ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក៖ រយៈពេល​ជាប់​ពន្ធនាគារ​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ និង​បំពាន​ផ្លូវ​ភេទ​នៅ​ម៉ាឡាវី


រូបឯកសារ៖ បាតុករ​នាំ​គ្នា​ដើរ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង Blantyre ប្រទេស​ម៉ាឡាវី ប្រឆាំង​នឹ​ង​ការ​កើនឡើង​ការ​បំពាន​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារី​ក្នុង​ប្រទេស​នេះ​កាល​ពី​ខែវិច្ឆិកា។

ស្ថិតិ​មក​ពី​ស្នងការ​ប៉ូលិស​ម៉ាឡាវី​បង្ហាញ​ថា ករណី​រំលោភ​ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​នេះ​មាន​ចំនួន​កើន​ឡើង​លើស​ទ្វេ​ដង​ចាប់តាំង​ពី​ឆ្នាំ២០១៨​មក។

តួលេខ​មក​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​បង្ហាញ​ថា សម្រាប់​៣ខែ​ចុងក្រោយ​ឆ្នាំ​មុន (ឆ្នាំ២០២០) តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ករណី​បំពាន​ផ្លូវ​ភេទ​មាន​ចំនួន​៣៥%​ខ្ពស់​ជាង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​មួយ​ទៀត។

អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​បាន​បន្ទោស​ការ​កើន​ឡើង​នេះ​ទៅ​លើ​ការ​កាត់ទោស​មិន​តឹងរ៉ឹង​លើ​អ្នក​ប្រព្រឹត្ត។

ឥឡូវ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​កំពុង​កត់សម្គាល់​ថា មាន​និន្នាការ​ភ្លាមៗ​មួយ​ចំពោះ​រយៈពេល​ជាប់​ពន្ធនាគារ​កាន់​តែ​យូរ​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​កាត់ទោស​លើ​បទល្មើស​រំលោភ​សេពសន្ថវៈ និង​ការ​បំពាន​ផ្លូវ​ភេទ។ ពួកគេ​និយាយ​ថា ការ​កាត់ទោស​ជា​មធ្យម​បាន​កើន​ឡើង​ពី​ ១០ឆ្នាំ ទៅ​២០ឆ្នាំ ហើយ​ជនល្មើស​មួយ​ចំនួន​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ជា​ឧទាហរណ៍​ តុលាការ​ជាន់​ខ្ពស់​មួយ​នៅ​ក្នុង​រដ្ឋធានី​លីឡុងវ៉េ​កាលពីពេល​ថ្មីៗ​នេះ​បាន​កាត់ទោស​បុរស​អាយុ​៣០ឆ្នាំ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ការ​រំលោភ​ក្មេង​អាយុ​១០ឆ្នាំ និង​ធ្វើ​ឱ្យ​នាង​ឆ្លង​ជំងឺអេដស៍។

ការ​កាត់​ទោស​បែប​នេះ​កើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់​ពី​តុលាការ​មួយ​នៅ​ក្នុង​ក្រុង Blantyre បាន​កាត់ទោស​បុរស​អាយុ​៤២ឆ្នាំ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​២០ឆ្នាំ​ចំពោះ​ការ​រំលោភ​កូនស្រី​ចុង​របស់​ខ្លួន។ នារី​ម្នាក់​នោះ​ក៏​ត្រូវ​បាន​ឆ្លង​ជំងឺ​អេដស៍​ផង​ដែរ។

អ្នកស្រី Barbara Banda គឺ​ជា​នាយក​អង្គការ​បណ្តាញ​សម្របសម្រួល​យេនឌ័រ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ករណី​អំពើ​ហិង្សា​យេនឌ័រ​ដែល​កំពុង​តែ​មាន​ចំនួន​កើន​ឡើង។

អ្នកស្រី Barbara Banda បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «យើង​សប្បាយ​ចិត្ត​ណាស់​ដែល យើង​បាន​មក​ដល់​ចំណុច​នេះ ដោយ​យើង​អាច​មើល​ឃើញ​ការ​កាត់ទោស​ធ្ងន់ៗ​របស់​តុលាការ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​បារម្ភ​គឺ​ថា យើង​បន្ត​មើល​ឃើញ​ករណី​ទាំង​នេះ​កើន​ឡើង​ជារៀងរាល់​ថ្ងៃ​ ដែល​មាន​ន័យ​ថា ការ​កាត់ទោស​ទាំង​នេះ​មិន​មែន​ជា​ការ​បង្អាក់​ពេញលេញ​មួយ​ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​យេនឌ័រ និង​ការ​បំផ្លាញ​ព្រហ្មចារី​នោះ​ទេ»។

អ្នកស្រី Banda និយាយ​ថា ការ​ផ្តោត​អារម្មណ៍​គួរ​តែ​ជា​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​បំពាន​ផ្លូវ​ភេទ។ ប្រជាពលរដ្ឋ​ម៉ាឡាវី​មួយ​ចំនួន​មាន​ជំនឿ​ខុស​ថា ការ​រួម​ភេទ​ជាមួយ​អនីតិជន​អាច​ព្យាបាល​ជំងឺ​អេដស៍ ឬ​នាំ​មក​នូវ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល។

អ្នកស្រី Zione Ntaba ជា​ចៅក្រម​មួយ​រូប​នៅ​តុលាការ​ជាន់ខ្ពស់​ម៉ាឡាវី និង​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ថ្នាក់​ជាតិ​សម្រាប់​សមាគម​ចៅក្រម​ម៉ាឡាវី​ស្ត្រី​ ហៅ​កាត់ WOJAM។

សមាគម WOJAM បាន​សហការ​ជាមួយ​អង្គការ​ផ្សេង​ទៀត​ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​តុលាការ​ចល័ត ដូច្នេះ​ប្រជាជន​អាច​មើល​ឃើញ​ភាព​យុត្តិធម៌​ត្រូវ​បាន​អនុវត្ត​នៅ​នឹង​ភ្នែក​របស់​ពួកគេ​ផ្ទាល់។

អ្នកស្រី​ជឿ​ថា ការ​ធ្វើ​បែប​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​បង្អាក់​បទល្មើស​ផ្លូវ​ភេទ។

ចៅក្រម Zione Ntaba បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ក្រៅ​ពី​ការ​កាត់​ទោស​កាន់​តែ​ធ្ងន់ធ្ងរ បញ្ហា​ធំបំផុត​សម្រាប់​យើង​ពាក់ព័ន្ធ​នឹង​ការ​កាត់បន្ថយ​បទល្មើស​គឺ​ធានា​ឱ្យ​បាន​ថា ត្រូវ​មាន​យុត្តិធម៌ នៅ​ពេល​បទល្មើស​នេះ​កើត​មាន ដោយសារ​នេះ​ជា​អ្វី​ដែល​នឹង​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ។ វា​ជា​ការ​មើល​ឃើញ​បុគ្គល​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ត្រូវ​ឆ្លង​កាត់​នីតិវិធី​ច្បាប់​ និង​ត្រូវ​បាន​កាត់​ទោស ហើយ​នោះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត»។

ចៅក្រម Ntaba បាន​និយាយ​ថា អ្នកស្រី​ក៏​គិត​ថា ការ​កើន​ឡើង​នៃ​ករណី​បំពាន​ផ្លូវ​ភេទ​ក៏​អាច​កាត់​បន្ថយ​ផង​ដែរ​តាមរយៈ​ការ​វិនិយោគ​លើ​វិធានការ​បង្ការ​បទល្មើស។

ក្រសួង​យេនឌ័រ​ម៉ាឡាវី​និយាយ​ថា ខ្លួន​បាន​សហការ​ជាមួយ​នឹង​ស្ថាប័ន​ជាច្រើន​រួម​មាន​ស្នងការ​ប៉ូលិស​ម៉ាឡាវី​ ក្នុង​ការ​រៀបចំ​យុទ្ធនាការ​ថ្នាក់​ជាតិ​លើក​កម្ពស់​ការ​យល់​ដឹង​ប្រឆាំង​នឹង​ការ​បំពាន​ផ្លូវ​ភេទ និង​អំពើ​ហិង្សា​យេនឌ័រ៕

XS
SM
MD
LG