ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​​អតីត​មេដឹកនាំ​ខ្មែរក្រហម​ស្នើ​ឲ្យ​តុលាការ​កំពូល​សើរើ​ការ​ដាក់​ទោស


លោកថេត សម្បត្តិសម្ភាស​លោក​នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម មុនពេលចាប់ខ្លួន។​
លោកថេត សម្បត្តិសម្ភាស​លោក​នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម មុនពេលចាប់ខ្លួន។​

ក្រុម​មេធាវី​ការពារក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម​នួន ​ជា​បាន​ស្នើ​ឲ្យ​តុលាការ​កំពូល សើរើ​ការដាក់​ទោស​លើកូនក្តី​របស់ខ្លួន។​ ការទាមទារ​នេះ​គឺផ្អែក​ទៅលើ​ភស្តុតាង​ថ្មី​ដែល​បញ្ជាក់​ថា ​នួន ជា​មិនជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​នៅ​ទួល​ពោធិជ្រៃ​ទេ។​

ក្រុម​មេធាវី​អតីត​មេដឹកនាំ​ខ្មែរក្រហម​នួន ជា​បាន​ថ្លែង​ថា​ ខ្លួន​បាន​រក​ឃើញ​ ភស្តុតាង​ថ្មីដើម្បី​បញ្ជាក់​ថា ​កូនក្តី​របស់​ខ្លួន​គ្មាន​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នៅ​ទួល ពោធិជ្រៃ​ ដូចការ​កាត់ទោស​របស់​តុលាការ​ខ្មែរ​ក្រហម​ថ្មីៗ​ទេ ​ហើយ​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សើរើ​ការកាត់​ទោស​នេះ​ឡើង​វិញ។​

ការ​ស្នើសុំ​ឲ្យមាន​ការ​សើរើ​ទោស​ទណ្ឌ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ថេត សម្បត្តិ​ អ្នក​សារ​ព័ត៌មាន​ខ្មែរ​ដែល​បាន​ទទួល​អាហារ​រូបករណ៍​មក​សិក្សា​ស្រាវជ្រាវ​នៅ សាកល​វិទ្យាល័យ ​ហាវឺត​ (Harvard) ​ស.រ.អា. ​និង​ជា​សហ​ផលិតករ​ខ្សែ​ភាពយន្ត​សត្រូវ​ប្រជាជន ​(Enemies of The People) ​បានផ្តល់​កិច្ច សម្ភាសន៍​ជាមួយ​វីអូអេ​ខេមរ​ភាសា។​ ជា​សង្ខេប​ លោកថេត ​សម្បត្តិ​បាន​អះអាង​បាន​ប្រាប់​វីអូអេ​ថា ​នួន ​ជា ​និង​ខៀវ សំផន​គ្មាន​ទាក់ទិន​នឹង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិជ្រៃ​ ខេត្ត​ពោធិសាត់​ទេ។ ​រឿងនោះ​គឺមាន​ក្រុម​អ្នក​ដែល​ប៉ះបោរ​ប្រឆាំង​នឹង​ប៉ុល ពត​ និង​នួន ជា​ជា​អ្នក​ធ្វើ ​ហើយ​លោក​ថា ​អ្នក​ដឹង​រឿងរ៉ាវ​អស់​នោះ​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ។​

ការ​អះអាង​របស់​លោក​ថេត សម្បត្តិ​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មេ​ដឹកនាំ​ខ្មែរក្រហម​ពីរ​នាក់​គឺ​នួន ជា​ និង​ខៀវ សំផន​ត្រូវ​តុលាការ​សាលា​ដំបូង​បាន​ដាក់ទោស​ឲ្យ​ជាប់គុក​អស់មួយ​ជីវិត​ពីបទ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​និង​ការ​សម្លាប់​នៅ​ទួល​ពោធិជ្រៃ​អស់​១​ម៉ឺន​នាក់ ​ដែលមួយ​ភាគធំ​ជា​ទាហាន​របប​សារ​ធារណរដ្ឋ​ខ្មែរ។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃពុធ​ លោក​វីកទ័រ កូប៉េ ​(Victor Koppe)​ សហ​មេធាវី​អន្តរជាតិ​ការពារ​ក្តីនួន ជា​បាន​ស្នើ​សុំ​ដល់​តុលាការ​កំពូល​ឲ្យ​បើក​សវនាការ​ឡើង​វិញ​ ដោយសារ​ភស្តុតាង​ថ្មី​នេះ។​

