ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Macron បញ្ជាក់​ពី​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​កងកម្លាំង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅ​អាហ្វ្រិក​ខាង​លិច


ប្រធានាធិបតី​បារាំង Emmanuel Macron និង​មេដឹកនាំ​អាហ្វ្រិក​ដែល​ហៅ​កាត់​ថា G5 Sahel ក្នុង​ជំនួប​កំពូល​នៅ​ប្រទេស​ម៉ាលី កាល​ពី​ថ្ងៃ​ទិ២ ខែកក្កដា។
ប្រធានាធិបតី​បារាំង Emmanuel Macron និង​មេដឹកនាំ​អាហ្វ្រិក​ដែល​ហៅ​កាត់​ថា G5 Sahel ក្នុង​ជំនួប​កំពូល​នៅ​ប្រទេស​ម៉ាលី កាល​ពី​ថ្ងៃ​ទិ២ ខែកក្កដា។

អាហ្វ្រិក​ខាង​លិច​និង​បារាំង​ត្រូវ​តែ​សហការ​គ្នា​ដើម្បី​លុប​បំបាត់​អំពើ​ភេរវកម្ម នេះ​បើ​យោង​តាម​សម្តី​របស់​លោក​ប្រធានាធិបតី​បារាំង​ Emmanuel Macron ​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ក្នុង​រដ្ឋធានី​បាម៉ាកូ (Bamako) ​ប្រទេស​ម៉ាលី ​ស្តីពី​ការ​បង្កើត​កងកម្លាំង​ថ្នាក់​តំបន់​មួយ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម។​

លោក ​Macron ​បាន​ថ្លែង​ថា បារាំង​នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា​ក៏​ដូចជា​យានយន្ត​ចម្បាំង​ចំនួន​៧០​គ្រឿង​សម្រាប់​កងកម្លាំង​ចម្រុះ​ថ្មី​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវករ​នៅ​ក្នុង​តំបន់​នេះ។

ប្រទេស​ម៉ាលី ប្រទេស​ប៊ូគីណា​ហ្វាសូ ​ប្រទេស​ឆាដ ​ប្រទេស​ម៉ូរីតានី ​និង​ប្រទេស​នីហ្សេ​ ដែល​ត្រូវ​បាន​ហៅ​ថា​ប្លុក​ G5 Sahel ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​កំពុង​តែ​សហការ​គ្នា​ដើម្បី​ផ្តល់​កង​កម្លាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​អសន្តិសុខ​និង​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​រដ្ឋឥស្លាម​ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់​ប្រទេស​ពួកគេ។

កង​កម្លាំង​របស់​ប្លុក ​G5 Sahel​ នឹង​ជួយ​គាំទ្រ​ដល់​កងកម្លាំង​បារាំង​ចំនួន​៤​ពាន់​នាក់​និង​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ចំនួន​១១.០០០​នាក់​ ដែល​កំពុង​តែ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នេះ។

ខណៈ​ដែល​មេដឹកនាំ​ទាំង​៦​នាក់​ថ្លែង​សុន្ទរកថា​អំពី​ការ​កើនឡើង​ការ​គំរាមកំហែង​ការ​វាយប្រហារ​របស់​ក្រុមរដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ក្រុម Nusrat al-Islam wal Muslimeenដែល​មាន​ទំនាក់ទំនង​នឹង​ក្រុម​អាល់កៃដា​បាន​ចេញ​វីដេអូ​មួយ​បង្ហាញ​ពី​ចំណាប់​ខ្មាំង​អឺរ៉ុប​ចំនួន​៦​នាក់​ដែល​ខ្លួន​បាន​ចាប់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ​

ចំណាប់​ខ្មាំង​ម្នាក់​ក្នុង​ចំណោម​នោះ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​វីដេអូ​ដែលត្រូវ​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​សៅរ៍ ​គឺ​ជា​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ​ថា ​Sophie Petronin ដែល​ត្រូវ​បាន​គេ​ចាប់​ជំរិត​ពី​ទីក្រុង ​Gao​ នៃ​ប្រទេស​ម៉ាលី​កាល​ពី​ខែ​ធ្នូ៕

XS
SM
MD
LG