ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ជំរុញ​ឲ្យ​បង្កើត​កងទ័ព​សហភាព​អឺរ៉ុប​​នៅពេល​ចក្រភព​អង់គ្លេស​ភ័យខ្លាច​ត្រូវ​គេ​បោះ​បង់ចោល


ប្រធានាធិបតី​បារាំងលោក Emmanuel Macron, ស្តាប់លោក​នាយកប្រតិបត្តិ Dassault Aviation Eric Trappier នៅពេល​លោក​ចុះ​ទស្សនកិច្ច​កម្មវិធីយានអាកាសទីក្រុង​ប៉ារីស​នៅ Le Bourgetភាគខាងជើងទីក្រុង​ប៉ារីសកាលពី​ថ្ងៃទី១៩ មិថុនា ២០១៧។
ប្រធានាធិបតី​បារាំងលោក Emmanuel Macron, ស្តាប់លោក​នាយកប្រតិបត្តិ Dassault Aviation Eric Trappier នៅពេល​លោក​ចុះ​ទស្សនកិច្ច​កម្មវិធីយានអាកាសទីក្រុង​ប៉ារីស​នៅ Le Bourgetភាគខាងជើងទីក្រុង​ប៉ារីសកាលពី​ថ្ងៃទី១៩ មិថុនា ២០១៧។

ការចរចា​បានចាប់​​ផ្តើម​នៅ​សប្តាហ៍​នេះស្តី​ពីការ​ចាក​ចេញ​របស់​ចក្រ​ភព​អង់​គ្លេស​ពី​សហភាព​អឺរ៉ុបដែល​នឹង​​ធ្វើ​ឲ្យ​ប្រទេស​បារាំងក្លាយ​ជា​មហា​អំណាច​យោធា​ដ៏​ខ្លាំង​មួយ។ សហភាព​អឺរ៉ុបកំពុង​​ឆ្ពោះ​ទៅកាន់​គោល​នយោបាយ​ការ​ពារ​ប្រ ទេស​រួម​គ្នា​បាន​បង្កើន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ថា ការណ៍​​នេះ​អាចនាំឲ្យ​ខ្លួនស្ថិត​នៅ​ក្រៅកិច្ច​ព្រម​ព្រៀង​សន្តិសុខ​នៅ​ថ្ងៃ​អនាគត។

សន្តិសុខ​របស់​តំបន់​អឺរ៉ុបកំពុង​មាន​ការផ្លាស់ប្តូរ។ ដោយ​មានការ​គំរាម​កំហែង​ដោយការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ពួក​សកម្ម​ប្រយុទ្ធ ឥស្លាម​នៅ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​និង​ខាង​កើត ប្លុក​នេះ​ប្រហែល​ត្រូវ​បាត់បង់​មហា​អំណាច​យោធា​ដ៏​សំខាន់​មួយ​របស់​ខ្លួន។ ​លោក Edwards Lucas បណ្ណាធិការ​ទស្សនាវដ្តី Economist ​និយាយ​ថា៖«បន្ទាប់​ពីការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស ប្រទេសបារាំង​ក្លាយ​ជា​មហា​អំណាច​យោ​ធា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ​ហើយ​ខ្ញុំ​គិតថា ការ​រៀប​ចំ​សន្តិ សុខ​អឺរ៉ុប​នឹងត្រូវ​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​នេះ‍»។

បច្ចុប្បន្ននេះ ​កងទ័ព​បារាំង​ចំនួន​៤​ពាន់​នាក់​កំពុង​ប្រយុទ្ធ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់អាហ្វ្រិកខាង​ជើង។ ​លោកប្រ​ធានា​ធិបតី​បារាំង Emmanuel Macron ចង់​ឲ្យ​សម្ព័ន្ធ​មិត្តសហភាព​អឺរ៉ុបធ្វើ​កិច្ច ការ​នេះ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង​ទៀត។ លោក​ប្រធានា​ធិបតីបារាំងមាន​ប្រសាសន៍​ថា៖«​ខ្ញុំចង់​ពង្រឹងភាព​ជា​ដៃគូរ​វាង​ប្រទេស​ទាំង​នោះ​នៅ​អឺរ៉ុប ​ជា​ពិសេស ​ជាមួយ​ប្រ ទេស​អាល្លឺម៉ង់ ​ហើយ​ធ្វើ​ឲ្យ​ប្រាកដថា ​ការ​ចូល​រួម​របស់​អាល្លឺម៉ង់​នឹង​រីកកាន់​តែ​ធំ​ឡើង‍»។

លោក Lucas និយាយ​ទៀត​ថា លោក​ស្រី​អធិការ​បរតី​អាល្លឺម៉ង់ Angela Merkel មិន​ចង់​បាន​សន្តិសុខ​អឺរ៉ុប​ទាក់​ទិន​នឹង​សម្ព័ន្ធភាព​ខាង​យោធា​រវាង​បារាំង​និង​អាល្លឺម៉ង់​ទេ។ លោកនិយាយ​បន្តទៀត​ថា៖ «ពីព្រោះ​តែ​លោកស្រីMerkelមាន​ការឆ្លៀស​វៃដើម្បី​ធ្វើ​ឲ្យ​អាមេរិកនៅ​ជាប់ពាក់​ព័ន្ធ​ក្នុង​វិស័យ​ការពារ​ប្រទេស​នៅ​អឺរ៉ុប‍»។

សហភាព​អឺរ៉ុប​កំពុង​បង្កើត​មជ្ឈមណ្ឌល​ទីបញ្ជាការ​មួយ​ហើយ​នឹង​ផ្តល់​ថវិកា​ខាង​វិស័យ ការពារ​ប្រទេស​ចំនួន​៥៦០​លានដុល្លារ​ ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោ​បាយ​វិស័យ​ ការពារ​ប្រទេស​រួម។ ​លោកស្រី Federica Mogherini ប្រធាន​គោល​នយោបាយ​ការបរ​ទេស​អឺរ៉ុប​បាន​មាន​ប្រសាសន៍ថា៖ «យើង​មិន​មែនស្នើរឲ្យ​បង្កើតអង្គការ​មួយ​ដើម្បី​ជំនួសឬ​ប្រកួត​ប្រជែង​ជាមួយ​អង្គការ​អូតង់​ទេ។ នេះ​ជាការ​ច្បាស់​លាស់​ណាស់‍»។

អង្គការ​អូតង់​បាន​ដាក់​ពង្រាយ​កងទ័ព​រាប់​ពាន់​នាក់​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​ដើម្បី​កំញ៉ើញ​ប្រទេស​រុស្ស៊ី។ លោក Michael Wolffson នៃ​សាកល​វិទ្យាល័យ​កងកម្លាំង​ប្រដាប់អាវុធ​អាល្លឺម៉ង់​ក្នុង​ទីក្រុង Munich ​បាននិយាយ​ប្រាប់​ VOA តាម​ប្រព័ន្ធ Skype​ថា សហភាព​អឺរ៉ុប​មិន​ជំនួស​អង្គការ​អូតង់ទេ។ លោក​និយាយ​ថា៖«កងទ័ព​ភាគ​ច្រើន​នៅ​ទ្វីប​អឺរ៉ុប​មិន​បាន​ប្រុងប្រៀបស​ម្រាប់​អន្តរាគមន៍​ខាង​យោ​ធា​ទេ​ ​លើក​លែងតែ​កង ទ័ព​បារាំង។ ​ក៏ប៉ុន្តែ កងកម្លាំង​ប្រដាប់​អាវុធ​អាល្លឺម៉ង់​ទទួល​បន្ទុក​ច្រើន​ហួស មាន​ថវិកា​មិន​គ្រប់​គ្រាន់​និងឧបករណ៍​មិនគ្រប់​គ្រាន់‍»។

ចក្រភព​អង់គ្លេស ​បាន​ប្រឆាំង​ជំទាស់​កងកម្លាំង​យោ​ធា​សហភាព​អឺរ៉ុប​នេះ​ជាយូរ​មក​ហើយ។ ក៏ប៉ុន្តែ ​នៅពេលដែលការ​ចរចា​ពីការ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេសចាប់​ផ្តើម ការបញ្ចូលយោ​ធា​ដ៏​ស្អិត​រមួតកាន់​តែ​ខ្លាំង​ឡើងកំពុង​ធ្វើ​ឡើង​រួច​ហើយ ​ហើយ​ប្រទេស​បារាំង​កំពុង​នាំ​មុខ៕

ប្រែសម្រួល​ដោយ​ ​ជឹង ​ប៉ូជីន

XS
SM
MD
LG