ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch រិះគន់​លោក Biden និង​មេដឹកនាំ​ផ្សេង​ទៀត​ថា ទន់ខ្សោយ​ក្នុងការ​ការពារ​លទ្ធិប្រជាធិបតេយ្យ


លោក​ប្រធានាធិបតី Joe Biden ដើរ​ទៅ​ការិយាល័យ​ប្រធានាធិបតី (Oval Office) នៅ​សេតវិមាន បន្ទាប់ពី​បាន​ចុះ​ពី​ឧទ្ធម្ភាគចក្រ Marine One កាលពី​ថ្ងៃ​ចន្ទ ទី១០ ខែមករា ឆ្នាំ​២០២២ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រិះគន់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​ចំពោះ​ភាពទន់ខ្សោយ​ក្នុង​ការការពារ​លទ្ធិប្រជាធិបតេយ្យ​ និង​ចំពោះ​ការខកខាន​មិន​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ដែល​មានរួម​ទាំង​វិបត្តិ​អាកាសធាតុ ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ភាពក្រីក្រ វិសមភាព​ និង​ភាព​អយុត្តិធម៌​ខាង​ជាតិសាសន៍។ នេះ​ បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ផ្ទុយ​ពី​អ្វី​ដែល​នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch លោក Kenneth Roth បាន​ពណ៌នា​ថា ជា​ការអោប​ក្រសោប​ការគ្រប់គ្រង​បែប​ផ្តាច់ការ​និយម​របស់​អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump លោក​ប្រធានាធិបតី Biden បាន​ចូល​កាន់​តំណែង​កាលពី​ខែ​មករា ឆ្នាំ២០២១ ដោយបាន​សន្យា​ថា នឹង​ផ្តោត​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​លោក។

«ក៏ប៉ុន្តែ លោក​ប្រធានាធិបតី បាន​បន្ត​លក់​អាវុធ​ឲ្យ​ប្រទេស​អេហ្ស៊ីប អេមីរ៉ាត​អារ៉ាប់រួម​ និង​អ៊ីស្រាអែល ថ្វីបើ​មាន​ការបង្ក្រាប​របស់​ប្រទេស​ទាំង​នោះ​ក៏ដោយ»។ នេះ ​ជា​សម្តី​របស់​លោក Roth នៅ​ក្នុង​របាយការណ៍​ពិភព​លោក​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​បាន​ចេញផ្សាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

លោក Roth បាន​សរសេរ​ដោយ​បាន​លើក​យកឈ្មោះ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អតីត​អធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angel Merkel ថា «ពួក​មេដឹកនាំ​ប្រទេស​លោក​ខាង​លិច​ផ្សេងទៀត បាន​បង្ហាញ​នូវ​ភាព​ទន់ខ្សោយ​ប្រហាក់​ប្រហែល​គ្នា​នៅ​ក្នុង​ការការពារ​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក Roth ក៏​បាន​និយាយ​ដែរ​ថា ក្នុង​អំឡុងពេលនៃ​ជំនួប​កំពូល​សំខាន់ៗ លោក​ប្រធានាធិបតី Biden «ហាក់​ដូចជា​បាត់សំឡេង​របស់​លោក​នៅពេល​និយាយ​ពី​ការរិះគន់​ជាសាធារណៈ​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នោះ»។

លោក Roth ​បាន​សរសេរ​ទៀត​ថា «ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ប្រឆាំង​ម្តងម្កាល​អំពី​ការគាបសង្កត់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ហើយ​ក្នុង​ករណី​ខ្លះ រដ្ឋបាល​លោក Biden បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ដែល​ទទួល​ខុសត្រូវ​ខ្លះ ក៏ប៉ុន្តែ ​ជា​រឿយៗ​គ្មាន​សំឡេង​ដែល​មាន​ឥទ្ធិពល​របស់​លោក​ប្រធានាធិបតី​ទេ»។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក បាន​ការពារ​ចំណាត់ការ​របស់​រដ្ឋបាល​លោក Biden ដោយ​និយាយ​ថា ពួក​អ្នក​ការទូត​តែងតែ​បាន​លើកឡើង​ពី​ការព្រួយ​បារម្ភ​អំពី​រឿង​សិទ្ធិ​មនុស្ស​ជាមួយ​បណ្តា​មេដឹកនាំ​បរទេស ដែល​រួមមានទាំង​ការសន្ទនា​ដ៏​ពិបាក​ជាមួយ​គូសត្រូវ​ដែល​រួមមាន​ប្រទេស​ចិន​ និង​រុស្ស៊ី​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG