ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Amnesty International ដក​ពានរង្វាន់​កិត្តិយស​ពី​អ្នកស្រី អង់សាន ស៊ូជី ចំពោះ​ការ​បំពាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា


លោកស្រី អង់ស៊ាន ស៊ូជី ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច​មួយ​ ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី អង់ស៊ាន ស៊ូជី ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច​មួយ​ ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

អង្គការ Amnesty International និយាយថា ខ្លួន​នឹង​ដក​ពាន​រង្វាន់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ខ្លួន​ពី​មេដឹកនាំ​មីយ៉ាន់ម៉ា​វិញ គឺ​អ្នកស្រី អង់សាន ស៊ូជី។

អង្គការ Amnesty International ដែល​ជា​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​នាំមុខ​គេ​មួយ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ ថា ខ្លួន​នឹង​ដក​ពាន​រង្វាន់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ខ្លួន​ពី​មេដឹកនាំ​មីយ៉ាន់ម៉ា​វិញ គឺ​អ្នកស្រី អង់សាន ស៊ូជី ចំពោះ​ការ​បរាជ័យ​របស់​អ្នកស្រី​ក្នុង​ការ​លើកឡើង​ឬ​ផ្អាក​ការ​កាប់សម្លាប់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែល​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​របស់​អ្នកស្រី។

លោក Kumi Naidoo អគ្គលេខាធិការ​អង្គការ Amnesty International បាន​សរសេរលិខិត​មួយ​ច្បាប់​ទៅ​កាន់​អ្នកស្រី អង់សាន ស៊ូជី កាល​ពី​ថ្ងៃ​អាទិត្យ អំពី​ការ​សម្រេច​របស់​អង្គការ​នេះ​ថា «ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូតមនសិការរបស់​អង្គការ Amnesty International ការ​រំពឹង​ទុក​របស់​យើង​ខ្ញុំ​គឺ​ថា អ្នកស្រី​នឹង​បន្ត​ប្រើប្រាស់​សមត្ថកិច្ច​របស់​ខ្លួន​ដើម្បី​និយាយ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​ នៅ​ទីណា​ដែល​អ្នកស្រី​បាន​ឃើញ​អំពើ​នេះ​កើតឡើង យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ‍។ យើង​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​អ្នកស្រី​មិនមែន​ជា​តំណាង​ឲ្យ​ក្តីសង្ឃឹម ការ​លើក​ទឹកចិត្ត និង​ការពារ​សិទ្ធិមនុស្ស​ត​ទៅ​ទៀត‍»។

ពី​ឆ្នាំ​១៩៨៩​ដល់​ឆ្នាំ​២០១០ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​យោធា​នៅ​ក្នុង​ប្រទេស មីយ៉ាន់ម៉ា តែងតែ​ឃុំឃាំង​អ្នកស្រី អង់សាន ស៊ូជី នៅ​ក្នុង​ផ្ទះ​ម្តង​ហើយ​ម្តង​ទៀត ចំពោះ​តួនាទី​ជា​មេដឹកនាំ​ប្រឆាំង​នយោបាយ​របស់​អ្នកស្រី​និង​ជា​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ក្នុង​អំឡុង​ពេល​នោះ រដ្ឋាភិបាល​បស្ចិម​ប្រទេស​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស ដោយ​រួម​ទាំង​អង្គការ Amnesty International ផង​ បន្ត​តស៊ូ​មតិ​ដើម្បី​មាន​ការ​ដោះលែង​អ្នកស្រី។

ក្នុង​អំឡុង​ពេល​ឃុំខ្លួន​នោះ អ្នកស្រី​ត្រូវ​បាន​គេ​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​១៩៩១។ នៅ​ឆ្នាំ​២០០៩ អង្គការ Amnesty International បាន​ប្រគល់​ពានរង្វាន់​កិត្តិយស​ខ្ពង់ខ្ពស់​បំផុត​របស់​អ្នកស្រី ដោយ​ផ្តល់​កិត្តិនាម​ដល់​អ្នកស្រី​ថា​ជា​ឯកអគ្គរដ្ឋទូត​មនសិការ៕

XS
SM
MD
LG