ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថា កំពុងស្វះស្វែងរកប្រាក់កម្ចីពីធនាគារចំនួនច្រើនពាន់លានដុល្លារដើម្បីស្តារស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ ខណៈដែលការធ្លាក់តម្លៃប្រេងក្នុងពិភពលោកបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។ ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីតមិនមែនជាប្រទេសតែមួយគត់នៅតំបន់ឈូងសមុទ្រពែកដែលរងផលប៉ះពាល់នោះទេ។ ប្រទេសផលិតប្រេងដទៃទៀតមានស្ថានភាពយ៉ាប់យឺនជាងប្រទេសនេះទៅទៀត។
កប៉ាល់ល្បឿនលឿនដឹកអ្នកទេសចរឆ្លងកាត់ផ្ទៃទឹកនៃឈូងសមុទ្រពែកទៅកាន់អតីតកន្លែងនេសាទគុជ នៅក្នុងឈូងឆ្នេររបស់ប្រទេសបារ៉ែន (Bahrain)។ មុនពេលការរុករកប្រេងចាប់ផ្តើមនៅក្នុងទសវត្សរ៍១៩៣០ សេដ្ឋកិច្ចពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំគុជចេញ។ លោកស្រី Noura Al Sayeh ដែលជាប្រធានផ្នែកស្ថាបត្យកម្មរបស់គម្រោង Heritage Trail ថ្មីនិយាយថា រដ្ឋាភិបាលបារ៉ែនមានបំណងបង្អួតនូវកេរតំណែលរបស់ខ្លួន ប៉ុន្តែក៏មានផែនការមួយទៀតផងដែរ។
«គម្រោងទាំងមូលនេះក៏មានគំនិត្រូវធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ប្រទេសបារ៉ែនមានស្ថិរភាពឡើងវិញដែរ»។
ប្រទេសបារ៉ែន និងប្រទេសដទៃទៀតនៅតំបន់ឈូងសមុទ្រពែកត្រូវតែធ្វើឲ្យសេដ្ឋកិច្ចភ្លាមៗមានចំណូលចម្រុះ។ តម្លៃប្រេងបានធ្លាក់ចុះពី១២០ដុល្លារក្នុងមួយធុងនៅក្នុងឆ្នាំ២០១៤មកនៅត្រឹម៤០ដុល្លារនាពេលបច្ចុប្បន្ននេះ។ ទីភ្នាក់ងារឈ្មោះ Moodyដែលវាយតម្លៃស្ថានភាពទីផ្សារបានទម្លាក់ចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់ប្រទេស Bahrainដល់កម្រិតទាបជាខ្លាំង។ លោក Jason Tuvey ដែលជាអ្នកវិភាគធ្វើការឲ្យក្រុមស្រាវជ្រាវឈ្មោះ Capital Economics ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ បាននិយាយថា មិនមែនមានតែប្រទេសបារ៉ែនមួយនោះដែលមានបញ្ហានេះ។
«សារពើពន្ធរបស់ប្រទេសអូម៉ង់ (Oman) និងប្រទេសបារ៉ែននឹងមានការធ្លាក់ចុះដ៏ធំនៅប៉ុន្មានឆ្នាំទៀត។ សេដ្ឋកិច្ចនឹងមានកណើនខ្សោយខ្លាំងណាស់។ បន្ថែមពីនេះ ប្រទេសទាំងពីរក៏មានបញ្ហានយោបាយផងដែរ»។
ប្រេងបានផ្តល់ចំណូលប្រមាណជា៨០%នៃចំណូលសរុបរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែប្រាក់ចំណូលនេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលកំពុងប្រឈមនឹងឱនភាពសេដ្ឋកិច្ចប្រមាណជា១៥% ហើយត្រូវបានគេរាយការណ៍ មកថា កំពុងស្វែងរកប្រាក់កម្ចីចំនួន៨ពាន់លានដុល្លារពីធនាគារ។ ប៉ុន្តែលោក Tuvey និយាយថា វាមិនមែនជាមហន្តរាយដែលនឹងកើតឡើងភ្លាមៗនោះទេ។
«អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានប្រុងប្រៀបខ្លួនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ នៅពេលដែលតម្លៃប្រេងនៅខ្ពស់។ ពួកគេបានសងបំណុលនានា ដែលនៅតែតិចតួចប៉ុណ្ណោះ។ ឥឡូវនេះ ពួកគេស្ថិតនៅក្នុងស្ថានភាពមួយដែលមានកម្លាំងគ្រាន់បើក្នុងការទប់ទល់នឹងតម្លៃប្រេងទាប បើប្រៀបធៀបទៅនឹងប្រទេសផលិតប្រេងដទៃទៀតដូចជា រុស៊្សី និងនីហ្សេរីយ៉ា»។
ក្នុងនាមជាសមាជិកនៃក្រុមប្រទេសផលិតប្រេង OPEC ប្រទេសអារ៉ាប៊ី សាអូឌីតមានអំណាចក្នុងការកាត់បន្ថយការផលិតប្រេង និងបង្កើនតម្លៃប្រេង។ ប៉ុន្តែវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។
«បើប្រទេសអារ៉ាប៊ី សាអូឌីតធ្វើដូច្នោះ នោះក្រុមហ៊ុនផលិតប្រេងពីអាងស្តុកប្រេងក្នុងស្រទាប់ថ្ម shale នៅអាមេរិកនឹងបង្កើនការផលិតឡើយវិញ ហើយវានឹងប៉ះពាល់ដល់ផែនការទីផ្សាររយៈពេលវែងរបស់អារ៉ាប៊ីសាអូឌីត»។
សហរដ្ឋអាមេរិកមានការពឹងផ្អែកតិចតួចលើប្រេងក្នុងឈូងសមុទ្រ ហើយទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលអ៊ីរ៉ង់ ដែលជាគូប្រជែងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះ មានលក្ខណៈប្រសើរឡើង។ កត្តាទាំងពីរនេះបាននាំឲ្យមានសំណួរជាច្រើនទាក់ទងនឹងអនាគតសេដ្ឋកិច្ច និងនយោបាយភូមិសាស្រ្តរបស់រដ្ឋាភិបាលក្រុងរីយ៉ាដ (Riyadh)។
«អាមេរិកជាសម្ព័ន្ធមិត្តរបស់យើង។ ប្រទេសនេះជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្រ្តអស់រយៈពេលជាង៧ទសវត្សរ៍មកហើយ។ អាមេរិកជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់យើង និងជាអ្នកវិនិយោគធំបំផុតនៅក្នុងអារ៉ាប៊ីសាអូឌីត»។
រដ្ឋាភិបាលក្រុងរីយ៉ាដ (Riyadh)កំពុងព្យាយាមធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន ដោយកាត់បន្ថយប្រាក់ឈ្នួល និងជំរុញឲ្យមានកំណើនការងារនៅក្នុងវិស័យឯកជន។ ប៉ុន្តែអ្នកវិភាគនិយាយថា នៅក្នុងប្រទេសដែលធ្លាប់តែសម្បូររុងរឿងដោយសារប្រេង ការផ្លាស់ប្តូរបែបនេះនឹងត្រូវចំណាយពេលច្រើនឆ្នាំ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