ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​​ថា​ ការ​ដោះស្រាយ​បញ្ហា​ជាច្រើន​នៅ​ឃុំ​សង្កាត់​យឺត​យ៉ាវ​ដោយ​ការដឹកនាំ​ឯក​បក្ស


រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ដែល​ក៏​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ផង​នោះ លើក​ដៃគ្រវី​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ថ្ងៃ​ចុងក្រោយ ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ដែល​ក៏​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ផង​នោះ លើក​ដៃគ្រវី​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ថ្ងៃ​ចុងក្រោយ ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

អ្នក​តាមឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​និង​បក្ស​មិន​កាន់អំណាចយល់​ថា​មាន​បញ្ហាជាច្រើន​នៅ​ថ្នាក់​មូលដ្ឋានដែល​ទាមទារ​ឲ្យ​ដោះស្រាយ​ដោយសារតែ​មិន​ទាន់​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​នៅឡើយ​ជាពិសេស​ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ក្តោប​យក​អំណាច​តាំងពី​ថ្នាក់ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន។​

បញ្ហា​ទាំង​នោះរួមមាន​រដ្ឋបាល​នានា​ដែល​មាន​ដូចជា​ឯកសារ​បណ្ណស្នាក់នៅ​ បណ្ណគ្រួសារ​ ​ទំនាស់​ដីធ្លី ​បំបាត់​អំពើ​ពុករលួយ​ ការសិក្សា​អប់រំ​ ​សុខាភិបាល ​និង​កសិកម្ម​ ​រហូត​ដល់​បញ្ហាសន្តិសុខ​ គ្រឿងញៀន ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​ក្រុម​ទំនើង​ជាដើម។

លោកឱក សេរីសោភក្តិ៍ ​អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់នៅក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ស្តីពី​អភិបាលកិច្ច​ល្អ​កាលពី​ចុង​ខែមករា​ថា៖

«បួនឆ្នាំ ​ប្រាំឆ្នាំ​កន្លងមក​នេះ​សំឡេង​យុវជន​ក៏មាន​កាន់តែ​ច្រើន​ហើយ​យុវជន​ជាច្រើន​ដែល​ខ្ញុំ​ជួប​ផ្ទាល់​គឺគាត់​មិន​សូវ​ពេញចិត្ត​នឹង​កិច្ចការ​ដែល​ធ្វើ​ដូច​ជា​បញ្ហា​ដីធ្លី​ បញ្ហា​ពុករលួយ ​បញ្ហា​គ្រឿង​ញៀន​អី​ជាដើម​ដែល​ចូល​ទៅដល់​មូលដ្ឋាន​ហើយ​គឺ​គាត់​អត់​ចូលចិត្ត​ទេនឹង​របៀប​ធ្វើការ​នៃ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅថ្នាក់​មូលដ្ឋាន​»។

ការក្តាប់យក​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ស្ទើរតែ​ទាំងស្រុង​នៅថ្នាក់​ក្រោម​ជាតិ​ក្រោយពី​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជំរុញ​វិមជ្ឈការ​ទៅ​ថ្នាក់​មូលដ្ឋាន​ផងដែរ។ នេះ​បើ​តាម​ការលើកឡើង​របស់​លោក​គល់ បញ្ញា ​ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល​ដែល​ជាអង្គការ​តាម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​គល់ បញ្ញា​បាន​បន្ថែម​ថា៖ ​

​«អីចឹង​ហើយ​បាន​ជាចុងក្រោយ​នេះ ​ក្រោយពី​ការរំលាយ​គណបក្ស​ប្រឆាំង​គឺថា​អ្វី​ដែល​ជា​កំណែ​ទម្រង់​វិមជ្ឈការ​នេះ​គឺ​ដើរ​យឺត​ណាស់​ហើយ​សឹងតែ​ត្រឡប់​ទៅរក​ភាព​ដើម​វិញ​នៃ​តួនាទី​សិទ្ធិ​អំណាច​របស់​ឃុំ​សង្កាត់​គឺថា​ពួកគេ​ធ្វើការ​ទៅតាម​តែ​ថ្នាក់​លើបញ្ជា»។

ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ក្នុង​ខែមិថុនា ​ឆ្នាំ២០១៧​ បាន​ផ្តល់​ជ័យជម្នះ​យ៉ាង​ខ្លាំង​ដល់​គណបក្ស​សង្រ្គោះ​ជាតិ​ដោយ​ឈ្នះ​បាន​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​៥.០០៧​នៃ​តំណែង​ក្រុមប្រឹក្សា​ចំនួន​១១.៥៧២ ​ក្នុងនោះ​គ្រប់គ្រង​ឃុំ​និង​សង្កាត់​ចំនួន​៤៨៩​នៃ​ឃុំសង្កាត់​សរុប​ចំនួន​១.៦៤៦។ ប៉ុន្តែ​គណបក្ស​កាន់អំណាច​មិន​អស់ចិត្ត​នឹង​បរាជ័យ​របស់​ខ្លួន​ដោយ​ចោទប្រកាន់​ថា​អតីតបក្ស​ប្រឆាំង​នេះ​មាន​បរទេស​ជួយ​និង​មាន​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាលហើយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​ខ្លួន​គ្រប់គ្រង​រំលាយ​ចោល​នៅចុង​ឆ្នាំ​នោះ។

​ក្នុង​ខណៈពេល​ដែល​កម្ពុជា​នឹង​ត្រូវ​ដល់​ពេល​រៀបចំ​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាថ្មី​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២​នេះ ​អ្នកសង្កេតការណ៍ស្នើ​ថា​គួរ​តែធ្វើ​ឡើង​ដោយ​មាន​ភាគី​គ្រប់​គណបក្ស​នយោបាយ​អាចចូលរួម​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ថ្នាក់​មូលដ្ឋាន​ដោយ​មាន​ការជួយ​ផ្ទៀងផ្ទាត់​គ្នា​បើសិន​ជា​មាន​គណបក្ស​ច្រើន​មានតំណាង​នៅ​ក្នុង​ថ្នាក់​ដឹកនាំ​មូលដ្ឋាន។

រូបឯកសារ៖ ទិដ្ឋភាព​នៃ​ការដង្ហែក្បួន​ឃោសនាបោះឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាព​នៃ​ការដង្ហែក្បួន​ឃោសនាបោះឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

កាលពី​ដើម​ខែមករា ​ក្រសួង​មហាផ្ទៃ​បាន​កែសម្រួលលក្ខណៈសម្បត្ដិ​ខ្លះ​នៃ​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ដែល​បាន​អនុវត្ដ​រយៈពេល​ ១០ ​ឆ្នាំ​កន្លងមក​ទៅ​ជា​គោលនយោបាយ​ ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​វិញ ​ដោយ​មន្ត្រី​នានា​អះអាង​ថា​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព ​និង​បញ្ហា​បច្ចុប្បន្ន។

​គោល​នយោបាយ ​ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ដែល​អន្តរក្រសួង​បានកំណត់​ឡើងវិញ​នេះ​ផ្តោតលើ​ការទប់ស្កាត់ ​បទល្មើស​គ្រប់​ប្រភេទ ​ពិសេស​សកម្មភាពលួច ឆក់ ប្លន់ ​បទល្មើសគ្រឿងញៀន​អំពើ​អនាចារ ​ការជួញដូរ​មនុស្ស ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ក្មេង​ទំនើង​ រហូត​ដល់​ការឆ្លើយតប​ រាល់​ជំងឺ​ឆ្លង​រាតត្បាត​កាច​សាហាវ ​ផ្ដល់​សេវា​រដ្ឋបាល​ និង​សេវាសាធារណៈ​ ​និង ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ។ នេះ​បើ​យោង​តាម​ខ្លឹមសារ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី៨​ខែមករា​នៅ​ក្រសួង​មហាផ្ទៃ។

លោកសុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា​គោលនយោបាយ​នេះ​នឹង​ត្រូវ​គណបក្ស​កាន់​អំណាចធ្វើ​បន្ត៖