«តាម​ហេតុផល​នេះ​ យើងបាន​ដាក់​សំណើ​មួយ​កាលពី​ពីរ​ថ្ងៃមុន​ទៅ​កាន់​អង្គ​ជំនុំ​ ជម្រះ​តុលាការ​កំពូល​ដើម្បី​ផ្តល់​ភស្តុតាង​ថ្មី​គឺភស្តុតាង​ថ្មីមក​ពី​អ្នក​កាសែត​កម្ពុជា​ម្នាក់​គឺ​លោក​ថេត សម្បត្តិ​ ដែលបាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​វីអូអេ​ភាសា​ខ្មែរ​ ហើយ​នេះ​ជាព័ត៌មាន​ដ៏គួរឲ្យ​ចាប់​អារម្មណ៍​ថ្មី​ ដែល​យើង​បាន​ផ្តល់​ជូន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ហើយ»។

លោក​បាន​ថ្លែង​ថា ​ការ​ផ្តល់​សក្ខីកម្ម​បំភ្លឺ​របស់​លោក​ថេត សម្បត្តិជាមួយ​នឹង​ ភស្តុតាង​ និង​សាក្សី​ដែលលោក​មាន​ ពិតជា​មាន​ផល​ប្រយោជន៍​ដល់កូន​ក្តី​របស់​ លោក​ ទោះជា​រឿង​នេះ​លោក​ថេត សម្បត្តិ​បាន​និយាយ​ក្រោយ​ពេល​ការកាត់​ក្តី​មែន។​

«ជា​ការណ៍ពិត​ យើង​នឹង​សុំឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ធ្វើ​មោឃភាព​និង​ ប្រកាស​ថា​ លោក​នួន ជា​គ្មានទោស​ ពីអ្វី​ដែល​បាន​កើតឡើង​ ហើយ​នឹង​ពីអ្វី​ដែល​គេ​ចោទ​ថា ​ជា​ការ​ទទួល​ខុសត្រូវ​របស់​គាត់​នៅទួល​ពោធិជ្រៃ។​ យើង​គិត​ថា​ នេះ​មិនមែន​ជារឿង​ទទួលខុស​ត្រូវ​របស់​នួន ជា​ទេ​ ចំពោះ​ហេតុផល​ច្បាប់​ព្រហ្ម​ទណ្ឌ។ ​ហើយ​សង្ឃឹម​ថា ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ធ្វើតាម​ការ​ស្នើ​សុំ​ របស់​យើង​អំពី​រឿង​នេះ»។​

លោក​បាន​បន្តថា​ ការ​ទទួល​ខុសត្រូវ​គឺ​ជា​ក្រុម​ប៉ះបោរ​ប្រឆាំង​គ្នា​ផ្ទៃ​ក្នុង​នៃ​មេដឹក នាំ​ខ្មែរ​ក្រហម​ផ្សេងៗគ្នា។ ​លោក​កូប៉េ​បាន​បន្ថែម​ថា៖​

«អ្នក​ទទួល​ខុសត្រូវ​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​ទួល​ពោធិជ្រៃ​នោះ​គឺ​ក្រុម​ដែល​ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រស់ ​ញឹម​ និង​សោ ភឹម។​ ហើយ​ពួកគេ​គឺ​ជា​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​កាប់​សម្លាប់​គឺពិត​ជា​មិនមែន​ នួន​ ជា ​និង​ពិត​ជា​មិនមែន​ខៀវ សំផន​ក៏​ទេ​ដែរ»។​

បើ​តាម​ការ​អះអាង​របស់​លោក​ថេត សម្បត្តិ​ឲ្យ​ដឹង​ថា​ ក្រុម​ប៉ះបោរ​ដែល​មាន​តួនាទី ​ជា​គណៈ​តំបន់​ និង​ភូមិភាគ​ទាំង​នោះ​ត្រូវ​ប៉ុល ពត​បញ្ជា​ឲ្យ​យក​ទៅ​សម្លាប់​ចោល​អស់​ហើយ។​ តែលោក​មិន​បាន​ប្រាប់​អត្ត​សញ្ញាណ​ចំពោះ​អ្នក​ដឹង​រឿងរ៉ាវ​នៅ​ទួល​ពោធិជ្រៃ​ដែល​កំពុង​រស់រាន​មាន​ជីវិត​នោះ​ទេ។​

គេមិន​ដឹង​ទេ​ ថា​តើ​តុលាការ​កំពូល​នឹង​ចាត់ការ​យ៉ាងណា​ទេ​ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​ មាន​ការ​បើក​សវនាការ​ និង​កោះ​ហៅ​លោក​ថេត សម្បត្តិ​ដើម្បី​បំភ្លឺ​អំពី​រឿង​ឧក្រិដ្ឋ កម្ម​ទួល​ពោធិ​ជ្រៃ​នេះ។​

លោក​ឡា អូល សិន​ (Lars Olsen) ​មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​អះអាង​ថា​ បញ្ហា​នេះ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ត្រួត​ពិនិត្យ​មើល ​ហើយ​សម្រេច​អំពី​រឿង​នេះ។​

ក៏​ប៉ុន្តែ​ថ្លែង​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ពុធ ​លោក​ថេត សម្បត្តិ​មិនបាន​បញ្ជាក់​ថា ​លោក​ទៅ​កាន់​តុលាការ​ទេ​ ទោះជា​មាន​ការ​ស្នើសុំ​ពី​តុលាការ​ក្តី។

«ខ្ញុំនឹង​ពិចារណា។ ​អ្វីក៏ដោយ​ឲ្យ​តែ​ឃើញ​យុត្តិធម៌​មែន ​មិនមែន​ចំពោះ​តែ​នួន ជា​ ទេ ​សូម្បី​តែជន​រង​គ្រោះ​ក៏ខ្ញុំ​នឹងគួរ​តែ​ធ្វើ​(សក្ខី​កម្ម)​ដែរ ​ឲ្យតែ​ថា ​ជា​យុត្តិធម៌​ពិត​ ប្រាកដ។​ កុំឲ្យ​តែ​ថា ​ដើម្បី​តែទួល​ពោធិជ្រៃ​តែមួយ​ វាមិន​ទូលំទូលាយ​ប៉ុន្មាន​ ទេ​បាទ។ ​ត្រូវការ​យុត្តិធម៌​នេះ​គ្រប់​ទាំងអស់​ ទាំង​ករណី​ចោទ​ប្រកាន់​យើង​ឃើញ ហើយ​ករណី​ចោទប្រកាន់​នេះ​គឺមាន​ច្រើន​ករណី​ណាស់»។

លោក​ថេត សម្បត្តិ​បាន​អះអាង​ថា​ ពេលនោះ​លោក​ត្រូវ​ការពារ​ប្រភព​របស់​លោក​ និង​គោរព​តាម​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន។​ លោក​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​នឹង​ ការ​ផ្តល់​យុត្តិធម៌​មិន​ទូលំទូលាយ​ ដែល​មិន​បាន​បង្ហាញ​ការណ៍​ពិត​ ឬ​ក៏​មិន​បាន​ហៅ​មន្ត្រី​រដ្ឋាភិបាល ​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​របប​ខ្មែរក្រហម​មក​សួរ​នាំ​ដើម្បី​បង្ហាញ​ការណ៍​ពិត ​តែផ្ទុយ​ទៅវិញ​តុលាការ​បាន​កំណត់​ដែន​យុត្តិធម៌​ ដែល​លោក​ថា ​សាលក្រម​ និង​បទចោទ​នានា​គួរត្រូវ​ស៊ើរើ ​មិន​ត្រឹមតែ​រឿងរ៉ាវ​នៅ​ទួល​ពោធិ​ជ្រៃ​ទេ។​

«មិន​ចំពោះ​តែ​ទួល​ពោធិជ្រៃ​ទេ​ សាលក្រម​ត្រូវតែ​សើរើ​ឡើងវិញ​ ស៊ើប​ឲ្យ​ច្បាស់​ទៅរក​ការណ៍​ពិត។ ​មិនខ្វះ​ទេ​ ឲ្យតែ​តុលាការ​យុត្តិធម៌។​ តែ​ខ្ញុំ​ឃើញ​ថា ​តុលាការ​មិន​យុត្តិធម៌។ វាមាន​រួចទៅហើយ​តាំង​ពីមិន​ទាន់​កាត់ក្តី​ឯណោះ​ ព្រោះ​ក្នុង​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​ហើយនឹង​ខាង​អ.ស.ប.​បាន​កំណត់​យុត្តិធម៌​រួច​បាត់​ទៅ​ហើយ។​ កំណត់​ថា​ នរណា​ត្រូវ​ហៅ​មក​កាត់ទោស ​ហើយ​ប្រទេស​ណា​អត់​ត្រូវ​ហៅ​មក»។​

លោក​ថេត សម្បត្តិ​បាន​អះអាង​បន្តថាការ​កាត់ទោស​គឺ​ដាក់​ទោស​ភាគី​ម្ខាង​ ហើយ​ភាគីម្ខាង​ទៀត​ដែល​លោក​រក​ឃើញ​ថា​ មាន​ជាប់ជាប់​ពាក់ព័ន្ធ​នឹង​ការ​ សម្លាប់​រង្គាល​ដែរ​នោះ​ត្រូវរួច​ខ្លួន​ គ្មានការ​ទទួល​ខុស​ត្រូវ​អ្វី​ទាំងអស់។​

«ខ្ញុំ​និយាយ​នេះជា​ឧទាហរណ៍​ទេ។ ​គេ​បង្កើត​តុលាការ​ហើយ​កាត់ទោស​ភាគីម្ខាង​ទៀត​ទៅ។ ​ដូចថា ​ក្នុង​របប​ហ្នឹង​វា​មាន​ហើយ ​រឿង​ការ​កាប់សម្លាប់​ មិនមែន​ថា​ប៉ុល ពត​ហ្នឹង​ស្អាត​ស្អំ​ទេ ​តែ​កម្រិត​ណា​ដែល​ប៉ុល ពត​ត្រូវ​ទទួល​ខុសត្រូវ ​ហើយ​កម្រិត​ណា​ដែលភាគី​ម្ខាងទៀត​ត្រូវទទួល​ខុសត្រូវ​ ជាពិសេស​គឺភាគី​ដែល​ប្រឆាំង​ប៉ុល ពត​នោះ ​ដែលត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​ប្រជាជន ​ដែល​ខ្ញុំ​អាច​និយាយ​ថា​ ត្រូវ​ទទួល​ខុសត្រូវ​ច្រើន​ធ្ងន់​ជាង​ប៉ុល ពត​ទៀត»។​

ជាមួយ​នឹង​ការ​អះអាង​ថា ​គ្មាន​យុត្តិធម៌​ ក្រុម​មេធាវី​ការពារ​ក្តី​នួន ជា​បាន​ចាត់​ទុក​ ថា​ រឿង​ឧក្រិដ្ឋកម្ម​ទួល​ពោធិជ្រៃ​គឺ​មិន​ផ្អែកលើ​ភស្តុតាងដែល​មាន​ទម្ងន់​ទេ​ ដោយ​ គ្រាន់តែ​យោង​ថា ​របប​ខ្មែរក្រហម​បាន​បង្កើត​គោល​នយោបាយ​កាប់​សម្លាប់​តែ​ ប៉ុណ្ណោះ ​ដែល​រឿង​នេះ​ជា​មូលដ្ឋាន​នៃ​ការ​ដាក់​ទោស​ទណ្ឌ​ប្រឆាំង​នឹង​នួន ជា ​និង​ ខៀវ សំផន​នោះ។​

តែ​បើ​តាម​ការ​អះអាង​របស់​លោក​ភីធ័រ ម៉ាខ្វៃអ័រ ​(Peter Maguire) ​សាស្ត្រាចារ្យ​ ផ្នែក​ច្បាប់​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ ប្រឈម​មុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា​(Facing Death ​in Cambodia) ​បានថ្លែង​ថា​ មាន​ភស្តុតាង​ជាច្រើន​ទៅលើ​បទ​ល្មើស​ជាច្រើន​ប្រឆាំង​នឹង​នួន ជា​ ហើយ​ការ​ អះអាង​ភាគី​ទី៣​ណា​មួយ​ ក្រោយ​ការ​កាត់ទោស​នោះ​ទំនង​ជា​មិន​អាច​ធ្វើឲ្យ​មាន​ ការ​សើរើ​ការ​កាត់​ទោស​ជាថ្មី​ទេ។​

«ខ្ញុំ​ចង់​និយាយ​ថា ​ការ​សម្លាប់​រង្គាល​មួយ​កន្លែង​នោះ​មិនមែន​ជា​បទ​ឧក្រិដ្ឋ​តែ​មួយ​ ដែល​ជន​ជាប់ចោទ​ត្រូវ​បាន​ចោទ​ប្រកាន់​ទេ។ ​ដូច្នេះ​ជាថ្មី​ទៀត ​មេធាវី​បាន​ធ្វើ​កិច្ច​ការ​ល្អ​របស់​ពួក​គេ។​ តែខ្ញុំ​គិត​ថា​ ជា​រឿង​ខុស​ឆ្គង​ដ៏​ធំ​សម្រាប់អ.ស.ប.ក្នុង​ការ​ធ្វើ​ ប្រតិកម្ម​ខ្លាំង​ហួស​ហេតុ​ចំពោះ​រឿង​នេះ»។​

តុលាការ​កាត់ទោស​ខ្មែរក្រហម ​ដែលចូល​រួម​ដោយ​អ.ស.ប.​ បាន​កាត់​ទោស​នួន​ជា​ បងធំ​ទី២​ និង​ខៀវ សំផន​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​កាលពី​ថ្ងៃទី៧​ខែ​សីហា​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឬ​សំណុំ​រឿង​០០២ ​វគ្គទី១​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ដោយ​បង្ខំ​ចេញពី​ផ្ទះ​សម្បែង ​និង​ការ​កាប់​សម្លាប់​មួយ​ផ្នែក​នៅ​ទួល​ពោធិជ្រៃ។ ​ជន​ទាំង​ពីរ​ដដែល​នឹង​ត្រូវ​គេ​កាត់ទោស​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី២ ​ពី​បទ​ចោទ​លើ​ឧក្រិដ្ឋ​កម្ម​នានា ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​១​លាន​៧​សែន​នាក់​ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ១៩៧៩។ ​ឧក្រិដ្ឋ​កម្ម​ទាំង​នោះ​គឺរួម​ទាំង​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ផង​ដែរ​ ក្នុង​សំណុំ​រឿង០០២​វគ្គទី២៕​

XS
SM
MD
LG