កាលពីជិត៤០ឆ្នាំមុន លោកហង្សរី ខាត់ឆុន ត្រូវពួកខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតក្នុងខេត្តស្វាយរៀងទៅកាន់ខេត្តក្រចេះ។
លោកបានបាត់បង់កូនស្រី ដែលទើបប្រសូតិនិងសាច់ថ្លៃជាច្រើននាក់ត្រូវពួកខ្មែរក្រហមសម្លាប់។
សព្វថ្ងៃលោកហង្សរី ខាត់ឆុន ដែលកំពុងរស់នៅសហរដ្ឋអាមេរិកគឺជាដើមបណ្តឹងរដ្ឋប្បវេណីមួយរូបក្នុងសំណុំរឿង០០២ ដែលកាត់ទោសនួន ជា និងខៀវ សំផន។
លោកបានមកកាន់ប្រទេសកម្ពុជាដើម្បីស្តាប់ការប្រកាសសាលក្រមប្រឆាំងជនជាប់ចោទទាំងពីរកាលពីខែមុន។
ការដក់ជាប់នូវការឈឺចាប់និងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបាននូវយុត្តិធម៌បានក្រាលផ្លូវដើរសម្រាប់លោកហង្សរី ខាត់ឆុនអស់រយៈពេល១៧ឆ្នាំមកហើយ។
ជាពលរដ្ឋខ្មែរមួយរូប ដែលបានទៅរស់នៅសហរដ្ឋអាមេរិកក្នុងទសវត្ស១៩៨០ លោកខាត់ឆុនបានចាប់ផ្តើមតាមដានដំណើរការឆ្ពោះទៅរកការកាត់ទោសអតីតមេដឹកនាំកំពូលរបស់ខ្មែរក្រហម និងកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ចាប់តាំងពីការរៀបចំការចរចារវាងអង្គការសហប្រជាជាតិនិងរាជរដ្ឋាភិបាលខ្មែរនៅឆ្នាំ១៩៩៧។ អ្វីដែលសំខាន់សម្រាប់លោកនោះគឺថាការកាត់ក្តីនេះត្រូវធ្វើជាគម្រូយុត្តិធម៌មួយសម្រាប់មនុស្សជាតិក្នុងពិភពលោក។
«ខ្ញុំត្រូវតែចង់ដឹង។ ខ្ញុំត្រូវតែតាមដានតុលាការដើម្បីរកយុត្តិធម៌ឲ្យមនុស្សទូទាំងពិភពលោក រួមទាំងជនរងគ្រោះ ព្រោះខ្ញុំចង់តាមដាន ថាតើតុលាការនេះអាចរកយុត្តិធម៌ ធ្វើជាគម្រូឲ្យមនុស្សភាគច្រើននៅក្នុងពិភពលោកបានដែរឬទេ?»
កាលពីថ្ងៃទី៧ខែសីហា អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានប្រកាសសាលក្រមដោយផ្តន្ទាទោសនួន ជា និងខៀវ សំផនឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះអំពើប្រឆាំងមនុស្សជាតិដែលតុលាការបានរកឃើញ។
សក់ស្កូវស្ទើរទាំងស្រុង ប៉ុន្តែលោកហង្សរី ខាត់ឆុន ដែលមានអាយុ៦២ឆ្នាំទៅហើយនោះ ហាក់ដូចជាមនុស្សនៅមានសុខភាពមាំទាំនៅឡើយ។
លោកបានធ្វើដំណើរពីរដ្ឋម៉ាសាជូសេត សហរដ្ឋអាមេរិក ជាទីដែលលោកបានតាំងលំនៅនោះ ដើម្បីមកចូលរួម ជាពិសេសក្នុងការប្រកាសសាលក្រមនេះ។
ថ្វីដ្បិតតែជនរងគ្រោះភាគច្រើនបានពេញចិត្តនឹងការសម្រេចរបស់អង្គជំនុំជម្រះជាន់ទាបនេះក្តី ប៉ុន្តែលោកហង្សរី ខាត់ឆុនមិនស្ថិតនៅក្នុងចំណោមពួកគេទេ។
«ខ្ញុំបានទៅស្តាប់ផ្ទាល់នៅតុលាការ។ ខ្ញុំមិនសូវពេញចិត្តប៉ុន្មានទេ ពីព្រោះយកមនុស្សតែពីរនាក់យកមកកាត់ទោស។ អ្នកពាក់ព័ន្ធដទៃមិនបានយកមកទេ។ នេះជាបទប្រល័យពូជសាសន៍ មានរបបចាត់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ បើដាក់ទោសត្រឹមប៉ុណ្ណឹងគឺមិនស្មើនឹងទម្ងន់ទោស ដែលគាត់ធ្វើជាប្រព័ន្ធនោះទេ។ តាមគំនិតខ្ញុំគួរដាក់ទោស(ជាប់ពន្ធនាគារ)ពី១០០ទៅ១២០ឆ្នាំឲ្យបានច្បាស់លាស់អញ្ចឹងទៅ»។
ពិតហើយអ្វីដែលពលរដ្ឋខ្មែរអាមេរិកាំងរូបនេះមិនពេញចិត្តនោះគឺមិនអាចលាក់លៀមពីជម្រៅចិត្តរបស់គាត់បានទេ។ អ្វីដែលមិនអាចលាក់បាននោះគឺការឈឺចាប់របស់គាត់។
