ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធថា អឺរ៉ុបចាំបាច់បង្កើតកិច្ចព្រមព្រៀងសន្តិសុខរួមរបស់ខ្លួនផ្ទាល់និងបំពាក់អាវុធឡើងវិញនៅចំពោះការប្រ ឈមមុខនឹងសកម្មភាពកងទ័ពរបស់រុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
លោកបានថ្លែងប្រាប់សភាអឺរ៉ុបនៅក្នុងទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំងថា «សហភាពអឺរ៉ុប ចាំបាច់បង្កើតក្របខណ្ឌសន្តិសុខរួមរបស់ខ្លួននៅលើទ្វីបរបស់យើង»។
លោកបន្ថែមទៀតថា «សន្តិសុខនៅទ្វីបអឺរ៉ុប តម្រូវឲ្យមានការបំពាក់អាវុធជាយុទ្ធសាស្ត្រ ឡើងវិញហើយនឹងការពិភាក្សាប្រកបដោយភាពស្មោះត្រង់និងជាបន្ទុកមួយជាមួយរុស្ស៊ីដែលជាការតម្រូវផងដែរ»។
ក្នុងនាមជាជនជាតិអឺរ៉ុប យើងចាំបាច់ធ្វើការទាមទាររួមរបស់យើងផ្ទាល់ហើយត្រូវដាក់ខ្លួនរបស់យើងទៅក្នុងស្ថានភាពមួយដើម្បីអនុវត្តតម្រូវការនេះ»។
សហភាពអឺរ៉ុប មិនបានចូលរួមចរចារដោយផ្ទាល់ជាមួយរុស្សីនោះទេនៅក្នុងអំឡុងពេលនៃសកម្មភាពការទូតមួយសប្តាហ៍កាលពីសប្តាហ៍មុនដើម្បីព្យាយាមបន្ធូបន្ថយនូវភាពតានតឹង ដែលបណ្តាលមកពីការសម្រេចរបស់ប្រទេសរុស្សីដើម្បីដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ុយក្រែន។
កិច្ចការពារអឺរ៉ុប ត្រូវបានធានាដ៏សំខាន់ដោយក្រុមសម្ព័ន្ធមិត្តយោធាអង្គការអូតង់ដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលក្នុងនោះរដ្ឋភាគច្រើនរបស់សហភាពអឺរ៉ុបជាសមាជិក។
លោក Macron បាននិយាយថា ក្របខណ្ឌសន្តិសុខថ្មីមួយត្រូវការដាក់ស្នើក្នុង«បីបួនសប្តាហ៍ខាងមុខទៀតនេះ» ក្នុងអំឡុងពេលដែលបារាំងធ្វើជាប្រធានប្តូរវេនរយៈពេល៦ខែម្តងរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប។
លោកបានប្រាប់ក្រុមសមាជិកសភាអឺរ៉ុបថា «យើងត្រូវបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងនេះឡើងរវាងយើង រវាងអឺរ៉ុបចែករំលែកវាជាមួយសម្ព័ន្ធមិត្តរបស់យើងនៅក្នុងអង្គការអូតង់ ហើយស្នើឲ្យមានការចរចាជាមួយរុស្ស៊ី»៕