ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump យក​គុណសម្បត្តិ​ចំពោះ​ការ​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់​កាត់​ផ្តាច់​ចំណង​ការ​ទូត​ជាមួយ​ប្រទេស​កាតា


លោក​ប្រធានាធិបតី Donald Trump ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា និង​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា និង​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​យក​គុណសម្បត្តិ​កាល​ពី​ថ្ងៃ​អង្គារ ចំពោះ​ការ​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​កាតា ជុំវិញ​ការ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង ដូហា ថា​គាំទ្រ​អំពើ​ភេរវកម្ម។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​មួយ​ចំនួន​លើ​បណ្តាញ​សង្គម Twitter ថា មេដឹកនាំ​បណ្តា​ប្រទេស​កាន់​សាសនា​ឥស្លាម ដែល​លោក​បាន​ជួប ក្នុង​ទស្សនកិច្ច​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត បាន​ចោទ​ប្រទេស​កាតា ថា​ជា​ប្រភព​ផ្តល់​ថវិកា​ផ្គត់ផ្គង់​ដល់​អំពើ​ភេរវកម្ម។

មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា «ពិត​ជា​ល្អ​ខ្លាំង​ណាស់ ដែល​មើល​ឃើញ​ថា កិច្ចពិភាក្សា​របស់​លោក​ជាមួយ​ស្តេច Salman នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​មេដឹកនាំ​ប្រទេស​កាន់​សាសនា​ឥស្លាម​ទាំង​៥០ អំពាវនាវ​ឲ្យ​បង្រួបបង្រួម​គ្នា​ដើម្បី​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ពិត​ជា​បាន​លទ្ធផល​មែន។ ពួកគេ​និយាយ​ថា ពួកគេ​នឹង​ចាត់វិធាន​ធ្ងន់ៗ​ទៅ​លើ​ការ​ផ្តល់​ថវិកា​ផ្គត់ផ្គង់​អំពើ​ភេរវកម្ម ហើយ​ឯកសារ​យោង​ទាំងអស់​បង្ហាញ​ថា គឺ​ប្រទេស​កាតា​ជា​អ្នក​នៅ​ពីក្រោយ។ ប្រហែល​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ក្នុង​ការ​បញ្ចប់​អំពើ​ភេរវកម្ម​ដ៏​រន្ធត់​ហើយ‍»។

លោក Trump បាន​លើកឡើង​ដូច្នេះ មួយ​ថ្ងៃ បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត អេហ្ស៊ីប បារ៉ែន អេមីរ៉ាត​អារ៉ាប់​រួម យេម៉ែន និង​ម៉ាល់ឌីវ កាត់​ផ្តាច់​ចំណង​ការទូត​ជាមួយនឹង​ប្រទេស​កាតា ដោយ​ចោទ​ប្រទេស​នេះ​ថា​គាំទ្រ​អំពើ​ភេរវកម្ម ដែល​រដ្ឋាភិបាល​ក្រុង ដូហា បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG