ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ម៉ាឡេស៊ី​បន្ធូរបន្ថយ​ការ​ហាមឃាត់​ការ​ជួល​ពលករ​ចំណាកស្រុក​ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​វិស័យ​ឯកជន


មន្ត្រី​សន្តិសុខ​ពិនិត្យ​មើល​សីតុណ្ហភាព​របស់​អ្នក​ចូល​ក្នុង​ផ្សារ​មួយ​កន្លែង នៅ​ក្នុង​ក្រុង Penang ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
មន្ត្រី​សន្តិសុខ​ពិនិត្យ​មើល​សីតុណ្ហភាព​របស់​អ្នក​ចូល​ក្នុង​ផ្សារ​មួយ​កន្លែង នៅ​ក្នុង​ក្រុង Penang ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ប្រទេស​ម៉ាឡេស៊ី​កំពុង​ផ្អាក​អនុវត្ត​វិធានការ​ថ្មី​ដែល​ហាម​ឃាត់​ជំនួញ​ភាគច្រើន​មិន​ឱ្យ​ជួល​ពលករ​ចំណាកស្រុក​ទេ។ ការ​ផ្អាក​វិធានការ​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នក​ជំនួញ​បាន​ព្រមាន​ថា ការ​ធ្វើ​បែប​នេះ​អាច​នឹង​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​ស្តារ​សេដ្ឋកិច្ច ​ដែល​រង​ផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​សាកលលោក។

ការ​បិទ​សកម្មភាព​សង្គម​ដែល​មាន​រយៈពេល​រាប់​ខែ​បាន​ជួយ​ឲ្យករណី​ឆ្លង​ជំងឺ​កូវីដ១៩​ នៅមាន​ចំនួន​ទាប ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​អត្រា​គ្មាន​ការងារ​ធ្វើ​កើន​ឡើង​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មក​នេះ ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​ជាង ​៣ សែន​នាក់​បាត់បង់​ការងារ។ នៅ​ចុង​ខែ​កក្កដា ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្នុង​ស្រុក​ឱ្យ​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បាន រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​ម៉ាឡេស៊ី​បាន​ប្រកាស​ថា ក្រុមហ៊ុន​ទាំង​អស់​លើក​លែង​តែ​ក្រុមហ៊ុន​សំណង់ និង​កសិកម្ម​ ត្រូវ​ឈប់​ជួល​ពលករ​ចំណាកស្រុក។

ក្រុម​អ្នក​ជំនួញ​មាន​ការ​ភ្ញាក់ផ្អើល​នឹង​វិធានការ​ថ្មី​នេះ ហើយ​ក្រោយ​មក​បាន​ធ្វើ​ការ​រិះគន់​ ដោយ​បាន​ព្រមាន​ថា បទបញ្ញត្តិ​ថ្មី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​វិស័យ​ផ្សេង​ទៀត​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ពលករ​ចំណាកស្រុក​ដែរ​នោះ​ ខ្វះ​ខាត​កម្លាំង​ពលកម្មសម្រាប់​ធ្វើ​ការងារដែល​បាន​ប្រាក់​ឈ្នួល​ទាប ដោយសារ​តែ​ពលរដ្ឋ​ក្នុង​ស្រុក​មិន​ចង់​ធ្វើ​ការងារ​ទាំង​នេះ​ទេ។​

អ្នក​វិភាគ​បាន​និយាយ​ថា ពលករ​ចំណាកស្រុក​កម្រ​នឹង​ប្រកួតប្រជែង​ជាមួយ​នឹង​ពលរដ្ឋ​ក្នុង​ស្រុក​ក្នុង​ការ​រក​ការងារ​ធ្វើ​ណាស់ ហើយ​ពួកគេ​ហាក់​ដូចជា​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​មាន​ជំនាញ ជាជាង​ដណ្តើម​ការងារ​ពី​ពួកគេ​ទៅ​វិញ​ទេ។

