ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​បិទ​ ខណៈ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​ និង​ចលាចល​ហិរញ្ញវត្ថុ​កំពុង​កើត​មាន


រូបឯកសារ៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាបានប្រមូលផ្តុំគ្នានៅមុខធនាគារកណ្តាលមីយ៉ាន់ម៉ា ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាបានប្រមូលផ្តុំគ្នានៅមុខធនាគារកណ្តាលមីយ៉ាន់ម៉ា ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

វិស័យ​ធនាគារ​មីយ៉ាន់ម៉ា​បន្ត​ស្ថិត​ក្នុង​ភាព​វឹកវរ ​ខណៈ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​ទ្រង់ទ្រាយ​ធំ​ធ្វើ​ឱ្យ​មាន​រថយន្ត​ទាហាន​ល្បាត​តាម​ផ្លូវនានា​ នៅ​ក្នុង​ក្រុង​រ៉ូងហ្គូន​ កាលពី​សប្តាហ៍​មុន។​

ចាប់​តាំង​ពី​យោធា​បាន​កាន់​អំណាច​នៅ​ដើម​ខែ​កុម្ភៈ អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ជាច្រើន​ដែល​ដឹកនាំ​ដោយ​បុគ្គលិក​សុខាភិបាល រួម​មាន​ទាំង​បុគ្គលិក​ធនាគារ​ផង​ដែរ​នោះ​ បាន​ចូលរួម​ចលនា​បះបោរ​ស៊ីវិល (CDM) ដែល​ជា​យុទ្ធនាការ​កូដកម្ម​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា។ អ្នក​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ​បាន​អះអាង​ថា ពួកគេ​នឹង​មិន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញទេ រហូត​ទាល់​តែ​មាន​ការ​ផ្ទេរ​អំណាច​ឲ្យ​ទៅ​រដ្ឋាភិបាល​ជាប់​ឆ្នោត​វិញ ។

បុគ្គលិក​ម្នាក់​នៃ​ធនាគារ Myanma Apex Ban (MAB) បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​មិន​ចង់​រស់នៅ​ក្រោម​រដ្ឋាភិបាល​យោធា​ទេ។ ដូច្នេះ​ខ្ញុំ​បាន​ចូលរួម​ក្នុង​ចលនា CDM និង​ប្រយុទ្ធ​ដើម្បី​ប្រជាធិបតេយ្យ»។

ធនាគារ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​នៅ​បន្ត​បិទ​ទ្វារ ស្រប​ពេល​ដែលធនាគារ​ផ្សេង​ទៀត​បាន​កាត់​បន្ថយ​ប្រតិបត្តិការ​របស់​ពួកគេ។

ប្រជាពលរដ្ឋ​ត្រូវ​តម្រង់ជួរ​យ៉ាង​យូរ​នៅ​តាមទូរដកប្រាក់ ATM ខណៈធនាគារ​បាន​កាត់​បន្ថយ​ការ​ដក​ប្រាក់​ ឬ​មិន​ឱ្យ​មាន​ការ​ដក​ប្រាក់ ហើយ​អាជីវកម្ម​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​លំហូរ​សាច់​ប្រាក់។

បុគ្គលិក​ម្នាក់​នៃ​ធនាគារ Ayeyarwady Bank (AYA) បាន​ប្រាប់ ​VOA ថា ទោះ​បី​ជា​ការ​ធ្វើ​កូដកម្ម​ធ្វើ​ឱ្យ​ជីវិត​មាន​ការ​លំបាក​សម្រាប់​មនុស្ស​ទូទៅ និង​អាជីវកម្ម​ក្តី ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​រដ្ឋាភិបាលយោធាកាន់តែ​លំបាក។

បុគ្គលិក​រូប​នោះ​បាន​និយាយ​ថា៖ «ប្រព័ន្ធ​ធនាគារ​មីយ៉ាន់ម៉ា​បច្ចុប្បន្ន​កំពុង​ពឹង​ផ្អែក​លើ​ធនាគារ​ឯកជន។ យើង​ត្រូវ​ពឹងផ្អែក​លើ​ធនាគារ​ឯកជន​សម្រាប់​លំហូរ​សាច់ប្រាក់​នៅ​ក្នុង​ប្រទេស ​និងប្រតិបត្តិការ​របស់យើងជាមួយនឹង​ធនាគារ​អន្តរជាតិ។ ខ្ញុំ​គិត​ថា ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ធនាគារ​ឯកជន​ នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​សម្រាប់​រដ្ឋាភិបាល​យោធា​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់»។

