ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​ការពារ​គម្រោង​របស់​ខ្លួន​ក្នុង​ការ​បញ្ជូន​ជន​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ទៅ​ប្រទេស​របស់​ពួកគេ​វិញ


រូបថត​ដែល​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នេះ​បង្ហាញ​ពី​ពលករ​ចំណាកស្រុក​មីយ៉ាន់ម៉ា​​ដែល​ឆ្លង​ព្រំដែន​ថៃ​មីយ៉ាន់ម៉ា​តាម​រថយន្ដ​មួយ​គ្រឿង ខណៈ​ដែល​ពួកគេ​ចាកចេញ​ពី​ស្រុក Mae Sot ខេត្ត Tak ប្រទេស​ថៃ។
រូបថត​ដែល​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នេះ​បង្ហាញ​ពី​ពលករ​ចំណាកស្រុក​មីយ៉ាន់ម៉ា​​ដែល​ឆ្លង​ព្រំដែន​ថៃ​មីយ៉ាន់ម៉ា​តាម​រថយន្ដ​មួយ​គ្រឿង ខណៈ​ដែល​ពួកគេ​ចាកចេញ​ពី​ស្រុក Mae Sot ខេត្ត Tak ប្រទេស​ថៃ។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រទេស​ម៉ាឡេស៊ី​បាន​ការពារ​គម្រោង​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ជូន​ជនជាតិ​មីយ៉ាន់ម៉ា​ចំនួន ១.២០០ នាក់ ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ព័ត៌មាន​លេច​ឮ​កាល​ពី​សប្តាហ៍​មុន​ដែល​ថា​ជន​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ទាំង​នេះ​នឹង​ត្រូវ​ម៉ាឡេស៊ី​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ​នោះ បាន​កើតឡើង បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​ស៊ីវិល​អ្នកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

ប្រធាន​ផ្នែក​អន្តោប្រវេសន៍​របស់​ប្រទេស​ម៉ាឡេស៊ី​លោក Khairul Dzaimee Daud បាន​និយាយ​ថា ជន​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កាន់​មាតុ​ប្រទេស​របស់​ពួកគេ​វិញ​នៅ​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ​ខាង​មុខ។

លោក​បាន​បញ្ជាក់​ថា ជន​ចំណាក​ស្រុក​ទាំង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​មួយ​ចំនួន ដូចជា​ការ​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​សម្រាប់​ការ​ធ្វើដំណើរ និង​ការ​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ហួស​ទិដ្ឋាការ​ជាដើម។

លោក Dzaimee Daud បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជា​ធម្មតា​របស់​យើង​នៅ​ក្នុង​ការ​បញ្ជូន​ត្រឡប់​ទៅ​វិញ​នូវ​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ដែល​កំពុង​ស្ថិត​ក្នុង​មណ្ឌល​ឃាត់​ទុក»។

លោក​បាន​បន្ត​ថា ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​ជន​បរទេស​ជាង ៣៧.០០០ នាក់ រួច​ទៅ​ហើយ ទៅ​កាន់​មាតុ​ប្រទេស​របស់​ពួកគេ​វិញ​កាល​ពី​ឆ្នាំ​មុន។

លោក​បាន​បន្ថែម​ថា ក្នុង​ចំណោម​ជន​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បញ្ជូន​ចេញ​ទាំង​នេះ ពុំ​មាន​នរណា​ម្នាក់​ជា​ជន​ភៀសខ្លួន​ចុះ​បញ្ជី​ជាមួយ​អង្គការ​សហប្រជាជាតិ ឬ​ជា​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា (Rohingya) កាន់​សាសនា​ឥស្លាម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ៕

XS
SM
MD
LG