ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​លោក​ប្រធានាធិបតី​បារាំង​ឈ្នះ​ការ​បោះ​ឆ្នោត​សភា​ជុំ​ទី​មួយ


លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បក់​ដៃ​ដល់​អ្នក​គាំទ្រ នៅ​ពេល​លោក​ចាកចេញ​ពី​ស្ថានីយ​បោះឆ្នោត​ក្នុង​សង្កាត់ Le Touquet កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។

គណបក្ស​សាធារណរដ្ឋ​ឆ្ពោះ​ទៅ​មុខ (Republic on the Move) ដែល​ជា​គណបក្ស​ថ្មី​ថ្មោង​របស់​លោក​ប្រធានាធិបតី​បារាំង​ដែល​មាន​ទស្សនៈ​កណ្ដាល​និយម Emmanuel Macron នឹង​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា ពេល​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បង្ហាញ​ថា ខ្លួន​បាន​ទទួល​សំឡេង​ឆ្នោត​ចំនួន ២៨ ភាគរយ។

លទ្ធផល​សម្រាប់​គណបក្ស​របស់​លោក Macron និង​គណបក្ស​ចលនា​ប្រជាធិបតេយ្យ (MoDem) ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ៤ ភាគរយ ដែរ អាច​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ឈាន​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​សំឡេង​ឆ្នោត​លើស​លុប​នៅ​ក្នុង​រដ្ឋ​សភា​ជាតិ ដែល​នឹង​ទទួល​បាន​អាសនៈ​ជាង ៤០០ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ៥៧៧ ប្រសិន​បើ​ការ​បោះ​ឆ្នោត​ជុំ​ចុង​ក្រោយ​នៅ​សប្ដាហ៍​ក្រោយ​នឹង​ទទួល​បាន​ជ័យជម្នះ​ដូច​គ្នា​នេះ។

ប៉ុន្តែ ចំនួន​អ្នក​ចេញ​មក​បោះ​ឆ្នោត​ជុំ​ទី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ មាន​ចំនួន​តិចតួច ដែល​មិន​ដែល​មាន​ពី​មុន​មក ដោយ​មនុស្ស​ចំនួន ៥២ ភាគរយ មិន​បាន​មក​បោះ​ឆ្នោត។ ករណី​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បោះ​ឆ្នោត​ញឹក​ញាប់​ពេក ដែល​អ្នក​បោះ​ឆ្នោត​ធ្វើ​ព្រងើយ​កន្តើយ ក្រោយ​ពី​ដំណើរ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កន្លង​មក​បាន​បញ្ចប់​ទៅ។

លទ្ធផល​នេះ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​ចំពោះ​លោក​ប្រធានាធិបតី Macron។ អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន ដែល​បាន​បោះ​ឆ្នោត​ឲ្យ​លោក Macron នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជា​ពិសេស​អ្នក​បោះ​ឆ្នោត​ដែល​មាន​ទស្សនៈ​ឆ្វេង​និយម បាន​និយាយ​ថា ពួក​គេ​បោះ​ឆ្នោត​ឲ្យ​លោក Macron ដោយសារតែ​មិន​ចង់​ឃើញ​លោកស្រី Marine Le Pen ជាប់​ឆ្នោត។ នៅ​ពេល​នោះ អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន និង​អ្នក​ដែល​មិន​មក​បោះ​ឆ្នោត បាន​សន្យា​ថា នឹង​បោះ​ឆ្នោត​ប្រឆាំង​នឹង​លោក Macron នៅ​ក្នុង​ការ​បោះ​ឆ្នោត​រដ្ឋ​សភា។ ប៉ុន្តែ លទ្ធផល​បោះ​ឆ្នោត​រដ្ឋ​សភា​ជុំ​ទី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​បាន​ប្ដូរ​ចិត្ត​របស់​ពួកគេ​វិញ៕

XS
SM
MD
LG