មីយ៉ាន់ម៉ា​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍។ ទោះ​បី​ជា​មាន​បញ្ហា​ហិរញ្ញវត្ថុ​បន្ថែម​ក្តី បុគ្គលិក​ធនាគារ​និយាយ​ថា ពួកគេ​មិន​មាន​រង​សម្ពាធ​ឲ្យត្រឡប់​ទៅ​ធ្វើ​ការ​វិញទេ ហើយមក​ទល់​នឹង​ពេល​នេះ​ មិន​ទាន់មាន​យោធា​ណា​មក​រក​ពួកគេ​នៅ​ឡើយ​ទេ។

បុគ្គលិក​ធនាគារ AYA ម្នាក់​ទៀត​បាន​និយាយ​ថា៖ «រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​យោធា​ណា​មក​រក​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បុគ្គលិក​រូប​នេះ​ដឹង​ថា «មាន​ទាហាន​ក្នុង​សម្លៀកបំពាក់​ស៊ីវិល» បាន​ទៅ​ធនាគារ និង​សុំ​ព័ត៌មាន​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ​ធនាគារ»។

រូបឯកសារ៖ មនុស្សតម្រង់ជួរនៅមុខធនាគារមួយ ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ មនុស្សតម្រង់ជួរនៅមុខធនាគារមួយ ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ត្រូវ​បាន​ដឹកនាំ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ ​ចាប់​ពី​ឆ្នាំ ១៩៦២ ដល់​ឆ្នាំ ២០១១។ នៅ​ក្នុង​ឆ្នាំ ២០១៥ អ្នកស្រី ​អង់សាន ស៊ូជី និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ដោយ​ចំហជា​លើក​ដំបូង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ការ​បោះឆ្នោត​សកល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​ដោយ​យោធា​ចាញ់​ឆ្នោត​យ៉ាង​ខ្លាំង បើ​ប្រៀប​ទៅ​នឹង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ។ គណបក្ស​ប្រឆាំង​បាន​អះអាង​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ជាច្រើន។

យោធា​មីយ៉ាន់ម៉ា ដែល​គេ​ហៅ​ថា Tatmadaw បាន​បណ្តេញ​រដ្ឋាភិបាល​របស់​គណបក្ស NLD ចេញ​ពីអំណាច​នៅ​ថ្ងៃទី១ ខែកុម្ភៈ។ លោក Min Aung Hlaing មេបញ្ជាការ​យោធា​បាន​កាន់​អំណាច ដោយ​បាន​ប្រកាស​ដាក់​ប្រទេស​ «ក្នុង​ភាព​អាសន្ន​រយៈពេល​១ឆ្នាំ» និង​បាន​និយាយ​ថា ការ​បោះឆ្នោត​សកល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​អនាគត ។ សមាជិក​គណបក្ស NLD ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​ដែល​អ្នកស្រី​ អង់សាន ស៊ូជី និង​លោក​ប្រធានាធិបតី Win Myint ត្រូវ​បាន​ចាប់​ខ្លួន។

ចាប់​តាំង​ពី​ពេល​នោះ​មក ការ​តវ៉ា​ជាច្រើន​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ដោយ​មនុស្ស​រាប់​ពាន់​នាក់​ទាមទារ​ឱ្យ​មាន​ការ​បញ្ចប់​រដ្ឋប្រហារ។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា មនុស្ស​ជាង ​៤០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​យ៉ាង​ហោច​ណាស់ ​ពីរ​នាក់​បាន​ស្លាប់ រួម​មាន​អ្នក​តវ៉ា​ម្នាក់ និង​មន្ត្រី​ប៉ូលិស​ម្នាក់។

