ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អង្គការ​សិទ្ធិមនុស្ស​អាមេរិកឡាទីន​ដែល​មាន​ប្រតិបត្តិការ​យូរ​ជាង​គេ​រង​សម្ពាធ​ឲ្យ​ចាក​ចេញ


រូបឯកសារ៖ លោក Roger Rocha ប្រធាន​អង្គការ LULAC ថ្លែង​ទៅ​កាន់​សន្និសីទច្បាប់​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក Roger Rocha ប្រធាន​អង្គការ LULAC ថ្លែង​ទៅ​កាន់​សន្និសីទច្បាប់​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៦។

សមាជិក​ក្រុម​ប្រឹក្សា​របស់​អង្គការសម្ព័ន្ធ​ប្រជាពលរដ្ឋ​អាមេរិក​ឡាទីន​ ហៅ​កាត់​ថា​ LULAC ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃសៅរ៍​ បន្ទាប់​ពី​លោក​ Roger Rocha ​នាយក​របស់​អង្គការ​នេះ​រង​ការរិះ​គន់​ពី​ការសរសេរ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​ ដោយ​គាំទ្រ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋបាល​លោក ត្រាំ។

នៅ​ក្នុង​លិខិត​របស់​លោក​ Rocha ​ទៅ​កាន់​លោក​ប្រធានាធិបតី​ លោក​ Rocha​ បាន​សរសេរ​ថា៖ «៤ចំណុច​ដែល​លោក​ប្រធានាធិបតី​បាន​ដាក់​ចេញ​មាន​ដូចជា​ សន្តិសុខ​ព្រំដែន ​ច្បាប់ DACA ការទប់​ស្កាត់​កម្មវិធីនុយក្លេអ៊ែរ​ និង​ការលុប​ចោល​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ គឺ​ជា​ចំណុច​ដែល​អង្គការ ​LULAC​ អាច​ជួយ​គាំទ្រ ប្រសិន​បើ​ចំណុច​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​សេចក្តី​ព្រៀង​ច្បាប់​របស់​លោក​នៅ​ឡើយ»។

លោក​ Dave Rodriguez​ ប្រធាន​អង្គការ ​LULAC​ ប្រចាំរដ្ឋ ​California​ និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​បាន​ថ្លែង​ថា​ សមាជិក​ទាំង​អស់​មាន​ការ​ខឹងសម្បា​នឹង​លិខិត​របស់​លោក ​Rocha ​និង​កំពុង​ដាក់​សម្ពាធ​ឲ្យ​លោក​លា​លែង​ចេញ​ពី​តំណែង។

លោក ​Rodriguez​ បាន​ថ្លែង​ថា៖ «អង្គការ ​LULAC​ ក្នុង​រដ្ឋ​ California​ កំពុង​អំពាវនាវ​ឲ្យ​នាយក​របស់​យើង​លាលែង​ចេញ​ពី​តំណែង​ជា​បន្ទាន់។ យើង​ចាំ​បាច់​ត្រូវ​តែ​បញ្ឈប់​គ្រោះ​ថ្នាក់​នានា​ដែល​បង្ក​ឡើង​ដោយ​ហេតុការណ៍​នេះ»។

លោក ​Rocha​ បន្ទាប់​មក​បាន​ដក​ការ​គាំទ្រ​របស់​លោក​វិញ​ បន្ទាប់​ពី​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សមាជិក​នៃអង្គការ​ LULAC ​ក្នុង​រដ្ឋ​ Texa New Mexico​ និងរដ្ឋ​ California។​ លោក​បាន​ថ្លែង​ថា​ លោក​សរសេរ​លិខិត​នេះ​តាម​ការស្នើ​របស់​រដ្ឋបាល​លោក ត្រាំ។ ​លោក​បាន​បន្ថែម​ថា​ លោក​បាន​ចរចា​ជាមួយ​ក្រុមមន្ត្រី​របស់​រដ្ឋបាល​លោក ត្រាំ អំពី​សំណើ​អន្តោប្រវេសន៍​នេះ៕

XS
SM
MD
LG