«កូនស្រីខ្ញុំម្នាក់ស្លាប់ដោយសារប្រពន្ធរបស់ខ្ញុំអត់ទឹកដោះឲ្យកូនបៅ។ កូនកើតហើយគេឲ្យយើងទៅធ្វើការដូចទាសករ។ នៅពេលនោះ ប្រពន្ធខ្ញុំទាស់។ គាត់អត់ទឹកដោះឲ្យកូនបៅ។ ដោយឡែកគ្រួសារខាងប្រពន្ធរបស់ខ្ញុំស្លាប់អស់។ ពូមីងរបស់ខ្ញុំសុទ្ធតែអ្នកមានបណ្តាសក្តិក្នុងរបបសាធារណរដ្ឋ។ ហើយនៅពេលដែលខ្ញុំរួចជីវិតហើយ ខ្ញុំត្រូវតែបំពេញកាតព្វកិច្ចក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់។ ខ្ញុំសុខចិត្តបូជាកម្លាំងកាយ កម្លាំងចិត្ត និងថវិកាចូលស្តាប់នៅតុលាការនេះ ដើម្បីឲ្យដឹងរឿងពិត ហេតុពិត តើវាយ៉ាងម៉េច? តើតុលាការនេះរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋបានដែរ ឬអត់? ខ្ញុំចង់ដឹងអញ្ចឹង»។
លោកហង្សរី ខាត់ឆុនមានកូនចំនួនបីនាក់។ ជាអកុសល្យ ដូចលោកបានបញ្ជាក់ខាងលើ កូនស្រីរបស់លោកម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។
លោកមានឪពុកជាមន្ត្រីគយក្នុងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
ហើយក្រោយមក លោកក៏បានចូលធ្វើជាទាហានក្នុងរបបនោះដែរ។ ប៉ុន្តែមានឋានៈជាពលទាហាន។
ពួកខ្មែរក្រហមបានសង្ស័យថា រូបលោកជាកងទ័ពនៃរបបលោកលន់ នល់។ ប៉ុន្តែលោកបានព្យាយាមលាក់អត្តសញ្ញាណ និងបានប្តូរឈ្មោះពិតនេះចេញ។
លោកខាត់ឆុនត្រូវពួកខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតនៅខេត្តស្វាយរៀងជាបន្តបន្ទាប់រហូតដល់ខេត្តក្រចេះ ដែលនៅទីនោះលោកបានព្យាយាមបម្រើកម្មាភិបាលមូលដ្ឋានខ្មែរក្រហមម្នាក់។ ហើយកម្មាភិបាលនៃរបបកុម្មុយនិស្តនេះបានបញ្ជាក់ប្រាប់លោកថា គេមានសិទ្ធិសម្រេចលើជីវិតរបស់លោក។
«គាត់និយាយប្រាប់ខ្ញុំត្រង់ថា ឯងខំតែធ្វើការទៅ! អញចង់ឲ្យងាប់គឺងាប់ អញចង់ឲ្យរស់គឺរស់ហើយ។ ឯងកុំខ្វល់ ប្រឹងតែធ្វើការទៅ!»។
ពិតហើយ សម្តីនេះបានធ្វើឲ្យលោកងឿងឆ្ងល់ស្រឡាំងកាំង ហើយលោកបានអះអាងថា លោកបានបន់ស្រន់វត្ថុស័ក្តិសិទ្ធិនានារួមទាំងវិញ្ញាណក្ខន្ធឪពុករបស់លោកឲ្យជួយទ្រទ្រង់ជីវិតលោក។
នៅទីបំផុត ក្រោយពីតាមដានដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមអស់រយៈពេលជាច្រើនឆ្នាំ លោកបានដាក់ពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទៅកាន់សាលាក្តីខ្មែរក្រហមនៅឆ្នាំ២០១០សម្រាប់សំណុំរឿង០០២។
ការដាក់ពាក្យបណ្តឹងនេះធ្វើឡើងដោយមានការជួយជ្រោមជ្រែងពីអង្គការមួយនៅសហរដ្ឋអាមេរិកឈ្មោះថា Asric។ លោកហង្សរី ខាត់ឆុន បានភៀសខ្លួនទៅកាន់ជំរុំក្នុងប្រទេសថៃនៅឆ្នាំ១៩៨០មុននឹងលោកបានទទួលសិទ្ធិជាជនភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកប្រាំឆ្នាំក្រោយ។
ថ្វីបើឆ្នាំនេះលោកមានវ័យច្រើនទៅហើយ ប៉ុន្តែអតីតពលទាហានរូបនេះហាក់ដូចជានៅតែមានទឹកចិត្តក្លៀវក្លា។
លោកហង្សរី ខាត់ឆុនប្រកាសថា លោកនឹងបន្តចូលរួមដំណើរស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយរបបខ្មែរក្រហមតទៅទៀតក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ ហើយលោកនឹងតាមដានការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី២ក្នុងពេលខាងមុខនេះដោយមិនរំលង៕