ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ​និយាយ​ថា ​គណបក្ស​របស់​លោក​នឹង​គ្រប់គ្រង​ប្រទេស​ដល់​១០០​ឆ្នាំ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ប្រារព្ធ​ខួប​ទី​៦៦ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ REUTERS/Samrang Pring

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​និង​កំពុង​កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​នេះ ​នឹង​បន្ត​គ្រប់គ្រង​នយោបាយ​រហូត​ដល់​១​សតវត្សរ៍។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន ​Reuters ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា ដោយ​បាន​ស្រង់​សម្តី​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​និយាយ​នៅ​ពេល​លោក​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ក្នុង​ខេត្ត​កណ្តាល។​

កាសែត​ដដែល​បាន​រាយ​ការណ៍​ថា​ ​លោក ហ៊ុន សែនបាននិយាយសំដៅ​ទៅ​គណបក្ស​ប្រឆាំង​ឲ្យរង់​ចាំ​ទាល់​តែ​ជាតិ​ក្រោយ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ចង់​ដណ្តើម​អំណាច។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើង​គ្រប់គ្រង​ប្រទេស​ចាប់តាំង​ពី​ឆ្នាំ​១៩៧៩ បន្ទាប់​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ ដោយ​សារ​ការ​ចូល​ឈ្លានពាន​ពី​កងទ័ព​វៀតណាម។​

បច្ចុប្បន្ន​គណបក្ស​នេះ​គ្រប់គ្រង​អាសនៈ​ទាំង​១២៥​នៃ​រដ្ឋសភា​ជាតិ ក្រោយ​ពី​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ឆ្នាំ​២០១៨ ដោយ​គ្មាន​ការ​ចូល​រួម​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​និង​ជា​គូ​ប្រកួត​ដ៏​ប្រកៀក​ប្រកិត​ ដែល​ត្រូវ​រំលាយ​ដោយ​តុលារការ​រដ្ឋាភិបាល​របស់​លោក។​

រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិនិង​អន្តរជាតិ​ជាច្រើន​ថ្កោល​ទោសចំពោះ​ការ​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គមស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យមុន​ការ​បោះឆ្នោត៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG