ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកសារ​បែក​ធ្លាយ​របស់​ធនាគារ​បង្ហាញ​ការផ្ទេរ​​លុយ​កខ្វក់​​ទ្រង់​ទ្រាយ​ធំ​នៅ​ជុំវិញ​ពិភពលោក


រូបឯកសារ៖ ទិដ្ឋភាពពីខាងក្រៅនៃក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ទិដ្ឋភាពពីខាងក្រៅនៃក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៩។

ឯកសារ​បែក​ធ្លាយបាន​ចោទ​ប្រកាន់​ថា​ ធនាគារ​ធំ​បំផុត​មួយ​ចំនួននៅ​លើ​ពិភព​លោក​បាន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាពគួរ​ឲ្យ​សង្ស័យ ឬ​ការ​បន្លំកើត​មាន​ឡើងក្នុង​ចំនួន​ទឹក​ប្រាក់​ប្រមាណ ​២​ លានលាន​ដុល្លារ​ ដែល​ក្នុង​នោះ​រួម​មានការ​លាង​លុយ​កខ្វក់​សម្រាប់​ក្រុមឧក្រិដ្ឋជន ​និងក្រុមភេរវករ​ផង​ដែរ។​

ឯកសារ​ដែល​មាន​ឈ្មោះ​ថា «FinCEN Files»​ បានបង្ហាញ​របាយការណ៍​នៃ​សកម្មភាព​សង្ស័យ​ជាង​ ២.០០០​ ករណី ​ដែល​បាន​កើត​មាន​ឡើង ហើយ​ដែល​ត្រូវ​បាន​ផ្ញើតាម​ធនាគារ​ មក​ឲ្យក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក ​ដោយប្រកាស​ឲ្យ​អាជ្ញាធរ​បាន​ដឹង​និង​ប្រុង​ជើង​ការ​ ចំពោះ​សកម្មភាព​បទ​ឧក្រិដ្ឋ​ដែល​អាច​កើត​មាន​ឡើង ពី​ចន្លោះ​ឆ្នាំ ​១៩៩៩​ ដល់​ឆ្នាំ ​២០១៧។ ឯកសារ​នេះ​ត្រូវ​បានបែក​ធ្លាយ​ទៅ​ដល់​បណ្តាញ​ព័ត៌មាន​អនឡាញ​ Buzzfeed របស់​អាមេរិក ​និង​ត្រូវ​បាន​ចែក​ផ្សាយ​បន្ត​ក្នុង​បណ្តាញ​សាកល​នៃ​អ្នក​សារព័ត៌មាន​ស៊ើបអង្កេត​ផង​ដែរ។​

ឯកសារ​នោះបន្ត​ចោទ​ប្រកាន់​ថា​ មហា​ធនាគារ HSBC របស់​អង់គ្លេស​ បាន​ផ្ទេរ​លុយ​បន្លំ​ចំនួន​ ៨០​ លាន​ដុល្លារ​ តាម​រយៈ​សហរដ្ឋ​អាមេរិក ទៅកាន់​ទី​ក្រុង​ហុងកុង ដែល​ជា​ផ្នែក​មួយ​នៃគម្រោងវិនិយោគ​បោកប្រាស់​ខុសច្បាប់ (Ponzi scheme)​ ទោះ​ជា​មាន​ការ​ព្រមានជាមុន​ ដោយ​អាជ្ញាធរ​អាមេរិក​ក្តី។

ឯកសារនោះក៏បានបង្ហាញផងដែរថា ធនាគារអាមេរិក JP Morgan Chase បានផ្ទេរលុយចំនួន ១ ពាន់លានដុល្លារ តាមរយៈគណនីធនាគារក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដែលក្រោយមកទៀតត្រូវបានគេរកឃើញថា អាចជាលុយរបស់បុគ្គលឈ្មោះ Semion Mogilevich ដែលជាថៅកែក្រុមម៉ាហ្វីយ៉ារបស់រុស្សី ដែលកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះ ដែលត្រូវបានតាមរកបំផុតរបស់ទីភ្នាក់ងារអាមេរិក FBI នោះ។

ធនាគារ​អាល្លឺម៉ង់ Deutsche Bank ក៏​បាន​រង​ការ​ចោទ​ប្រកាន់ថា ​បាន​ផ្ទេរ​លុយកខ្វក់​ពី​អ្នក​លាងលុយ​ដែរ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ធនាគារនេះ​ និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំង​នេះ​បានកើត​ឡើងកន្លង​ផុត​យូរ​មក​ហើយ។

ចំណែក​ធនាគារ Standard Chartered របស់​អង់គ្លេស​ថា ​ខ្លួន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ​ក្នុង​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ៕

XS
SM
MD
LG