ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​របស់​លោក​ Macron ​ឈ្នះ​ភ្លូក​ទឹក​ភ្លូកដី​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​បារាំង


ប្រធានាធិបតី​បារាំង Emmanuel Macron (ឆ្វេង) ចាប់​រលាក់​ដៃ​ជា​មួយ​មន្ត្រី​នៅ​ការិយាល័យ​បោះ​ឆ្នោត​ ក្នុង​ពេល​បោះ​ឆ្នោត​​សភា​ជុំ​ទី២ នៅក្រុង Le Touquet ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង កាល​ពី​ថ្ងៃទី​១៨ ខែ​មិថុនា។

ទោះ​បី​ជា​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​តិច​ក៏​ដោយ ក៏​គណបក្ស​របស់​លោក​ប្រធានា​ធិបតី​បារាំង ​Emmanuel Macron ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​លទ្ធផល​បឋម​ក្រោយ​ការ​បោះឆ្នោត។

លោក​ប្រធានាធិបតី​កណ្តាល​និយម​ថ្មី​នៃ​ប្រទេស​បារាំង​និង​គណបក្ស​ Republic on the Move ​របស់​លោក​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ភ្លូក​ទឹកភ្លូកដី​ ដោយ​ទទួល​បាន​អាសនៈ​ចន្លោះ​ពី​៣៥៥​ទៅ​៤២៥​នៅ​ក្នុង​អាសនៈ​សរុប​ចំនួន​៥៧៧​ក្នុង​សភាជាតិ​ ហើយ​ជ័យជម្នះ​នេះ​អាច​ឲ្យ​លោក​ប្រធានាធិបតី​អនុវត្ត​ទៅ​តាម​ការ​សន្យា​របស់​លោក​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​ច្បាប់​ពលកម្ម​ដ៏​ម៉ឺងម៉ាត់​របស់​បារាំង និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ដែល​ផុយស្រួយ​របស់​ប្រទេស​នេះ​ផង​ដែរ។ ​

គណបក្ស​កណ្តាល​និយម​របស់​លោក​ Macron ​បាន​យក​ជ័យជម្នះ​ដោយ​ងាយស្រួល​ទៅ​លើ​គណបក្ស​ឆ្វេង​និង​ស្តាំ​និយម ដែល​បាន​ដឹកនាំ​សភា​ជាតិ​អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​ហើយ។

គណបក្ស​រណសិរ្ស​ជាតិ (National Front) ​ស្តាំ​និយមជ្រុល​របស់​លោកស្រី​ Marine le Penដែល​ជា​គូប្រជែង​របស់​លោក ​Macron ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ​ទំនង​ជា​នឹង​ទទួល​បាន​អាសនៈ​តិច​ជាង​១០​នៅ​ក្នុង​សភា។ ​

លោក ​Macron​ ដែល​ទើប​តែ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​បាន​ជាង​មួយ​ខែ បាន​ទទួល​ការ​ចាប់​អារម្មណ៍​លើ​ឆាក​អន្តរជាតិ ដោយបាន​លេង​សើច​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ នៅ​ក្នុង​ការ​ចាប់​ដៃ​ ហើយ​លោក​បាន​រិះគន់​លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin ​ខណៈ​ដែល​លោក​ Putin ​ឈរ​នៅ​ជិត​នោះ។ លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​សំណើ​ថ្មីៗ​មួយ​ចំនួន​បន្ទាប់​ពី​អាមេរិក​បាន​ប្រកាស​ថា នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ផង​ដែរ៕

XS
SM
MD
LG