋាភិបាល​ចាស់​ដែល​បាន​ប្រកាន់​យក​គឺ​អ្នក​រិះគន់​មិន​គ្រាន់​តែ​ត្រូវ​បាន​គេ​ហៅ​ទៅ​សាក​សួរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​កំពុង​តែ​ទទួល​នូវ​ការ​ចោទ​ប្រកាន់​ និង​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​ផង​ដែរ»។​

លោក​បន្ថែម​ទៀត​ថា «អាជ្ញាធរ​របស់​ប្រទេស​ម៉ាឡេស៊ី​ចង់​ផ្ញើ​សារ​ដ៏​ខ្លាំង​មួយ​ថា​ពួក​គេ​នឹង​មិន​អត់ឱន​ចំពោះ​ការ​ប្រឆាំង​មួយ​មក​លើ​ពួក​គេ​ឡើយ»។

រដ្ឋាភិបាល​ជាតិ​ដែល​គ្រប់​គ្រង​ប្រទេស​ដ៏​យូរ​ និង​ពោរ​ពេញ​ដោយ​អំពើ​ពុក​រលួយ​របស់​គណបក្ស​ចម្រុះ​ Barisan ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បាន​ចាញ់​ការ​បោះ​ឆ្នោត​សកល​ក្នុង​ឆ្នាំ​២០១៨​ ដែល​ពេល​នោះ​រដ្ឋាភិបាល​ចម្រុះ​កែ​ទម្រង់​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​និង​ដឹក​នាំ​ដោយ​អតីត​នាយក​រដ្ឋ​មន្ត្រី​ Mahathir Mohamad ប៉ុន្តែ​រដ្ឋាភិបាលថ្មី​នេះ​បាន​ដួល​រលំ​កាល​ពី​ខែ​កុម្ភៈ នៅ​ពេល​ដែល​សមាជិក​សភា​បំបែក​ខ្លួន​មួយ​ចំនួន​បាន​ទៅ​ចូលរួម​កម្លាំង​ជាមួយ​គណបក្ស​នាំមុខរបស់​រដ្ឋាភិបាល​អាណត្តិ​មុន​ ដែល​ប្រការ​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ដណ្តើមអំណាច​គ្នា​ក្នុង​ចំណោម​ថ្នាក់ដឹក​នាំ​ ហើយ​ដែល​នៅ​ទី​បំផុតព្រះ​មហាក្សត្រ​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​តែង​តាំង​អ្នក​ចុះ​ចូល​ម្នាក់​គឺ​លោក Muhyiddin Yassin ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី។

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mohamad ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅទីស្នាក់ការ​គណបក្ស​របស់​លោក​នៅ​ក្នុង​ក្រុង Petaling Jaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mohamad ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅទីស្នាក់ការ​គណបក្ស​របស់​លោក​នៅ​ក្នុង​ក្រុង Petaling Jaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ព្រះ​មហាក្សត្ររបស់​ប្រទេស​ម៉ាឡេស៊ី​ បាន​អះ​អាង​ថា​លោក​ Muhyiddin ប្រមូល​បាន​ការ​គាំទ្រ​សមាជិក​សភា​ភាគ​ច្រើន​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក​ Muhyiddin មិន​ទាន់​ទទួល​បាន​ការ​សាកល្បង​សម្រាប់​ការ​បោះ​ឆ្នោត​មួយ​នៅ​ក្នុង​រដ្ឋសភា​នៅ​ឡើយ​ទេ។ អ្នក​រិះគន់ ​«ចំពោះ​រដ្ឋាភិបាល​ដែល​កើត​តាម​ទ្វារ​ក្រោយ»​ របស់​លោក​ Muhyiddin នេះ​មាន​ការ​សោកស្តាយ​ចំពោះ​ការ​ត​ថ្លៃ​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​ដែល​សុខ​ចិត្ត​នៅ​រួម​គ្នា​ ហើយ​អ្នក​រិះគន់ចង់​ឃើញ​មាន​ការ​បោះឆ្នោត​ជា​សកល​ថ្មី​មួយ​កើត​ឡើង។

លោក ​Fann បាន​លើក​ឡើង​ថា​ ការ​ស៊ើប​អង្កេត ​និងការ​កាត់​ទោស​អ្នក​រិះគន់​រដ្ឋាភិបាល​បាន​ថម​ថយ​វិញ​ បន្ទាប់​ពី​ការ​បរាជ័យ​របស់​គណបក្ស​ចម្រុះ​ Barisan កាល​ពី២​ឆ្នាំមុន ហើយ​លោក​បារម្ភ​ថា​ការ​កើន​ឡើង​នូវ​ការ​បង្ក្រាប​នៅ​ពេល​ថ្មីៗ​នេះ​នឹង​ដាក់​សម្ពាធដល់​ក្រុម​សមាជិក​សភា​ និង​អ្នក​សារព័ត៌មាន​ឱ្យ​ដាក់​កំហិត​លើ​ខ្លួនឯងមិនហាន​និយាយ​ស្តី។​

