លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ហៅកំណែទម្រង់អន្តោប្រវេសន៍របស់លោកថា «ជាការសម្របសម្រួលផ្លូវកណ្តាល» ក៏ប៉ុន្តែ ផែនការនោះនៅតែជាបញ្ហាមានការបែកបាក់នៅក្នុងសភាដែលនៅទីនោះមិនមានការមូលមតិគ្នាអំពីថាតើត្រូវការពារជនអន្តោប្រវេសន៍ក្មេងៗជិត២លាននាក់យ៉ាងដូចម្តេចកុំឲ្យបញ្ជូនត្រឡប់ទៅកាន់ប្រទេសវិញឬផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ដ៏យូរយារណាស់មកហើយនោះយ៉ាងដូចម្តេច។
ជនអន្តោប្រវេសន៍ក្មេងៗដែលជារឿយៗត្រូវបានគេពួកអ្នកគាំទ្រហៅថា អ្នកសុបិន្តឬ Dreamers ដែលត្រូវបានឪពុកម្តាយរបស់ពួកគេនាំមកកាន់សហរដ្ឋអាមេរិកខុសច្បាប់តាំងពីនៅតូចៗ ក៏ប៉ុន្តែ ជោគវាសនារបស់ពួកគេបានក្លាយជាបញ្ហានៅពេលដែលពួកសមាជិកសភានិងសេតវិមានជជែកដេញដោលពីលក្ខខណ្ឌនៃការផ្លាស់ប្តូរអន្តោប្រវេសន៍។ លោកប្រធានាធិបតីត្រាំមិនបានចាត់ទុកពួកជនអន្តោប្រវេសន៍នោះជា Dreamers ទេនៅក្នុងសុន្ទរកថារបស់លោកពីស្ថានភាពសហព័ន្ធកាលពីយប់ថ្ងៃអង្គារ។
លោកប្រធានាធិបតីត្រាំបាននិយាយថា ការណ៍នេះជាកាតព្វកិច្ចដ៏ពិសិដ្ឋមួយរបស់លោកដើម្បីការពារពលរដ្ឋអាមេរិក ការពារសុវត្ថិភាពរបស់ពួកគេ ក្រុមគ្រួសាររបស់ពួកគេ សហគមន៍និងសិទ្ធិរបស់ពួកគេដល់សុបិន្តប្រទេសអាមេរិក។ ពីព្រោះតែពលរដ្ឋអាមេរិកាំងក៏ជាអ្នកចង់បានសុបិន្តដែរ។
សុន្ទរកថារបស់ប្រធានាធិបតីត្រាំបានធ្វើឲ្យមានការសរសើរភ្លាមៗមកពីលោក David Duke អតីតក្រុមស្បែកសជាតិនិយម Klu Klux Klan ឬ KKK និងក្រុមស្បែកសជាតិនិយមផ្សេងៗទៀត។ លោក Duke បានសរសេរនៅក្នុងសារតាមប្រព័ន្ធ Twitter របស់លោកថា «អរគុណលោកប្រធានាធិបតីត្រាំ។ ពលរដ្ឋអាមេរិកាំងក៏ជាអ្នកសុបិន្ត Dreamers ដែរ»៕