ប្រសាសន៍សំខាន់របស់លោកប្រធានាធិបតី Donald Trump ថ្លែងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំលើកទីមួយស្តីអំពី«ស្ថានភាពសហព័ន្ធ» (State of the Union Address) ទៅកាន់សភាជាតិសហរដ្ឋអាមេរិក៖
«យើងចង់ឲ្យពលរដ្ឋអាមេរិកាំងគ្រប់រូបយល់ដឹងអំពីសេចក្តីថ្លៃថ្នូរនៃការងារដ៏លំបាករបស់ពួកគេ។ យើងចង់ឲ្យកុមារាកុមារីគ្រប់រូបមានសុវត្តិភាពក្នុងផ្ទះរបស់ពួកគេនៅពេលយប់ ហើយយើងចង់ឲ្យពលរដ្ឋគ្រប់រូបមានមោទនភាពចំពោះមាតុភូមិដែលយើងស្រឡាញ់»។
«ដូចដែលខ្ញុំបានសន្យាចំពោះពលរដ្ឋអាមេរិកាំង នៅទីនេះកាលពី១១ខែមុន យើងបានតាក់តែងច្បាប់កាត់បន្ថយពន្ធដារ និង កែទម្រង់ច្បាប់ពន្ធដារ យ៉ាងធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក»។
«ការកាត់បន្ថយពន្ធដារយ៉ាងធំធេងរបស់យើងជួយបន្ធូរអ្នកមានប្រាក់ចំណូលមធ្យម និងបណ្តាក្រុមហ៊ុនជំនួញតូចៗ»។
«យប់នេះខ្ញុំចង់និយាយថាតើអនាគតរបស់យើងនឹងមានរូបរាងយ៉ាងដូចម្តេច ហើយថាតើយើងនឹងក្លាយជាប្រទេសបែបណា។ យើងទាំងអស់គ្នារួមគ្នាជាក្រុមតែមួយ ជាប្រជាជាតិតែមួយ និងជាគ្រួសារអាមេរិកាំងតែមួយ»។
«ប្រទេសអាមេរិកនៅទីបំផុតបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មប្រកបដោយអយុត្តិធម៌ដែលធ្វើឲ្យបាត់បង់ភាពរុងរឿងរបស់យើង ហើយបានធ្វើឲ្យយើងបាត់បង់ក្រុមហ៊ុនរបស់យើង បាត់បង់ការងាររបស់យើង និងទ្រព្យសម្បត្តិរបស់ប្រទេសយើង»។
«អាមេរិកគឺជាប្រទេសដែលពោរពេញទៅដោយអ្នកស្ថាបនាជាតិ។ យើងសាងសង់អាគារ Empire State ក្នុងរយៈពេលត្រឹមមួយឆ្នាំ។ តើវាមិនមែនជារឿងអាម៉ាសទេឬ ដែលយយើងចំណាយពេល១០ឆ្នាំគ្រាន់តែដើម្បីទទួលបានការអនុញ្ញាតដើម្បីសាងសង់ផ្លូវដ៏សាមញ្ញមួយ»?