ដោយ​យក​ចិត្ត​ទុកដាក់​លើ​ការ​លើកឡើង​របស់​វិស័យ​ឯកជន​នេះ លោក Saravanan Murugan រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​ម៉ាឡេស៊ី ​បាន​ប្រកាស​កាលពី​ពាក់​កណ្តាល​ខែ​សីហា​ថា វិស័យ​ទាំង​អស់​អាច​បន្ត​ជួល​ពលករ​បរទេស​បាន ប៉ុន្តែ​ត្រូវ​បន្ថែម​លក្ខខណ្ឌ​រឹតត្បិត​មួយ​ចំនួន​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​រាយការណ៍​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ថា៖ «ការងារ​របស់​ពលករ​បរទេស​គឺ​សម្រាប់​តែ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ស្រាប់​តែ​ប៉ុណ្ណោះ»។ លោក​បាន​បន្ថែម​ថា ពួកគេ​ត្រូវ​តែ​មាន​ប័ណ្ណ​ការងារ​ដែល​មាន​សុពលភាព និង​ត្រូវ​តែ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ដដែល​ដូច​មុន​ពេល​ដែល​ពួកគេ​បាន​ឈប់​ធ្វើ​ការ។

ខណៈ​ដែល​ក្រុមហ៊ុន​នានា​នៅ​តែ​មិន​អាច​នាំ​យក​ពលករ​ចំណាកស្រុក​ថ្មីៗ​ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ដោយសារ​តែ​ការ​បិទ​សកម្មភាព​សង្គម​ កំណែ​ប្រែ​មួយ​ចំនួន​របស់​រដ្ឋមន្ត្រី​ធនធាន​មនុស្ស​នៅ​តែ​មិន​អាច​បំពេញ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​ជំនួញជាច្រើន​នោះ​ទេ។ ប៉ុន្តែ​លោក Michael Kang ដែល​ជា​ប្រធាន​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ នៅ​តែ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​ថ្មី​នេះ។

លោក Michael Kang ​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ជា​ពិសេស​សម្រាប់​សេដ្ឋកិច្ច​ម៉ាឡេស៊ី យើង​នៅ​តែ​ត្រូវ​ការ​ពលករ​ចំណាកស្រុក»។

ទោះ​ជា​យ៉ាង​នេះ​ក្តី និយោជក​ជាច្រើន​ព្រមាន​ថា លក្ខខណ្ឌ​ដែល​រដ្ឋមន្ត្រី​ធនធាន​មនុស្ស​បាន​បន្ថែម​នោះ​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ចំណាត់ការ​ថ្មី​នេះ ហើយ​ពួកគេ​ចង់​ឱ្យ​ផ្អាក​ការ​អនុវត្ត​លក្ខខណ្ឌ​ទាំង​នេះ​ផង​ដែរ។ ពួកគេ​និយាយ​ថា ការ​បិទ​សកម្មភាព​សង្គម​ធ្វើ​ឱ្យ​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​ពន្យារ​សុពលភាព​ប័ណ្ណ​ការងារ ហើយ​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​ដែល​ត្រូវ​ការ​ពលករ​បរទេស​ភាគច្រើន​ទំនង​ជា​នឹង​បញ្ឈប់​ការងារ​របស់​អ្នក​ទាំង​នោះ​នៅ​ពេល​ថ្មីៗ​នេះ។ ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ពលករ​ចំណាកស្រុក​ស្រប​ច្បាប់​តិចតួច​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​អាច​ជួល​បាន។​

លោក Shamsuddin Bardan នាយក​សម្ព័ន្ធ​និយោជក​ម៉ាឡេស៊ី​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ក្នុង​ស្ថានភាព​បែប​នេះ មិន​មាន​វិធី​ណា​ដែល​ពួកគេ​អាច​ជួល​ពលករ​បរទេស​ណា​មួយ​នោះ​ទេ ដោយសារ​តែ​និយោជក​នៅ​ក្នុង​វិស័យ​ដូច​គ្នា​នឹង​មិន​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួន​នោះ​ទេ»។

លោក Shamsuddin បាន​និយាយ​ថា វិស័យ​ដូងប្រេង​របស់​ម៉ាឡេស៊ី​ ដែលមាន​ទំហំ​ធំ​ជាង​គេ​លំដាប់​ទី ២ ​ក្នុង​ពិភពលោក​បន្ទាប់​ពី​ឥណ្ឌូណេស៊ី កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ ហើយ​នឹង​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ប្រសិន​បើ​ពលករ​ចំណាកស្រុក​នៅ​តែ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ប្តូរ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ផ្សេង​នោះ។

ក្រសួង​ធនធាន​មនុស្ស​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​សម្ភាសន៍​របស់ VOA នោះ​ទេ៕

XS
SM
MD
LG