ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​លេច​ធ្លាយ​ទិន្នន័យ​អតិថិជន​ធនាគារ​ Credit Suisse ជាង​៣ម៉ឺន​នាក់


ស្លាក​សញ្ញា​ធនាគារ Credit Suisse របស់​ស្វីស ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (REUTERS/Arnd Wiegmann)
ស្លាក​សញ្ញា​ធនាគារ Credit Suisse របស់​ស្វីស ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (REUTERS/Arnd Wiegmann)

សារ​ព័ត៌មាន​អាល្លឺម៉ង់​មួយ​និង​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២០ ខែ​កុម្ភៈ បាន​ផ្សាយ​ព័ត៌មាន​អំពី​ការ​លេច​ធ្លាយ​ទិន្នន័យ​របស់​ធនាគារ​ Credit Suisse ដែល​ជា​ធនាគារ​ស្វីស​ធំជាង​គេ​ទី​២។ វា​គឺ​ជា​ការ​លេច​ធ្លាយ​ព័ត៌មាន​លម្អិត​នៃ​គណនី​របស់​អតិថិជន​ជាង​៣ម៉ឺន​នាក់ ហើយ​ទិន្នន័យ​មួយ​ចំនួន​មាន​លក្ខណៈ​មិន​សមរម្យ​ ហើយ​ហេតុ​ដែល​នាំ​ឱ្យ​មានការ​លេច​ធ្លាយ​នេះ​ប្រហែល​ជា​បណ្តាល​មក​ពី​ក្រុម​សវនករ​ពុំបាន​ពិនិត្យ​ព័ត៌មាន​អតិថិ​ជន​ឲ្យ​បាន​លម្អិត។

ធនាគារ Credit Suisse បាន​ប្រកាស​ជូនដំណឹង​ថា៖​ «ធនាគារ​សូម​បដិសេធ​ទាំង​ស្រុង​លើ​ការ​ចោទ​ប្រកាន់ និង​ការ​ពោល​បញ្ឆិត​បញ្ឆៀង​ទាំងឡាយ​ដែល​ចោទ​ថា​វា​ជា​ទង្វើ​ចេតនា​របស់​ធនាគារ»។

សារ​ព័ត៌មាន​ចេញផ្សាយ​ប្រចាំ​ថ្ងៃ​របស់​អាល្លឺម៉ង់​ឈ្មោះ Sueddeutsche Zeitung បាន​ផ្សាយ​ថា​ ខ្លួន​ធ្លាប់​ទទួល​ទិន្នន័យ​អនាមិក​តាម​ប្រអប់​សារ​អ៊ីមែល​សុវត្ថិភាព​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ សារព័ត៌មាន​ដដែល​នេះ​បាន​បន្ត​ថា គេ​មិន​ប្រាកដ​ទេ​ថា​តើ​ប្រភព​ទិន្នន័យ​ទាំង​អស់​នេះ​ចេញពី​បុគ្គល​តែម្នាក់ ឬ​ពី​ក្រុម​ណាមួយ​ឡើយ ហើយ​សារព័ត៌មាន​នេះ​មិន​បាន​ចំណាយ​ប្រាក់ ឬ​សន្យា​ផ្តល់​ប្រាក់​សម្រាប់​ទិន្នន័យ​នោះ​ទេ។

សារព័ត៌មាន​អាល្លឺម៉ង់​មួយ​នេះ​បាន​បញ្ជាក់​ថា ខ្លួនបាន​វិភាគ​ទិន្នន័យ​ទាំង​នោះ ដែល​មាន​ទិន្នន័យចាប់តាំង​ពី​ទសវត្សរ៍១៩៤០​រហូត​មកទល់​ទសវត្សរ៍​ចុង​ក្រោយ​នេះ និង​ក៏​កំពុង​ធ្វើការ​ក្នុង​គម្រោង​បទ​រាយការណ៍​ព័ត៌មាន​ស្តី​ពី​ឧក្រិដ្ឋកម្មដែល​មាន​ការ​គ្រោង​ទុក​មុន​និង​អំពើ​ពុករលួយ និង​មាន​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រាប់​សិប​ទៀត ដូចជា​សារព័ត៌មាន​ The New York Times និង The Guardian ជាដើម។

សារព័ត៌មាន​អាល្លឺម៉ង់​នេះ​បាន​ឲ្យ​ដឹង​ថា ទិន្នន័យ​បាន​បង្ហាញ​ថា ធនាគារ​នេះ​បាន​ទទួល​យក​«បណ្តា​អ្នកដឹកនាំ​ផ្តាច់ការ​ពុក​រលួយ​ ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​សង្គ្រាម​និង​ការ​ជួញ​ដូរ​មនុស្ស ក្រុម​អ្នក​ជួញដូរ​គ្រឿង​ញៀន និង​ឧក្រិដ្ឋ​ជន​នានា​»ជា​អតិថិជន​របស់​ខ្លួន។