«អីចឹ​ង​ទេ​បញ្ហា​នៅ​ពេល​បច្ចុប្បន្ន​នេះ ​នឹង​ទៅ​អនាគត​គឺ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ប្រមូលផ្តុំ​លើ​គោលការណ៍​ពង្រឹង​ភូមិឃុំ​មាន​សុវត្ថិភាព​នេះ»។​

សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​ទើប​បាន​បង្កើត​នៅពេល​ថ្មីៗ​នេះ​ដោយ​គណបក្ស​នយោបាយ​ចំនួន​បី​ដែល​មិន​កាន់​អំណាច​យល់ស្រប​នឹង​គោលនយោបាយ​នេះ​ដែរ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកម៉ម សូណង់ដូ ​ដែល​ជា​ប្រធាន​ក្រុមសម្ព័ន្ធ​នេះ។

លោកម៉ម សូណង់ដូ ​ដែលក៏​ជាប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ផងដែរ​មើលឃើញ​ថា​បញ្ហា​អំពើ​ពុករលួយ​និង​អភិបាល​កិច្ច​ល្អ​នៅតែ​ជា​បញ្ហា​ដែល​គណបក្ស​របស់​លោក​នឹង​ផ្តោតលើ ដោយ​លោក​អះអាង​ថា​លោក​កំណត់​ទិសដៅ​ដើម្បី ​បើកមុខ​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក​ម៉ម សូណង់ដូ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​ឃើញ​ថា​សព្វថ្ងៃនេះ​ទោះជា​យើង​ខំ​បំបាត់​អំពើ​ពុករលួយ​ក៏ដោយ​ក៏​អំពើ​ពុករលួយ​នៅតែ​កើតមាន​ឡើង​ ហើយ​រហូត​ដល់​ទៅ​សរសេរ​ស្លាក​ទប់ស្កាត់​កុំឲ្យ​លុយ​កាក់​ ក៏​សង្កេត​ឃើញ​ទៅ ​ការសរសេរ​ហ្នឹង​គឺ​ពុករលួយ​ជាងមុន​ទៀត។ ដូច្នេះ​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​កែ​អស់​លែង​ឡើង​ហើយ»។​

លោកយ៉ង សាំងកុមារ ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់​ថា​ក្រៅ​ពីបញ្ហា​ដែល​បាន​បង្ហាញ​ខាងលើ​គឺ​គណបក្ស​របស់​លោក​នឹង​ផ្តោត​លើ​ការជំរុញ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការផ្លាស់ប្តូរ​មេឃុំ​និង​ចៅសង្កាត់​ផងដែរ។

លោកយ៉ង សាំងកុមារ​បាន​បន្ថែម​ថា៖

«គោលនយោបាយ​យើង​គឺ​ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិជ្រើសរើស​មេភូមិ​ដើម្បី​បាន​មេ​ភូមិ​ល្អ​បម្រើ​គាត់​ មាន​សិទ្ធិ​ដក​មេភូមិ​ក្នុង​ករណី​មេភូមិ​មិន​អាច​ធ្វើ​ការងារ​ល្អ​បម្រើ​ពួកគាត់។ ធ្វើម៉េច​ឲ្យ​មាន​នគរបាល​ល្អ​ធ្វើការ​បម្រើ​សន្តិសុខ​ បញ្ហា​គ្រឿងញៀន។​ ធ្វើ​ម៉េច​ឲ្យ​មាន​ផ្លូវល្អ​នៅ​តាម​ឃុំ​សង្កាត់​។ ធ្វើ​ម៉េច​លុប​បំបាត់​គ្រឿងញៀន។ ធ្វើ​ម៉េច​ឲ្យ​បញ្ឈប់​ការរើស​អើង​នយោបាយ​នៅ​តាម​ភូមិ​ឃុំ​ ឈប់​ឲ្យ​មាន​ការតាម​ដាន​គ្នា​ថា​អ្នកណា​ចូលបក្សនេះ​ឬបក្ស​នោះ​អីចឹង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG