ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ដូង​ប្រេង​ម៉ាឡេស៊ី​សន្យា​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ បន្ទាប់​ពី​អាមេរិក​ហាមឃាត់​ការ​នាំ​ចូល


ទង់ជាតិ​ម៉ាឡេស៊ី​នៅ​ខាង​ក្រៅ​ក្រុមហ៊ុន FGV Holdings Berhad ដែល​ជា​ក្រុមហ៊ុនដូងប្រេង​ធំ​បំផុត​មួយ​នៅ​ម៉ាឡេស៊ី ថ្ងៃទី ១ ខែតុលា ឆ្នាំ​២០២០។

ក្រុមហ៊ុន FGV Holdings Berhad​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ដូង​ប្រេង​ម៉ាឡេស៊ី​បាន​សន្យា​ថា​នឹង «បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន» បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ហាមឃាត់​ការ​នាំ​ចូល​ដូង​ប្រេង​ដោយសារ​តែ​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ប្រើ​ពលកម្ម​ដោយ​បង្ខំ​ និង​ការ​រំលោភ​បំពាន​ផ្សេងៗ។

ការិយាល័យ​ពន្ធ​គយនិង​ការពារ​ព្រំដែន​របស់​សហរដ្ឋអាមេរិក​បាន​ចេញ​បទ​បញ្ជា​មួយ​ប្រឆាំង​នឹង​ក្រុមហ៊ុន FGV ដោយ​បាន​លើកឡើង​ថា ការិយាល័យ​នេះ​បាន​រក​ឃើញ​ថា​ក្រុមហ៊ុន​នេះ​ប្រើ​ពលកម្ម​ដោយ​បង្ខំ​ រួម​ទាំង​ការ​ព្រួយបារម្ភ​ចំពោះ​ពលកម្ម​កុមារ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត​ ដូចជា​អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​អំពើ​ហិង្សា​ទៅ​លើរូប​រាងកាយ។

វិធានការ​ដែល​ត្រូវ​បាន​ប្រកាស​មួយ​សប្តាហ៍​បន្ទាប់​ពី​សារព័ត៌មាន The Associated Press (AP) បាន​បង្ហាញ​ពី​ការ​រំលោភ​បំពានដ៏​ខ្លាំងក្លា​មួយ​នៅ​ក្នុង​វិស័យការងារនៅ​ក្នុង​វិស័យ​ដូង​ប្រេង​ក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​តែ​ញត្តិ​ដែល​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​បាន​ដាក់​កាលពី​ឆ្នាំ​មុន។

ក្រុមហ៊ុន FGV បាន​និយាយ​ថា បញ្ហា​ទាំង​អស់​ដែល​ត្រូវ​បាន​លើក​ឡើង «ជា​កម្មវត្ថុ​នៃ​ការ​បង្ហាញ​ជា​សាធារណៈ​ចាប់​តាំង​ពី​ឆ្នាំ២០១៥​មក​ ហើយ​ក្រុមហ៊ុន FGV បាន​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​កែប្រែ​ស្ថានការណ៍​រួច​ហើយ»។

ក្រុមហ៊ុន FGV បាន​សរសេរ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «ក្រុមហ៊ុន FGV ខក​ចិត្ត​ដែល​សេចក្តីសម្រេច​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​ក្រុមហ៊ុន FGV កំពុង​តែ​ចាត់​វិធានការ​ជាក់លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​ការងារ»។

រូបឯកសារ៖ បុរស​ម្នាក់​បេះ​ផ្លែដូងប្រេង​នៅ​ចម្ការ​មួ​យ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរស​ម្នាក់​បេះ​ផ្លែដូងប្រេង​នៅ​ចម្ការ​មួ​យ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​ប្រទេស​ផលិត​ដូង​ប្រេង​ធំ​បំផុត​ទី២​នៅ​ក្នុង​ពិភពលោក។ បើ​រាប់​ទាំង​ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​ទាំង​ពីរ​នេះ​គ្រប់ដណ្តប់​ទីផ្សារ​សាកលលោក ដោយ​ផលិត​ការ​ផ្គត់ផ្គង់​ចំនួន​៨៥% ដែល​មាន​ទឹកប្រាក់​ចំនួន​៦៥ពាន់​លាន​ដុល្លារ។

