អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris និងប្រធានាធិបតីបារាំងលោក Emmanuel Macron កំពុងចូលរួមពិធីមួយនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉ារីសដើម្បីរំឭកដល់ទិវាយុទ្ធសន្តិភាព។ ពិធីនៅ Arc de Triomphe នេះ អបអរកិច្ចព្រមព្រៀងឆ្នាំ ១៩១៨ រវាងកម្លាំងសម្ព័ន្ធមិត្ត និងអាល្លឺម៉ង់ ដើម្បីបញ្ចប់ការប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី ១។
ពិធីនេះធ្វើឡើងក្រោយពីទស្សនកិច្ចកាលពីថ្ងៃពុធរបស់អ្នកស្រី Harris និងស្វាមី គឺលោក Doug Emhoff ទៅទីបញ្ចុះសពទាហានអាមេរិកាំង Suresnes នៅជាយក្រុងប៉ារីស ជាកន្លែងដែលអស់លោក បានចូលរួមពិធីដាក់កម្រងផ្កាអបអរទិវាយុទ្ធសន្តិភាព ទិវាអតីតយុទ្ធជន នៅថ្ងៃព្រហស្បតិ៍នៅសហរដ្ឋអាមេរិក។ កន្លែងនោះ ផ្តល់កិត្តិយសដល់បុគ្គលិកយោធាអាមេរិកដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមលោកលើកទី១ និងទី២ និងរក្សាទុកអដ្ឋិធាតុរបស់ជនជាតិអាមេរិកជិត ១,៦០០ នាក់។
អ្នកស្រី Harris កំពុងធ្វើទស្សនកិច្ចនៅប្រទេសបារាំង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកែលម្អទំនាក់ទំនងដ៏ជូរចត់រវាងសម្ព័ន្ធមិត្តដ៏យូរ។ អ្នកស្រី និងលោក Macron បានថ្លៃងថា នេះ ជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងចាប់ផ្តើម«យុគសម័យថ្មី»នៅពេលពួកគេថ្លែងទៅកាន់អ្នកសារព័ត៌មានមុនជំនួបកាលពីថ្ងៃពុធនៅវិមាន Elysee។
អ្នកស្រី Harris និយាយថា៖ «ខ្ញុំទន្ទឹងថា ពីរបីថ្ងៃខាងមុខ យើងនឹងបន្តធ្វើការជាមួយគ្នា ហើយបន្តផ្តោតអារម្មណ៍ ដូចដែលយើងតែងតែមានអំពីភាពជាដៃគូរបស់យើង និងផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងប្រជាពលរដ្ឋក្នុងពិភពលោក។
អ្នកស្រី Symone Sanders ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានអ្នកនាំពាក្យរបស់អ្នកស្រី Harris បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Macron និងអ្នកស្រី Harris បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក សិក្សាអំពីអវកាស និងអំពីការត្រៀមសម្រាប់ជំងឺរាតត្បាតនាពេលអនាគត។
អ្នកស្រី Harris គ្រោងនឹងថ្លែងនៅថ្ងៃព្រហស្បតិ៍នៅឯវេទិកាសន្តិភាពទីក្រុងប៉ារីស និងធ្វើជាតំណាងសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលអំពីប្រទេសលីប៊ី នៅថ្ងៃសុក្រ មុនការបោះឆ្នោតនៅប្រទេសនោះនៅខែក្រោយ។
ទំនាក់ទំនងរវាងបារាំង និងសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រកាលពីខែកញ្ញា នៅពេលអូស្ត្រាលី បានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកប្រើថាមពលឥន្ធនៈពីប្រទេសបារាំងដែលមានតម្លៃ ៦៥ ពាន់លានដុល្លារ ហើយធ្វើកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិក និងអង់គ្លេសនឹងជួយអូស្ត្រាលីធ្វើនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ៕