អគ្គទេសាភិបាល​រង​ថ្មី​នៃ​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា​បាន​បន្ទោស​ចលនា CDM និង​បាន​អះអាង​ថាក្រុម​អ្នក​តវ៉ា​ «កំពុង​បំផ្លាញ​សេដ្ឋកិច្ច​របស់​ខ្លួន​ឯង»។

លោក Win Thaw ជា​អ្នក​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​យោធា និង​ជា​អ្នក​ជំនួស​លោក Bo Bo Nge អតីត​អគ្គទេសាភិបាល​រង ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​គេ​មិន​បាន​ដឹង​ពី​ទីកន្លែង​របស់​លោក​នោះ​ទេ។

លោក Win Thaw បាន​ប្រាប់​សារព័ត៌មាន Frontier Myanmar ដែល​ជា​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​នៅ​មីយ៉ាន់ម៉ា​ ថា ការ​ពហិការ​រយៈពេល​យូរ​របស់​បុគ្គលិក​ទាំង​នោះ​អាច​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច។

លោក Win Thaw បាន​ប្រាប់​សារព័ត៌មាន Frontier Myanmar ថា៖ «ប្រព័ន្ធ​ធនាគារ​ត្រូវ​ការ​ជា​ចាំបាច់ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស។ បុគ្គលិក​ធនាគារ​មិន​គួរ​បដិសេធ​មិន​ព្រម​មក​ធ្វើ​ការ​នោះ​ទេ»។

អគ្គទេសាភិបាល​រង​រូប​នេះ​បាន​បន្ថែម​ថា ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា​មាន​ «ផែនការ​ក ខ និង​គ ដើម្បី​ធានា​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​មិន​ត្រូវ​បាន​រាំងស្ទះ» ប៉ុន្តែ​បាន​បដិសេធ​ចំពោះ​ការ​អត្ថាធិប្បាយ​លម្អិត​ថា ​តើ​ផែនការ​ទាំង​នោះ​ជា​អ្វី​នោះ​ទេ។

លោក Zeya Thu អ្នក​វិភាគ​សេដ្ឋកិច្ច និង​នយោបាយ​មីយ៉ាន់ម៉ា​ បាន​ព្រមាន​ថា វិបត្តិ​នយោបាយ​មីយ៉ាន់ម៉ា​នឹង​នាំ​ឱ្យ​មាន​អស្ថិរភាព​ហិរញ្ញវត្ថុ ហើយ​នៅ​ទី​បំផុត​ «ធនាគារ​ត្រូវ​តែ​បន្ត​ផ្តល់​សេវាកម្ម​របស់​ខ្លួន»។

លោក Thu បាន​ប្រាប់ VOA ថា៖ «ការ​ពិត​ដែល​ថា ធនាគារ​ត្រូវ​បាន​បិទ​ធ្វើ​ឱ្យ​មនុស្សម្នា​មាន​អារម្មណ៍​មិន​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ។ មនុស្ស​ជាច្រើន​កំពុង​ប្រឈមនឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​កំពុង​គិត​ថា ពួកគេ​នឹង​បាត់​ប្រាក់​សន្សំ​របស់​ពួកគេ​ជា​រៀងរហូត។ ក្រុមហ៊ុន​នឹង​មិន​អាច​បើក​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​ឲ្យ​ពួកគេ​បាន​ទេ»។

លោក Aung Wai Yan ជា​ហិរញ្ញិក និង​បុគ្គលិក​ជាន់​ខ្ពស់​មួយ​រូប​នៅ​ធនាគារ Shinhan Bank បាន​និយាយ​ថា ការ​តវ៉ា​មាន​ «ផលប៉ះពាល់​ភ្លាមៗ» ទៅ​លើ​ប្រទេស​ទាំង​មូល ដោយសារ​តែធនាគារ​ខ្លាច​នឹង​បញ្ចេញ​សាច់​ប្រាក់​ហាង​ទំនិញ​ បដិសេធ​មិន​ទទួល​យក​ការ​ទូទាត់​តាម​កាត​ធនាគារ ហើយ​ការ​ទូទាត់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​រូបិយប័ណ្ណ​ស្ទើរ​តែ​នៅ​នឹង​ថ្កល់​ទៅ​ហើយ៕

XS
SM
MD
LG