ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ្នកស្រី Harris ជួប​លោក Macron ខណៈ​អាមេរិក កំពុង​ជំរុញ​បន្ថយ​ភាពតានតឹង​ជាមួយ​សម្ព័ន្ធ​មិត្ត​ដ៏យូរ​នេះ


អ្នកស្រី Kamala Harris និងស្វាមីលោក Doug Emhoff នៅ​អាកាស​យានដ្ឋាន Paris-Orly ក្នុងក្រុង Orly ប្រទេស​បារាំង កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បួនថ្ងៃ​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​បារាំង ដែល​សម្ព័ន្ធមិត្ត​យូរ​ជាងគេ​របស់​អាមេរិក។

ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron ​មាន​គម្រោង​ជួប​អនុប្រធានាធិបតី​អាមេរិក​អ្នកស្រី​ Kamala Harris ​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​វិមាន​ប្រធានាធិបតី​បារាំង ​Elysee Palace ​ហើយ​របៀប​វារៈ​ រួម​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ សេដ្ឋកិច្ច ​សុខភាព​សាកល ​និង​សង្វាក់​ផ្គត់ផ្គង់​ជា​ដើម។​

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​អាមេរិក​មួយ​រូប​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារថាជំនួប​ទ្វេភាគី​នេះ ​មាន​សារៈ​សំខាន់​ ​ ព្រោះ​ទំនាក់​ទំនង​រវាង​អាមេរិក ​និង​បារាំង​មាន​លក្ខណៈ​សាកល​ ហើយ​ប្រទេស​បារាំង ​និង​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ ជា​កូនសោរ​សម្រាប់​អនាគត​របស់​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។​

ក្រៅពី​ជំនួប​ជា​មួយ​ប្រធានាធិបតី​បារាំង​អ្នកស្រី​ Harris ​និង​ស្វាមី ​គឺ​លោក​ Doug Emhoff ​នឹង​ចូលរួម​ដាក់​កម្រ​ងផ្កា​នៅ​កន្លែង​រំឭក​គុណ ​និង​ទី​បញ្ចុះ​សព​ទាហាន​អាមេរិក​នៅ​ Suresnes ​នៅ​ជាយ​ក្រុង​ប៉ារីស​ នៅ​ទិវា​អតីត​យុទ្ធជន​អាមេរិក​ និង​ទិវា​យុទ្ធសន្តិភាព​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២។ ​ទីតាំង​នេះ​ ជា​កន្លែង​បញ្ចុះ​សព​យុទ្ធជន​អាមេរិក​ប្រមាណ​ជិត​១.៦០០​នាក់​ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី១​ និង​សង្គ្រាម​លោក​លើក​ទី២។​

អ្នកស្រី ​Harris ​និង​លោក ​Macron ​នឹង​ចូល​រួម​បុណ្យ​យុទ្ធសន្តិភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

ដំណើរ​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​ទៅ​ប្រទេស​បារាំង​នេះ​ ជា​ជំហាន​ចុង​ក្រោយ​ដើម្បី​ស្តារ​ទំនាក់​ទំនង​ល្អក់​កករ​ជា​មួយ​សម្ព័ន្ធមិត្ត​ដ៏យូរ​នេះ។​

ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ បាន​ធ្លាក់​ដល់​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ខែ​កញ្ញា​ នៅ​ពេល​ប្រទេស​អូស្ត្រាលី ​បាន​លុប​ចោល​កិច្ចព្រម​ព្រៀង​ទិញ​នាវា​មុជទឹក​ពី​ប្រទេស​បារាំង​តម្លៃ ​៦៥ ​ពាន់​លាន​ដុល្លារ​ ហើយ​ងាក​មក​ចុះ​កិច្ច​ព្រមព្រៀង​ដែល​សហ​រដ្ឋ​អាមេរិក ​និង​ចក្រភព​អង់គ្លេស ​នឹង​ជួយ​ប្រទេស​អូស្រ្តាលី​ធ្វើនាវា​មុជ​ទឹក​ប្រើថាមពល​នុយក្លេអ៊ែរ។​

លោក​ Joe Biden ​បាន​ប្រាប់​លោក ​Macron ​នៅ​ក្នុង​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី​កាលពី​ខែ​មុន​ថា​ សហ​រដ្ឋ​អាមេរិក​ មាន​ភាព​«ឆ្គាំងឆ្គង»ក្នុង​ការ​ចាត់​ការ​រឿង​នេះ។​

អ្នកស្រី ​Harris​ ក៏​នឹង​ចូលរួម​តំណាង​ឲ្យ​រដ្ឋបាល​លោក ​Biden ​ក្នុង​វេទិកា​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ក្នុង​សន្និសីទ​កំពូល​ស្តីពី​ប្រទេស​លីប៊ី ​នៅ​ថ្ងៃ​សុក្រ​ មុន​ពេល​ប្រទេស​នោះ​ ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ខែ​ក្រោយ៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដក​ស្រង់​ពី​ទីភ្នាក់ងារព័ត៌មាន​ The Associated Press Agence France-Presse និង Reuters។

XS
SM
MD
LG