ធនាគារ Credit Suisse បក​ស្រាយ​ថា ការ​ចោទ​ប្រកាន់​នេះ​មាន​លក្ខណៈ«ផ្អែក​តាម​អតីតកាល» ហើយ​ថា​គណនី​ដែល​មាន​បញ្ហាគ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​ មិន​ត្រឹមត្រូវ ឬ​គ្រាន់​តែ​ជា​ព័ត៌មាន​មួយ​ជ្រុង​តែ​ប៉ុណ្ណោះ ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ការ​បក​ស្រាយ​លម្អៀង​ចំពោះ​កិច្ច​ប្រតិបត្តិ​ការ​របស់​ធនាគារ។

ធនាគារ​នេះ​បាន​បន្ត​បកស្រាយ​ថា ខ្លួន​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​គណនី​ជាច្រើន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​កន្លង​មក ហើយ​៩០​ភាគរយ​នៃ​គណនី​ទាំងនោះ​បាន​បិទ ឬ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​បិទ​មុន​ពេល​មាន​ការ​សាកសួរ​ពី​ក្រុម​សារព័ត៌មាន ដែល​ក្នុង​នោះ​គណនី​ជាង​៦០ភាគរយ​បាន​បិទ​តាំងពី​មុន​ឆ្នាំ២០១៥​មក​ម្ល៉េះ។

ចំពោះ​គណនី​ដែល​នៅ​សេសសល់​ដែល​កំពុង​ប្រតិបត្តិការ ធនាគារ​បកស្រាយ​ថា៖ «វា​ជា​រឿង​ធម្មតា​ទេ យើង​នឹង​មាន​ក្រុម​សវនករ ពិនិត្យ​ផ្ទៀងផ្ទាត់​ និង​ដាក់​វិធាន​ការ​ត្រួត​ពិនិត្យ​ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​បច្ចុប្បន្ន​ទាំងស្រុង​តែ​ម្តង»។ ធនាគារ​ក៏បាន​បញ្ជាក់​ថា៖ ច្បាប់​ពុំ​អនុញ្ញាត​ឱ្យ​ធនាគារ​បង្ហាញ​ពី«ទំនាក់​ទំនង​របស់​អតិថិជន​ណាមួយ​ឡើយ»។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រទេស​ស្វីស​បាន​ខិតខំ​ស្តារ​មុខមាត់​ខ្លួន​ដែល​គេ​ចាត់​ទុក​ថា​ជា​ឋានសួគ៌​នៃ​ការ​គេច​ពន្ធ ការ​លាង​លុយ​កខ្វក់ និង​ការ​លួច​បន្លំ​ថវិកា​រដ្ឋ​ ដែល​ការណ៍​នេះ​កើត​មាន​ដោយ​សារ​តែ​មិន​អនុវត្ត​ច្បាប់​រក្សា​ការ​សម្ងាត់​របស់​ធនាគារ។ ទោះជា​យ៉ាងណា​ក៏ដោយ​ ក៏​នៅតែ​មាន​ការ​រិះគន់​លើ​ច្បាប់​ទាំងអស់​នោះ​ដដែល។

សារ​ព័ត៌មាន Sueddeutsche Zeitung ក៏បាន​ចេញ​ផ្សាយ​សេចក្តី​ស្រង់​ព័ត៌មាន​នេះ​ចេញពីប្រភព​នៃ​ព័ត៌មាន​លេច​ធ្លាយ​ផង​ដែរ។

សារ​ព័ត៌មាន​ខាងលើបាន​សរសេរ​ថា​៖ «យើង​ជឿ​ថា​ច្បាប់​រក្សា​ការ​សម្ងាត់​របស់​ធនាគារ​ស្វីស​ពុំ​ទាន់​សម​ស្រប​នៅ​ឡើយ​ទេ។ ការ​យក​លេស​ការពារ​សិទ្ធិ​ឯកជន​គ្រាន់តែ​ជា​ខែ​ល​ល្អមើល​បិទ​បាំង​តួនាទី​ដ៏​អាម៉ាស់​របស់​ធនាគារ​ស្វីស​ដែល​ដើរ​តួ​ជា​អ្នក​ជួយ​សម្រួល​ជន​គេច​ពន្ធ​តែ​ប៉ុណ្ណោះ»៕

ប្រែ​សម្រួល​ដោយ​លោក ​កោះ​ សុគ​ន្ធី

XS
SM
MD
LG