«ខ្ញុំស្នើឲ្យគណបក្សទាំងពីររួបរួមគ្នាដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានសុវត្ថិភាព លឿន ទុកចិត្តបាន និងទំនើប ដែលសេដ្ឋកិច្ចយើងត្រូវការ ហើយពលរដ្ឋរបស់យើងសាកសមនឹងទទួលបាន»។
«សហគមន៍ដែលមានការលំបាក ពិសេសសហគមន៍ជនអន្តោប្រវេសន៍ ក៏នឹងត្រូវបានជួយដោយគោលនយោបាយអន្តោប្រវេសន៍ ដែលផ្តោតលើប្រយោជន៍ល្អបំផុតសម្រាប់ក្រុមអ្នកធ្វើការអាមេរិកាំងនិងក្រុមគ្រួសារអាមេរិកាំង»។
«ដូច្នេះនៅរាត្រីនេះ ខ្ញុំនឹងធ្វើការរួមគ្នាជាមួយនឹងសមាជិកនៃបក្សទាំងពីរ ទាំងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណៈ ដើម្បីការពារប្រជាពលរដ្ឋរបស់យើង មិនថាមានប្រវត្តិយ៉ាងណា ពណ៌សម្បុរ ឬសាសនាអ្វីនោះទេ»។
«ស្របពេលដែលយើងកសាងអនុភាពនិងជំនឿទុកចិត្តរបស់អាមេរិកនៅក្នុងប្រទេសឡើងវិញ យើងក៏ស្តារអនុភាពនិងគោលជំហរបស់យើងនៅបរទេសឡើងវិញផងដែរ»។
«កាលពីឆ្នាំមុន ខ្ញុំបានប្តេជ្ញាថា យើងនឹងធ្វើការជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងដើម្បីកម្ចាត់ពួករដ្ឋឥស្លាមចេញពីផែនដីរបស់យើង។ មួយឆ្នាំក្រោយមក ខ្ញុំមានមោទនភាពនឹងរាយការណ៍ថា ក្រុមចម្រុះដែលត្រូវកម្ចាត់ពួករដ្ឋឥស្លាមនោះបានរំដោះទឹកដីស្ទើរតែ១០០ភាគរយ ដែលធា្លប់កាន់កាប់ដោយពួកឃាតករទាំងនោះនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ ប៉ុន្តែមានការងារជាច្រើនដែលត្រូវធ្វើ។ យើងនឹងបន្តវាយប្រយុទ្ធរហូតដល់ក្រុមរដ្ឋឥស្លាមបរាជ័យ»។
«បទពិសោធន៍ពីអតីតកាលបានបង្រៀនយើងថា ការមិនខំប្រឹងប្រែងឲ្យបានល្អថែមទៀតនិងការធ្វើសម្បទាន នឹងគ្រាន់តែបង្កឲ្យមានការឈ្លានពាននិងការបង្ករឿងហេតុ។ ខ្ញុំនឹងមិនប្រព្រឹត្តកំហុសដែលរដ្ឋបាលពីមុនបានធ្វើដែលបាននាំឲ្យយើងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់»។
«គោលនយោបាយអន្តោប្រវេសន៍ទី១របស់យើង ផ្តល់វិធីទទួលបានសញ្ជាតិអាមេរិក ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១លាន៨សែននាក់ ដែលមកជាមួយឪពុកម្តាយរបស់ពួកគេតាំងពីតូច។ នៅក្រោមផែនការរបស់យើង ពួកអ្នកដែលបានទទួលការសិក្សា និង មានការងារធ្វើ ព្រមទាំងមានចរិកលក្ខណៈល្អប្រសើរ នឹងអាចក្លាយខ្លួនជាពលរដ្ឋសហរដ្ឋអាមេរិកពេញសិទ្ធិ»។
«គោលនយោបាយអន្តោប្រវេសន៍ទី២របស់យើង គឺផ្តោតទៅលើការការពារសន្តិសុខនៅតាមព្រំដែនរបស់យើង។ នេះបានន័យថាសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់យើង»។
«គោលនយោបាយអន្តោប្រវេសន៍ទី៣ គឺការបញ្ចប់នូវកម្មវិធីចាប់ឆ្នោតផ្សងសំណាងមករស់នៅសហរដ្ឋអាមេរិក ដែលកម្មវិធីនេះជាការផ្តល់ប័ណ្ណសិទ្ធិរស់នៅ (Green Card) ដោយចៃដន្យ និងមិនផ្អែកលើកត្តាជំនាញ សមត្ថភាព ឬសុវត្ថិភាពនៃពលរដ្ឋរបស់យើង។ វាដល់ពេលដែលយើងត្រូវចាប់ផ្តើមប្រព័ន្ធអន្តោប្រវេសន៍មួយដែលផ្អែកលើសមត្ថភាព គឺប្រព័ន្ធមួយដែលទទួលមនុស្សពីប្រទេសផ្សេងដែលមានជំនាញ ដែលចង់ធ្វើការ ដែលនឹងរួមចំណែកដល់សង្គមយើង ហើយដែលពួកគេនឹងស្រឡាញ់និងគោរពប្រទេសយើង»។
«គោលនយោបាយអន្តោប្រវេសន៍ទី៤ ការពារសមាជិកនៃគ្រួសារតែមួយ (ប្តីប្រពន្ធនិងកូន) (nuclear family)ដោយបញ្ចប់នូវអន្តោប្រវេសន៍សែស្រឡាយ (ធានាបងប្អូន)។ តាមប្រព័ន្ធអន្តោប្រវេសន៍មិនដំណើរការបច្ចុប្បន្ន ជនអន្តោប្រវេសន៍តែម្នាក់អាចធានាសមាជិកក្រុមគ្រួសាររាប់មិនអស់។ តាមគម្រោងថ្មីរបស់យើង យើងនឹងផ្តោតតែលើគ្រួសារទោល ដោយអនុញ្ញាតឲ្យធានាបានតែប្តីប្រពន្ធនិងកូនជាអនីតិជនតែប៉ុណ្ណោះ។ កំណែទម្រង់អន្តោប្រវេសន៍នេះចាំបាច់ខ្លាំងណាស់ មិនត្រឹមតែសម្រាប់សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ តែថែមទាំងសម្រាប់សន្តិសុខរបស់យើង និងអនាគតរបស់យើងផងដែរ»។
«ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការវាយប្រហារភេរវកម្មនៅទីក្រុងញូវយ៉កអាចកើតឡើងដោយសារកម្មវិធីចាប់ឆ្នោតផ្សងសំណាងនិងការធានាបងប្អូន។ លោកថាក្នុងសម័យកាលភេរវកម្ម កម្មវិធីទាំងនេះនាំឲ្យមានការប្រថុយប្រថាន។ លោកអះអាងថា កំណែទម្រង់អន្តោប្រវេសន៍ទាំង៤នេះជាសប្បទាននយោបាយជាមួយគណបក្សប្រជាធិបតេយ្យដែលនឹងបង្កើតប្រព័ន្ធមួយដែលមានសុវត្ថភាពនិងទំនើប ដែលប្រព័ន្ធរយៈពេល៣០ឆ្នាំចុងក្រោយមិនអាចសម្រេចបាន»។
«នៅរាត្រីនេះ ខ្ញុំស្នើឲ្យសភាអនុម័តច្បាប់ដើម្បីជួយធានាថា ប្រាក់ដុល្លាររបស់ពលរដ្ឋអាមេរិកាំងដែលសម្រាប់ផ្តល់ជំនួយនោះ តែងតែបម្រើផលប្រយោជន៍ដល់ពលរដ្ឋអាមេរិកាំង និងសម្រាប់តែសម្ព័ន្ធមិត្តរបស់អាមេរិកប៉ុណ្ណោះ»។
«ភាពប្រហើនរបស់កូរ៉េខាងជើងក្នុងការបន្តផលិតកាំជ្រួចមីស៊ីលអាចនឹងគំរាមកំហែងដល់ស្រុកទេសរបស់យើងក្នុងពេលឆាប់ៗខាងមុខនេះ។ យើងបន្តយុទ្ធនាការដាក់សម្ពាធអតិបរមាដើម្បីរារាំងវាមិនឲ្យកើតមានឡើង»។
«សហរដ្ឋអាមេរិកជាប្រទេសតំណាងឲ្យសេរីភាព ដែលមានរូបបដិមាអំពីសេរីភាពនៅកំពូលវិមានសភា Capitol នេះជាឧទាហរណ៍ស្រាប់ ដោយមានវីរបុគ្គលដែលបានការពារសេរីភាពនេះ ហើយសេរីភាពនេះបានទាក់ទាញជនភៀសខ្លួនជាច្រើនពីជុំវិញពិភពលោក រួមទាំងអ្នកភៀសខ្លួនពីប្រទេសកូរ៉េខាងជើងផងដែរ»។