លោក Fann​ ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖ «នេះ​ជា​រឿង​មួយ​គួ​ឱ្យ​អាម៉ាស់យ៉ាង​ពិត​ប្រាកដ​ ពីព្រោះ​យើង​កំពុង​តែ​ចាប់​ផ្តើម​ឃើញ​នូវ​សារព័ត៌មាន​ដែល​មាន​លក្ខណៈ​បើក​ចំហ និង​ដូច​អ្នក​ដឹង​ហើយ​ថា​សារព័ត៌មាន​កំពុង​តែ​បញ្ចេញ​សំឡេង​របស់​ខ្លួន​យ៉ាង​ខ្លាំង​ឡើង និង​កំពុង​តែ​មាន​ឯករាជ្យ​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ។​

ក្នុង​ចំណោម​មនុស្ស​ដែល​រង​ផលវិបាកដោយ​សារ​រិះ​គន់​នូវ​អំពើ​អាក្រក់​របស់រដ្ឋាភិបាល​ថ្មី​នេះ​ រួម​មាន​លោក​ស្រី ​Cynthia Gabriel នាយក​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​ឯករាជ្យ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​បក្សពួក​និយម។ លោក​ស្រី​ត្រូវ​បាន​ប៉ូលិស​កោះ​ហៅ​ទៅ​សួរ​នាំ​កាល​ពី​ថ្ងៃទី១០ ខែ​មិថុនា​ ទាក់​ទង​នឹង​រឿង​លិខិត​ចំហ​មួយ​របស់​លោក​ស្រី​ ដែល​ទាមទារ​ឱ្យ​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់ប្រទេស​ម៉ាឡេស៊ី​ ធ្វើ​ការ​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​តថ្លៃ​គ្នា​ផ្នែក​នយោបាយ​ និង​ការ​ចំណាយ​លុយ​ទិញ​ទឹក​ចិត្តភក្តីភាពរបស់​សមាជិក​សភា។

លោក​ស្រី​ Gabriel ហៅ​ការ​កោះ​ហៅ​របស់​លោក​ស្រី​ទៅ​សាក​សួរនោះថា​ជា​ «ទង្វើ​បំភិត​បំភ័យ​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ» ក្នុង​បំណង​បំបិទ​មាត់​លោក​ស្រី និង​អ្នក​ដទៃ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​ Muhyiddin ដែល​ទើប​ចាប់​កំណើត​នេះនៅ​មិន​ទាន់​រឹងមាំ។​

លោក​ស្រី​ Gabriel ​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «មាន​ក្រុមជា​ច្រើន​នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ ហើយ​ការ​តស៊ូ​ដណើ្តម​អំណាច​មិន​ដែល​មាន​ភាព​តានតឹង​ដូច​ក្នុង​ពេល​នេះ​ទេ។ ដូច​នេះ​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​ការ​កាន់​អំណាច​បាន​ធ្វើ​ឱ្យ​អ្នក​រិះគន់​ និង​អ្នក​ប្រឆាំង​ក្លាយ​ជា​ជន​រង​គ្រោះ​ដ៏ធំ​ នៅ​ពេល​ដែល​អាជ្ញាធរ​ប្រើ​ប្រាស់​នូវ​អំណាច​របស់​គេ​ ក្នុង​ការ​បំបិត​មាត់​របស់​យើង​ និង​សាប​ព្រួស​នូវ​ភាព​ភ័យ​ខ្លាច​ដូច​រដ្ឋ​ផ្តាច់​ការ​មួយ​ផងដែរ»។​

ការ​កោះ​ហៅ​នា​ពេល​ថ្មីៗ​នេះ​ក៏​រួម​មាន​ផង​ដែរ​សមាជិក​សភា​គណបក្ស​ប្រឆាំង​លោក Xavier Jayakumar ដែល​បានរិះគន់​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាលក្នុង​ការ​បង្រួញពេល​វេលា​ប្រជុំ​របស់​សភា​កាល​ពី​ថ្ងៃទី១៨ ខែ​ឧសភា​កន្លង​ទៅ​ ដើម្បី​ជៀស​វាង​នូវ​របៀប​វារៈនៃ​ការ​បោះ​ឆ្នោត​មិនទុក​ចិត្ត​មួយ​សម្រាប់​រដ្ឋាភិបាល។​

ក្នុង​ចំណោម​អ្នក​រង​ការចោទ​ប្រកាន់​ផ្សេង​ៗ​ទៀត​ក៏រួម​មាន​ផង​ដែរអ្នក​សរសេរ​ប្លុក (blog) ដែល​បាន​បង្ហោះ​សារ​និយាយ​ពី​នាយក​រដ្ឋមន្ត្រី​ និង​ព្រះមហាក្សត្រ​របស់​ម៉ាឡេស៊ី និង​អតីត​អ្នក​អត្ថាធិប្បាយ​តាម​វិទ្យុម្នាក់​ដែល​បាន​បង្ហោះ​សារដែល​គេ​ចាត​ទុក​ថា​រិះគន់​ព្រះអង្គម្ចាស់​រាជទាយាទ​របស់​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ។

