ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ.ស.ប ​ថា មីយ៉ាន់ម៉ា​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​លើ​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា


ឯក​អគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ស្រី ​Karen Pierce ថ្លែង​នៅ​ឯ​ព្រលាន​យន្ត​ហោះអន្តរជាតិ​ក្នុង​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​១ ឧសភា ២០១៨។
ឯក​អគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ស្រី ​Karen Pierce ថ្លែង​នៅ​ឯ​ព្រលាន​យន្ត​ហោះអន្តរជាតិ​ក្នុង​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​១ ឧសភា ២០១៨។

គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​មួយ​ក្រុម​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ត្រូវ​តែ​ធ្វើ ​«ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ» ​ចំពោះ​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ឃោរ​ឃៅ​ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា។

តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​មក ​ក្រុម​គណៈប្រតិភូ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នេះ ​គឺ​ជា​ក្រុម​មន្ត្រី​ការ​ទូត​អន្តរជាតិ​ជាន់​ខ្ពស់​បំផុត​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ Rakhine ​ប្រទេស​មីយ៉ាន់ម៉ា។ កាល​ពី​ខែ​សីហា​ឆ្នាំ​មុន អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ ជាង ៧ សែន​នាក់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស។

សហរដ្ឋ​អាមេរិក និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​ហៅ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ ថា​ជា​ការ​បោស​សម្អាត​ជាតិ​សាសន៍។

ឯក​អគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ស្រី ​Karen Pierce ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ដើម្បី​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ ចាំបាច់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​សមរម្យ។ វា​មិន​មែន​ជា​បញ្ហា​អ្វី​នោះ​ទេ ទោះ​បីជា​ការ​ស៊ើប​អង្កេត​នោះ​ធ្វើ​ឡើង​ដោយ​អន្តរជាតិ ឬ​ដោយ​មីយ៉ាន់ម៉ា​ផ្ទាល់ ដរាប​ណា​ការ​ស៊ើប​អង្កេត​នោះ​អាច​ធ្វើ​ឲ្យ​គេ​មាន​ការ​ជឿ​ទុក​ចិត្ត​បាន»។

លោក​ស្រី​បាន​បញ្ជាក់​ថា ចំពោះ​បញ្ហា​នេះ ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​អាច​ធ្វើ​ការ​ស៊ើប​អង្កេត ឬ​ក៏​ករណី​នេះ​អាច​បញ្ជូន​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ឲ្យ​ស៊ើប​អង្កេត។

មន្ត្រី​ការទូត​នៃ​ក្រុម​គណៈ​ប្រតិភូ​នេះ​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​កំពូលៗ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដែល​ក្នុង​នោះ​មាន​ទាំង​លោកស្រី Aung San Suu Kyi និង​មេដឹកនាំ​យោធា​លោក Min Aung Hlaing ផង​ដែរ។ ពួក​គេ​បាន​ពិភាក្សា​គ្នា​អំពី​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​បង់ក្លាដែស​ទៅ​កាន់​មីយ៉ាន់ម៉ា​វិញ៕

XS
SM
MD
LG