កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសរសើរប្រធានក្រុមប្រឹក្សាជាតិល្បាតព្រំដែន សម្រាប់ការបង្ហាញការគាំទ្ររបស់ប្រធានក្រុមប្រឹក្សានោះនៅក្នុងកិច្ចសម្ភាសន៍ផ្សាយតាមទូរទស្សន៍មួយ ចំពោះសំណើកំណែទម្រង់អន្តោប្រវេសន៍របស់សេតវិមាន។
លោក Trump បានសរសេរនៅលើ Twitter ថា៖ «អរគុណលោក Brandon Judd ប្រធានក្រុមប្រឹក្សាជាតិល្បាតព្រំដែនសម្រាប់ការបញ្ជាក់នៅក្នុងកម្មវិធី Fox and Friends នៃទូរទស្សន៍ Fox News ដែលថា សហរដ្ឋអាមេរិកត្រូវការជញ្ជាំងព្រំដែនយ៉ាងខ្លាំង។ ការបញ្ជាក់នេះគឺបញ្ចប់នូវចន្លោះប្រហោងនៃ «ការចាប់ហើយលែងវិញ» និងបោសសម្អាតនូវនីតិវិធី និងដំណើរការផ្សេងៗទៀតនៅតាមព្រំដែននាពេលបច្ចុប្បន្ននេះ ដើម្បីមូលហេតុសុវត្ថិភាព និងសន្តិសុខ»។
ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាជាតិល្បាតព្រំដែននេះ លោក Brandon Judd តំណាងឲ្យភ្នាក់ងារ និងបុគ្គលិកជ្រោមជ្រែងរបស់ក្រុមប្រឹក្សាជាតិល្បាតព្រំដែនប្រហែល ១ ម៉ឺន ៨ ពាន់នាក់ ដែលពួកគេជាសមាជិកនៃសហជីពការងារ។
លោក Brandon Judd បាននិយាយថា៖ «យើងអាចក្រឡេកមើលទៅលើប្រវត្តិសាស្ត្រកន្លងមក គឺថាកន្លែងណាដែលសហរដ្ឋអាមេរិកសង់ជញ្ជាំងព្រំដែន អត្រានៃការឆ្លងដែនខុសច្បាប់នៅកន្លែងនោះធ្លាក់ចុះយ៉ាងឆាបរហ័ស»។
សំណើរបស់លោក Trump ត្រូវការថវិកាចំនួន ២៥ ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់ជញ្ជាំងព្រំដែន ដែលនេះជាការសន្យាដ៏សំខាន់មួយរបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump។ ថវិកាទាំងនេះក៏នឹងត្រូវប្រើប្រាស់សម្រាប់ច្រកព្រំដែនដទៃទៀត និងការពង្រឹងព្រំដែនភាគខាងជើងជាមួយនឹងប្រទេសកាណាដាផងដែរ៕