ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Macron និយាយ​ថា សហភាព​អឺរ៉ុប «តែងតែ​បើក​ទ្វារ» ទទួល​ចក្រភព​អង់គ្លេស


លោក Emmanuel Macron ប្រធានាធិបតី​បារាំង​អម​ដំណើរ​លោកស្រី Theresa May នាយក​រដ្ឋមន្ត្រី​អង់គ្លេស ទៅ​កាន់​សន្និសីទ​កាសែត​នៅ​វិមាន Elysee ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា សហភាព​អឺរ៉ុប​តែងតែ​បើក​ទ្វារ​សម្រាប់​អង់គ្លេស​ឲ្យ​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប បន្ទាប់​ពី​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May បាន​និយាយ​ថា កិច្ចប្រជុំ​លើ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក Macron បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «ពិត​ណាស់ ទ្វារ​តែងតែ​បើក ដរាប​ណា​ការ​ចរចា​លើ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​បញ្ចប់‍»។ ​

ប៉ុន្តែ​លោក​ក៏​បាន​សង្កត់ធ្ងន់​ថា លោក​គោរព​ទៅ​លើ​សេចក្តីសម្រេច​អធិបតេយ្យ​របស់​ប្រជាជន​អង់គ្លេស​ឲ្យ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​របស់​ខ្លួន​កាល​ពី​មួយ​ឆ្នាំ​មុន ដោយ​បាន​បន្ថែម​ថា ការ​ចាប់​ផ្តើម​កិច្ចប្រជុំ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ។ ​

លោក​បាន​ថ្លែង​នៅ​ឯ​វិមាន Elysee ថា «យើង​ត្រូវ​តែ​ច្បាស់​លាស់​និង​ត្រៀម​ទុក​ជាមុន ហើយ​នៅ​ពេល​ដែល​ដំណើរការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ចាប់​ផ្តើម យើង​ត្រូវ​តែ​ច្បាស់​ថា វា​ពិបាក​ជាងមុន​ក្នុង​ការ​ដើរ​ថយក្រោយ​វិញ‍»។

អត្ថាធិប្បាយ​របស់​លោក Macron ត្រូវ​បាន​លើកឡើង​ដូចៗ​គ្នា ដោយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Wolfgang Schaeuble កាល​ពី​ថ្ងៃ​អង្គារ។​

លោកស្រី May បាន​លើកឡើង​ជា​ថ្មី​ទៀត​អំពី​ផែនការ​របស់​លោកស្រី ក្នុង​ការ​អនុវត្ត​ទៅ​តាម​អ្វី​ដែល​លោកស្រី​បាន​គ្រោង​ទុក ដើម្បី​ចាប់​ផ្តើម​ពិភាក្សា​នៅ​សប្តាហ៍​ក្រោយ ខណៈ​ការ​ចរចាលើ​ការ​បង្កើត​រដ្ឋាភិបាល​នៅ​តែ​បន្ត៕

XS
SM
MD
LG