មជ្ឈមណ្ឌល​ម៉ាឡេស៊ី​សម្រាប់​សារ​ព័ត៌មាន​ឯករាជ្យ​បាន​ឱ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​ហួស​ហេតុលើស​ពី​ភាព​ចាំ​បាច់​ដែល​សមស្រប​ក្នុង​ការ​រក្សាសណ្តាប់​ធ្នាប់​សាធារណៈ។

«យើង​ត្រូវ​ការ​បរិយាកាស​មួយ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​លើក​ស្ទួយ​នូវ​ការ​ពិចារណា​ស៊ី​ជម្រៅ​ ឬ​ critical thinking និង​ការ​ពិភាក្សាប្រកប​ដោយ​អត្ថន័យ​ ដែល​នឹង​ជួយ​លើក​កម្ពស់​ដល់​អភិបាល​កិច្ច​ល្អ​និង​ប្រជាធិបតេយ្យ» នេះ​បើ​យោង​តាម​សម្តីដើម​របស់​លោក​ស្រី​ Wathshlah Naidu នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ម៉ាឡេស៊ី​សម្រាប់​សារ​ព័ត៌មាន​ឯករាជ្យ។

លោក​ស្រី​បន្ត​ក្នុង​សម្ដី​ដើម​ទៀត​ថា៖ «នេះ​ជាពេល​វេលា​ដែល​យើង​បដិសេធ​នូវ​សកម្មភាព​របស់​រដ្ឋ​អំណាច​ដែល​បំបិទ​សំឡេង​ប្រឆាំង​ដើម្បី​ធ្វើ​ឱ្យ​សេរី​ភាព​នៃ​ការ​បញ្ជេញ​មតិ​និង​យោបល់​មាន​ការ​លូតលាស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី»។​

ក្រុមអង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ឈ្មោះ Article 19 (មាត្រា១៩) ​និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch ក៏​បានលើក​ឡើង​ផង​ដែរ​ទាក់​ទង​នឹង​រឿង​នេះ។

លោក Phil Robertson នាយករង​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «ពល​រដ្ឋម៉ាឡេស៊ី​គួរ​មាន​លទ្ធ​ភាព​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​និង​គោល​នយោបាយ​របស់​គេ​ ដោយ​មិន​ភ័យ​ខ្លាច​នូវ​ការ​កោះ​ហៅ​ទៅ​សាកសួ​របស់​ប៉ូលិស​ និង​ទទួល​រង​ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​នោះ​ទេ»។

ក្រុម​សិទ្ធិ​មនុស្ស​បាន​ដាក់​ការ​បន្ទោស​មួយ​ផ្នែក​ទៅ​លើ​ច្បាប់​មួយ​ចំនួន ​ដែល​មាន​ភាព​មិន​ច្បាស់​លាស់ ​និង​ទូលំ​ទូលាយ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​យក​មកប្រើ​ប្រាស់​ក្នុង​ការ​បង្រ្កាប​នៅ​ក្នុង​រឿងនេះ​ ដែល​ក្នុង​នោះ​រួម​មាន​ដូច​ជា​ផ្នែក​ខ្លះ​នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​ ច្បាប់​ស្តីពី​សារគមនាគមន៍​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​ និង​ច្បាប់​ប្រឆាំង​ការ​បះបោរ​ជា​ដើម។

លោក​ Thomas Fann ប្រធាន​អង្គការ​គាំទ្រ​ប្រជាធិបតេយ្យ Bersih បាន​បញ្ជាក់​ថា រដ្ឋាភិបាលមុន​របស់​លោក Mahathir​ បាន​ខក​ខាន​ក្នុង​ការកែប្រែ​ច្បាប់ទាំង​នេះ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​របស់​លោក Mahathir​ ពេល​នោះ​បាន​កែប្រែ​ច្បាប់ទាំងនេះ «ខ្ញុំ​គិត​ថា យើង​នឹង​មិន​ស្ថិត​ដូច​ស្ថានភាព​នា​ពេល​នេះ​ឡើយ ដែល​អ្នក​រិះ​គន់​ជា​អ្នក​ទទួលរង​គ្រោះ​ថ្នាក់នោះ»​។​

លេខា​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​ និង​លេខា​ទទួល​បន្ទុក​ផ្នែក​នយោបាយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​បដិសេធ​នូវ​សំណើ​សម្ភាសន៍​របស់ VOA។ លេខាធិការ​ផ្នែក​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ ដែល​គ្រប់​គ្រង​លើ​ស្ថាប័ន​ប៉ូលិស​ជាតិនោះ​ ក៏បាន​បដិសេធ​សំណើ​សុំ​សម្ភាសន៍​របស់​ VOA ផង​ដែរ។​ ដោយ​ឡែកប៉ូលិស​ជាតិ​ និង​ការិយាល័យ​របស់រដ្ឋ​អាជ្ញា​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើសុំ​ការ​បញ្ជាក់​ទាក់​ទង​នឹង​រឿង​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ​ លោក​ជ្រា​ វណ្ណារិទ្ធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG