ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អនាគត​ប្រទេស​នីហ្សេរីយ៉ា​​មាន​ភាព​មិន​ច្បាស់លាស់​ ស្រប​ពេលប្រទេស​នេះ​​ធ្វើ​កំណែ​ទម្រង់​សាវជីកម្ម​ប្រេង​រដ្ឋ


រូបឯកសារ៖ បុរស​ម្នាក់​ចាក់​សាំង​ចូល​ទៅ​ក្នុង​ធុង នៅ​សាជីវកម្ម​ប្រេង​ជាតិ​របស់​នីហ្សេរីយ៉ា ក្នុង​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។

សាជីវកម្ម​ប្រេង​ឥន្ធនៈ​ជាតិ​នីហ្សេរីយ៉ា​ (NNPC) ​មាន​​រឿង​អាថ៌កំបាំង​យ៉ាង​អប្រិយ​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ​ពុករលួយ​ ហើយ​នា​ពេល​ថ្មីៗ​នេះ មិនមាន​​ប្រាក់​ចំណេញ។

កំណែទម្រង់​ផ្សេងៗ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​សាជីវកម្ម​ប្រេង​របស់រដ្ឋ​នៅ​ប្រទេស​នីហ្សេរីយ៉ា។ សាជីវកម្ម​ប្រេង​ឥន្ធនៈ​ជាតិ​នីហ្សេរីយ៉ា​ (NNPC) ​មានរឿង​អាថ៌កំបាំង​យ៉ាង​អប្រិយ​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ​ពុករលួយ​ ហើយ​នា​ពេល​ថ្មីៗ​នេះ មិនមានប្រាក់​ចំណេញ។ ក្រុម​អ្នកវិភាគ​និយាយ​ថា ​កំណែទម្រង់​នោះ​នឹង​មិន​មាន​ភាព​ងាយ​ស្រួល​ទេ។

សាជីវកម្ម​ប្រេង​ឥន្ធនៈ​ជាតិ​នីហ្សេរីយ៉ា ​(NNPC)​ គឺ​ជា​ស្ថាប័ន​ផលិត​ប្រេង​សំខាន់​ និង​ធំ​ជាង​គេ​បំផុត​នៅ​ទ្វីប​អាហ្វ្រិក។​ សាជីវកម្ម​នេះ​តំណាង​ឲ្យ​ភាគហ៊ុន​របស់​រដ្ឋាភិបាល​នីហ្សេរីយ៉ា​នៅ​ក្នុង​វិស័យ​ប្រេង​ឥន្ធនៈ។

ប៉ុន្តែ​សាជីវកម្ម ​NNPC ​ធ្លាប់ដិតដាម​ទៅ​ដោយ​ពាក្យ​ចចាមរ៉ាម​អំពី​អំពើ​ពុករលួយ ហើយ​រឿង​ពុករលួយដែល​ប្រហែល​ជា​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ​នោះ​កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១៤ ​នៅ​ពេល​ដែល​អតីត​ប្រធាន​ធនាគារ​កណ្តាល​មួយ​រូប បាន​ចោទ​ប្រកាន់​ថា ​សាជីវកម្ម​នេះ​ខកខាន​មិន​បានបង់​ប្រាក់​២០​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល។

របាយការណ៍​មួយ​របស់​អតីត​អគ្គនាយក​ផ្នែក​សវនកម្ម​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ បាន​គាំទ្រ​ការ​អះអាង​ដូច​នោះ ដោយ​និយាយ​ថា ​សាជីវកម្ម ​NNPC ​មិន​បាន​ផ្តល់​ប្រាក់​១៦​ពាន់​លាន​ដុល្លារក្នុង​ទម្រង់​ជា​ប្រាក់​ចំណូល​ទៅ​ឲ្យ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៤​ទេ។​

លោក​ប្រធានាធិបតី Muhammadu Buhari ​ត្រូវ​បាន​គេរំពឹង​យ៉ាង​ខ្លាំង​ថា ​នឹង​ធ្វើ​ការសើរើសាជីវកម្ម​ប្រេង​ដ៏​ធំ​មួយ​នេះ ​បន្ទាប់​ពីលោក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន។ ​កំណែ​ទម្រង់​នោះ​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ធំ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ​នៅ​ពេល​ដែល​ប្រមុខ​សាជីវកម្ម NNPC​ បាន​ប្រកាស​ថា​ សាជីវកម្ម​នេះ​នឹង​ត្រូវ​បែងចែក​ជា​ប្រាំពីរ​ក្រុមហ៊ុន​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​រាយ​ការណ៍របស់បណ្តាញ​ព័ត៌មានក្នុង​ស្រុក។

VOA ​បាន​ព្យាយាម​ទាក់​ទង​សុំការ​អធិប្បាយពី​អ្នក​នាំ​ពាក្យ​របស់សាជីវកម្ម ​NNPC ​ តែមិន​អាច​ទាក់ទង​បាន​ទេ។​

