គណបក្សកណ្តាលនិយមថ្មីរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ត្រូវបានគេរំពឹងថានឹងទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា។ នេះបើយោងតាមលទ្ធផលបឋមក្រោយការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតសភាជុំទី១ត្រូវបានបញ្ចប់កាលពីថ្ងៃអាទិត្យ។
គណបក្ស Republic on the Move កណ្តាលនិយមរបស់លោក Macron និងក្រុមសម្ព័ន្ធមិត្តរបស់លោក ត្រូវបានគេមើលឃើញថាទទួលបានជ័យជម្នះភាគច្រើននៅក្នុងការបោះឆ្នោត ក្នុងជុំទី១។ នេះបើយោងតាមទិន្នន័យដែលបញ្ចេញដោយក្រសួងមហាផ្ទៃ បន្ទាប់ពីការរាប់សន្លឹកឆ្នោតមួយចំនួន ប៉ុន្មាននាទីក្រោយពីមណ្ឌលបោះឆ្នោតត្រូវបានបិទ។ ការរាប់សន្លឹកឆ្នោតមួយចំនួននេះមិនរាប់បញ្ចូលសន្លឹកឆ្នោតពីទីក្រុងធំៗនៅក្នុងប្រទេសនេះនោះទេ ហើយធ្លាប់មានលក្ខណៈមិនសុក្រឹតកាលពីមុន។
ប៉ុន្តែលទ្ធផលបឋមក្រោយការបោះឆ្នោតបង្ហាញថា គណបក្សរបស់លោក Macron នឹងទទួលបានជ័យជម្នះភាគច្រើន។
គណបក្សរបស់លោក Macron ត្រូវបានបង្កើតឡើងកាលពីខែមេសា ឆ្នាំ២០១៦ ខណៈដែលលោកបានចាប់ផ្តើមឈរឈ្មោះជាប្រធានាធិបតីបារាំង ហើយទទួលបានជ័យជម្នះជាប្រធានាធិបតីកាលពីមួយខែមុន។ ការត្រួតត្រាទៅលើសភាជាតិបារាំង នឹងអនុញ្ញាតឲ្យលោកអនុម័តទៅលើកំណែទម្រង់ធំៗមួយចំនួន ដែលលោកបានសន្យានៅក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតរបស់លោក។
ការបោះឆ្នោតជុំទី២នឹងកំណត់តួលេខអាសនៈពិតប្រាកដ ដែលគណបក្សកណ្តាលនិយមនឹងកាន់កាប់នៅក្នុងសភា៕