ដូង​ប្រេង​និង​ផលិតផល​ធ្វើ​ពី​ដូងប្រេង​របស់​ក្រុមហ៊ុន FGV ដែល​មាន​ទំនាក់​ទំនង​ជិតស្និត​ជាមួយ​នឹង​អាជ្ញាធរ​សហព័ន្ធ​អភិវឌ្ឍដី​ធ្លី​របស់ម៉ាឡេស៊ី​ឬ​ហៅ​កាត់​ថា Felda កំពុង​ចរាចរណ៍​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ពហុ​ជាតិសាសន៍​សំខាន់ៗ​ជាច្រើន​ដែល​រួម​មាន​ក្រុមហ៊ុន Nestle ក្រុមហ៊ុន L’Oreal និង​ក្រុមហ៊ុន Unilever។ នេះ​បើ​យោង​តាម​បញ្ជី​រោងចក្រ​ដូងប្រេង​និង​អ្នក​ផ្គត់ផ្គត់​ដែល​ចេញ​ផ្សាយនា​ពេល​ថ្មីៗ​នេះ។ ធនាគារ​ធំៗ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​ប្រទេស​លោក​ខាង​លិច​ជាច្រើន​មិន​ត្រឹម​តែ​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​វិស័យ​ដូង​ប្រេង​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន FGV ផង​ដែរ។

អ្នក​សារព័ត៌មានAP បាន​សម្ភាស​បុគ្គលិក​បច្ចុប្បន្ន​និង​អតីត​បុគ្គលិក​ចំនួន​១៣០នាក់​មក​ពី​ប្រទេស​ចំនួន​៨​នៅ​ក្នុង​ក្រុមហ៊ុន​ដូងប្រេង​ចំនួន​២៤ រួម​ទាំង​អាជ្ញាធរ​សហព័ន្ធ​អភិវឌ្ឍដី​ធ្លី​របស់ម៉ាឡេស៊ី​ Felda ដែល​មាន​ភាគហ៊ុន​ប្រមាណ​១ភាគ៣​នៅ​ក្នុង​ក្រុមហ៊ុន FGV ផង​ដែរ។ អ្នក​សារព័ត៌មាន​ទាំង​នោះ​បាន​រកឃើញ​រឿងរ៉ាវ​ជាច្រើន​រាប់​ចាប់​ពី​ការ​មិន​បើក​ប្រាក់​ឈ្នួល រហូត​ដល់​អំពើ​ទាសភាព​ និង​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​សេពសន្ទវៈ ដែល​ជួន​កាល​ពាក់ព័ន្ធ​នឹង​អនិតិជន​ផង​ដែរ។ ពួកគេ​ក៏​បាន​រកឃើញ​ដែរ​ថា ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនាឥស្លាម​ដែល​មិន​មាន​រដ្ឋ​និង​ជា​ជនជាតិ​ភាគតិច​ដែល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ត្រូវ​បាន​គេ​ជួញដូរ​ទៅ​ឱ្យ​ចម្ការ​នានា និង​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​ទីនោះ។

បញ្ហា​ជាច្រើន​ដែល​បង្ហាញ​យ៉ាង​លម្អិតដោយ​នៃ​ការិយាល័យ​ពន្ធគយ​និង​ការពារ​ព្រំដែនរបស់អាមេរិក​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​សារព័ត៌មាន AP បាន​រក​ឃើញ ដែល​រួម​មាន​ការ​រឹតត្បិត​ការ​ដើរហើរ ការ​ដាក់​នៅ​តែ​ឯកឯង អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​អំពើហិង្សា​ទៅ​លើ​រូបរាងកាយ ការ​សំឡុត​បំភ័យ និង​ការ​គំរាមកំហែង ការ​ដកហូត​ឯកសារ​សម្គាល់​អត្តសញ្ញាណ ការ​ដក​ទុក​ប្រាក់​ឈ្នួល ការ​ធ្វើ​ការ​ដោះ​បំណុល ស្ថាន​ភាព​ធ្វើការ​និង​រស់នៅ​លក្ខណៈ​រំលោភ​បំពាន ម៉ោង​ធ្វើ​ការ​ហួស​ប្រមាណ និងការ​ព្រួយ​បារម្ភ​អំពី​ការ​បង្ខំ​ឲ្យ​កុមារ​ធ្វើ​ការ​ដែល​អាច​នឹង​កើត​មាន​ផង​ដែរ។