សាជីវកម្ម​ NNPC ​បាន​រង​ការរិះគន់​ជា​យូរយារ​ណាស់​មក​ហើយ​ថា​ មាន​ភាព​ខ្ជះខ្ជាយ​ ហើយ​បាន​បង្ហាញការ​ខាតបង់​កាលពី​ឆ្នាំ​មុន។​ លោក​ Dauda Garuba មន្រ្តី​នៅ​ឯ​វិទ្យាស្ថាន​អភិបាលកិច្ច​ធនធាន​ធម្មជាតិ​ នីហ្សេរីយ៉ា​ និយាយ​ថា ការ​បំបែក​សាជីវកម្ម​នេះ​នឹង​ជួយ​លើក​កម្ពស់​ទាំង​ការ​ត្រួត​ពិនិត្យ​ និង​ការ​រក​ប្រាក់​ចំណូល​បន្ថែម។​

«នៅ​ពេល​ដែល​សាជីវកម្ម​នេះ​ត្រូវ​បាន​បំបែក​ ​នោះអង្គភាព​តូចៗ​នីមួយៗ​ ដែល​ចេញ​មក​ជា​អង្គភាព​ឯករាជ្យ​នោះ​នឹង​មាន​ឱកាស​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ដោយ​ផ្តោត​ទៅ​លើ​ការ​ស្វែងរក​ប្រាក់​ចំណេញ»។

ប៉ុន្តែ​លោក​ Matthew Page ​ជា​សមាជិក​មួយ​នៃ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការ​បរទេស​ដែល​មាន​មូលដ្ឋាន​នៅ​បូរី​ញូវយ៉ក​ មាន​ប្រសាសន៍​ថា​ ​ ការ​បំបែក​សាជីវកម្ម​នោះ ទំនង​ជា​នឹង​មិន​គ្រប់គ្រាន់​ដើម្បីឲ្យ​ពួកគេ​រក​ចំណូលបាន​ច្រើន​ជាងចំណាយ​នោះទេ។ ​លោក​បាន​លើក​ឡើង​អំពី​កម្មសិទ្ធិ​របស់​សាជីវកម្ម ​NNPC ​ទៅ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​ចំនួន​បួន​នៅ​ក្នុង​ប្រទេស​ ដែល​កម្រ​ធ្វើ​ប្រតិបត្តិការ។​

«ច្បាស់​ណាស់​រោងចក្រ​ចម្រាញ់​ប្រេង​គឺ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​សម្រាប់​សាជីវកម្ម​ទាំង​មូល។​ រោងចក្រ​ចម្រាញ់​ប្រេង​ទាំង​នោះ​ពិត​ជា​ដាក់​សម្ពាធ​ទៅ​លើ​សាជីវកម្ម ​និង​ជា​ប្រភព​នៃ​ការ​ខាតបង់​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន។ ​រោងចក្រ​ទាំង​នោះ​មិន​ដំណើរការ ​មិន​បាន​ផ្តល់​ប្រេង​ឥន្ធនៈ​ចម្រាញ់​រួច​ទៅ​ឲ្យ​ប្រជាជន​នីហ្ស៊េរីយ៉ា​ឡើយ»។

លោក​ Page បាន​បន្ត​ថា ​ដើម្បី​ធ្វើ​ឲ្យ​សាជីវកម្ម ​NNPC​ មាន​តម្លាភាព​ខ្លាំង​ជាង​មុន​ ​គេ​ត្រឹម​តែ​ធ្វើកែទម្រង់​រចនា​សម្ព័ន្ធ​ទេ គឺ​ត្រូវ​ធ្វើ​លើស​ពី​នេះ។​ សាជីវកម្ម​នេះ​មាន​អំណាចធ្វើ​និយ័តកម្ម​ទៅ​លើ​ឧស្សាហកម្ម​ប្រេង ​ហើយអាច​ទិញ​ និង​លក់​ផលិតផល​ប្រេង​ឥន្ធនៈ​ដោយ​ខ្លួន​ឯង។​ លើស​ពី​នេះ​ទៅ​ទៀត​ សាជីវកម្ម​នេះ​មាន​ការ​ត្រួត​ពិនិត្យ​តិចតួច​ប៉ុណ្ណោះ​ ចាប់​តាំង​ពីលោក​ប្រធានាធិបតី​បាន​បណ្តេញ​គណៈកម្មការ​គ្រប់គ្រង​សាជីវកម្មនោះ​ ​ ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន។​

«អ្វី​ទាំងអស់​នេះ​ពិត​ជា​ទំនាស់​ផល​ប្រយោជន៍​ យ៉ាង​ប្រាកដ​ណាស់ និង​ជា​ការ​អនុវត្ត​មួយ​ដែល​មិន​ធ្លាប់​បាន​ឃើញ​នៅ​កន្លែង​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក»។​

លោក​ប្រធានាធិបតី​ Buhari ​បាន​ធ្វើការ​សម្រេច​ចិត្ត​មួយ​ដែល​មិន​ធ្លាប់មាន​ពី​មុន​មក​ ដោយ​លោក​សម្រេចដើរ​តួនាទី​ដោយ​ផ្ទាល់​ជា​រដ្ឋមន្រ្តី​ប្រេងឥ​ន្ធនៈ។ ​លោក​ Page និយាយ​ថា លោក​ប្រធានាធិបតី​ត្រូវ​តែ​ដើរ​តួ​យ៉ាង​សកម្ម​ជាង​នេះ​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​របស់​សាជីវកម្ម​ NNPC​ ទើបកំណែទម្រង់​នេះ​មាន​ប្រសិទ្ធភាព៕

ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច

XS
SM
MD
LG