ក្រុមហ៊ុន FGV បាន​និយាយ​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក ឬ​ជួល​ជន​ភៀស​ខ្លួន​ណា​មួយ​មក​ធ្វើ​ការ​នោះ​ទេ។ ក្រុមហ៊ុន​នេះបាន​ឲ្យ​ដឹង​ថា ខ្លួន​មិនជួល​កម្មករ​កិច្ចសន្យា​នោះ​ទេ។ ក្រុមហ៊ុន​បាន​បន្តថា កម្មករ​ចំណាកស្រុក​ត្រូវ​បាន​ជ្រើសរើស​ជា​ចម្បង​មក​ពី​ប្រទេស​ឥណ្ឌា និង​ឥណ្ឌូណេស៊ី​តាម​វិធី​ស្រប​ច្បាប់​និង​ធានា​ថា កម្មករ​មិន​ត្រូវ​បាន​បង្ខំ​ឱ្យ​បង់​ប្រាក់​អ្វី​មួយ​នោះ​ទេ។

គិត​ត្រឹម​ខែសីហា ក្រុមហ៊ុន FGV មាន​កម្មករ​ឥណ្ឌូណេស៊ី​ចំនួន​១១.២៨៦នាក់ និង​កម្មករ​ឥណ្ឌា​ចំនួន​៤.៦៨៣នាក់។ បើ​បូក​ចំនួន​កម្មករ​ទាំង​២ប្រភេទ​នេះ​បញ្ចូល​គ្នា វា​គឺ​ជា​ចំនួន​ភាគច្រើន​នៅ​ក្នុង​ចម្ការ​ដូងប្រេង​នេះ។

ក្រុមហ៊ុន​នេះ​និយាយ​ថា ខ្លួន​កំពុង​តែ​ណែនាំ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​ឈ្នួល​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​អេឡិចត្រូនិក​សម្រាប់​កម្មករ​របស់​ខ្លួន។ ក្រុមហ៊ុន​នេះ​ថា ខ្លួន​មិន​រក្សា​ទុក​លិខិត​ឆ្លងដែន​របស់​កម្មករ​នោះ​ទេ ហើយ​មាន​ទូ​សុវត្ថិភាព​នៅ​ក្នុង​អគារ​ស្នាក់នៅ​ទាំង​៦៨​របស់​ខ្លួន​ដើម្បី​ឱ្យ​កម្មករ​អាច​រក្សា​ទុក​លិខិត​ឆ្លង​ដែន​របស់​ពួកគេ​បាន​ដោយ​មាន​សុវត្ថិភាព។

ក្រុមហ៊ុនFGV បាន​លើក​ឡើង​ថា ខ្លួន​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​៨៤លាន​ដុល្លារ​ក្នុង​រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​ដើម្បី​ធ្វើ​ឱ្យ​ការ​ស្នាក់​នៅ​របស់​កម្មករមាន​ភាព​ប្រសើរ​ឡើង និងដើម្បី​ផ្តល់​អត្ថប្រយោជន៍​សុខភាពដល់​កម្មករ។ ក្រុមហ៊ុន​នេះ​បន្ត​ទៀត​ថា អ្នក​ផ្គត់ផ្គង់​និង​អ្នក​លក់​ទំនិញ​ត្រូវ​គោរព​តាម​ក្រម​សីលធម៌​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុនFGV បាន​និយាយ​ថា «ក្រុមហ៊ុនFGV មិន​អត់ឱន​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ទម្រង់​ណា​មួយ ឬ​បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​នោះ​ទេ» និង​បាន​បន្ថែម​ថា «ខ្លួន​នឹង​ចាត់វិធានការ​លើ​ការ​ចោទប្រកាន់​លើ​អំពើ​ហិង្សា​ផ្លូវ​ភេទ ឬ​រាងកាយ ឬ​ការ​សំឡុត​បំភ័យ»។

ក្រុមហ៊ុនFGV បាន​លើកឡើង​ថា ខ្លួន​បាន​បញ្ជូនភស្តុតាង​នៃ​ការ​គោរព​តាម​ស្តង់ដារ​ពលកម្ម​ទៅ​កាន់​ ការិយាល័យ​ពន្ធគយនិង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​មុន ហើយ​នឹង​បន្ត​សហការ​ដើម្បី «បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន FGV និង​ប្តេជ្ញា​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​ការងារ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG